មហាសង្ក្រាន្ត ឆ្នាំថ្មី ព.ស ២៥៦៨

0
160

ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ ២០២៤ មហាសករាជ ១៩៤៦ ចុល្លសករាជ ១៣៨៦

សុភមស្ដុ ! វរមង្គលាជយាតិរេក

ព្រះពុទ្ធសករាជ ព្រះសាសនា អតិក្កន្ដាកន្លងទៅហើយបាន ២៥៦៧ ត្រឹមថ្ងៃពុធ ១៥កើត ខែពិសាខ លុះដល់ថ្ងៃព្រហស្បតិ៍ ១រោចខែពិសាខ ឆ្នាំរោង ឆស័ក តទៅចូល ពុទ្ធសករាជ ២៥៦៨។

នឹងគណនា ឆ្នាំរោង ឥឡូវនេះ សង្ក្រាន្ត ចូលនៅ ថ្ងៃទីសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា គ.ស ២០២៤ វេលាម៉ោង២២ និង២៤នាទី។ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯ មេសរាសី តាមផ្លូវគោវិថីផ្លូវកណ្ដាលមាន ទេវធីតា មួយព្រះអង្គជា មគ្គនាយិកាព្រះនាម « មហាធរទេវី » ជារាជបុត្រទី៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរ ពណ៌ខៀវ លម្អនៅ ព្រះកាណ៌ដោយសៀត ផ្កាត្រកៀត អភរណៈ និលរតន៍ ភក្សាហារទ្រង់ « សាច់ទ្រាយ » ព្រះហស្ដស្ដាំទ្រង់ កងចក្រ ព្រះហស្ដឆ្វេងទ្រង់ ត្រីសូល៍ ទ្រង់គង់ផ្ទំបើក ព្រះនេត្រ នៅលើខ្នង ស្ដេចមយូរា (ក្ងោក) ជាយានពាហនៈ។ ទើបនាំអស់ ទេវបុត្រទេវធីតាទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវ ធម្មមាលី នាទី ភ្នំកៃលាស ខែត្រហិមពាន្ត ជាទីតម្កល់ទុកនូវ ព្រះសិរសា កបិលមហាព្រហ្មដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជា មាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទាន រក្សាសីល ដោយសោមនស្សរីករាយគ្រប់ៗ ព្រះអង្គ ក្នុង ភគវតីសភាសាលា ដែល ព្រះវិស្សកម្មទេវបុត្រ និមិត្តថ្វាយដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្ដីជ័យមង្គលជន្មាយុយឺនយូរដល់ ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ។

ថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ មេសា គ.ស ២០២៤ ជាថ្ងៃចូល ឆ្នាំរោង ឆស័ក។
ថ្ងៃអាទិត្យ ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ មេសា គ.ស ២០២៤ ជាវារៈវ័នបត។
ថ្ងៃចន្ទ ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ មេសា គ.ស ២០២៤ ជាវារៈវ័នបត។
ថ្ងៃអង្គារ៍ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស ២០២៤ វេលាម៉ោង០២ និង១៥នាទី ០០វិនាទី ជាវារៈឡើងស័ក គម្រប់ជា សង្ក្រាន្ត បួនថ្ងៃស្រេចបរិបូណ៌ចូលជាសកល ឆ្នាំរោង ឆស័ក មហាសករាជ ១៩៤៦ ចុល្លសករាជ ១៣៨៦ តទៅ។

នៅក្នុងឱកាស សង្ក្រាន្តទាំងបួនថ្ងៃសូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំ ពលិការគ្រឿងសក្ការបូជា អុចប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្សតិរ្ថីយជាចិត្តអប្រីយ៍ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញាធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំ ឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្ដី
សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។

រណ្ដាប់ទទួលទេវតា

រណ្ដាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់ តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបប្រជុំក្រុមគ្រួសារដើម្បី ថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យសមាទាន សីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួងតម្កល់ចិត្តរំពឹងគិតទៅលើ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។

ចំពោះបាយសី៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅ ព្រះរាជពិធីទ្វាទសមាស និងមានអនុវត្តនៅ ព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមាន ទៀនប្រាំ ធូបប្រាំ ស្លាធម៌ កូនចេកមួយគូ ក៍ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ដ្រគួររៀបឱ្យបានត្រឹម៣ ឬ៥មុខ ក៍ជាការប្រសើរគឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះ ភួងពីលើគ្រប់ដង្វាយនៅលើជើងពាន និងលើបាយសីត្រូវដោតទៀន ហើយអុចបំភ្លឺ។

ទំនាយប្រចាំ ឆ្នាំរោង ឆស័ក

កេណ្ឌព្រះភិរុណសាស្ត្រៈ ឆ្នាំនេះអង្គារ ជាអធិបតីដឹកនាំផ្លូវទៅសុំទឹកភ្លៀងពី «ស្ដេចនាគ» ហើយបាននាគ៣បង្អុរទឹកភ្លៀង៣០០មេ
ដែលចែកចេញជាៈ
១. ចក្រវាឡ ១២០មេ
២. ព្រៃហេមពាន្ត ៩០មេ
៣. មហាសមុទ្រ ៦០មេ និងជម្ពូទ្វីបមនុស្សលោកយើងមាន ចំនួន៣០មេ បណ្ដាលឱ្យមានទឹកភ្លៀនៅ ដើមឆ្នាំច្រើន កណ្ដាលឆ្នាំភ្លៀងល្អ និងចុងឆ្នាំភ្លៀងតិច៕