លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ឡើងធ្វើជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ

0
133

ដោយៈ អធិបតី
ភ្នំពេញៈ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើការផ្លាស់ប្ដូររបត់ដឹកនាំថ្មីដោយ លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ត្រូវបានអង្គប្រជុំ នៃគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោតជ្រើសតាំងធ្វើជា ប្រធានសហព័ន្ធថ្មី ជំនួស ប្រធានសហព័ន្ធចាស់ គឺលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ដែលបានសុំលាឈប់ពីតំណែងដោយសាររវល់ការងារច្រើន និងជាពិសេសបញ្ហាសុខភាពវ័យចាស់ទ្រុឌទ្រោម។

តាមសេចក្ដីសម្រេចរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ លេខ១២៧/២០២៤ ស.គ.ខ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ត្រូវបានតែងតាំងជា «ប្រធានសហព័ន្ធកីឡាប្រដាល់ គុនខ្មែរ» រហូតដល់ចប់អាណត្តិទី៧ ឆ្នាំ២០២១-២០២៥។ រីឯប្រធានសហព័ន្ធចាស់ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ត្រូវបានតែងតាំងធ្វើជា «ប្រធានកិត្តិយស» សហព័ន្ធ។

លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ទើបឡើងកាន់តំណែង ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺជាអតីត អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ លោកគឺជា យុវជនបន្តវេណ ដែលមានសក្ដានុពល និងសេចក្ដីទុកចិត្តពី គណៈកម្មការប្រតិបត្តិសហព័ន្ធ។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន បានឡើងកាន់តំណែងជា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ពី ឆ្នាំ២០០៩ រហូតដល់ ឆ្នាំ២០២៤ មានរយៈពេល១៥ឆ្នាំ។ ក្រោមការដឹកនាំរបស់លោកបានជំរុញឲ្យវិស័យ កីឡាគុនខ្មែរ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ជាខ្លាំង។ សមិទ្ធផលជាច្រើន ដែលធ្វើឱ្យកូនខ្មែរចងចាំនោះគឺការដណ្ដើមបាន «មេដាយមាស» សុទ្ធចំនួន២០គ្រឿងកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទាំងគុនខ្មែរ និងឃីកប៊ុកស៊ិង។ ប៉ុន្តែគេនៅមិនទាន់រាប់បញ្ចូល មេដាយប្រាក់​ និងសំរឹទ្ធ ថែមទៀតផង។

វិស័យគុនខ្មែរ ក្រោមការដឹកនាំរបស់លោក តែម ម៉ឺន មានការរីកចម្រើនគួរចាប់អារម្មណ៍ធ្វើឱ្យ កីឡាករ កីឡាការិនី មានទីផ្សារ និងមានតម្លៃខ្លួនខ្ពស់ ជាពិសេសមាន ប្រាក់រង្វាន់ធំៗស្ទើរតែគ្រប់កម្មវិធីជារៀងរាល់សប្ដាហ៍ នៃការប្រកួតគុនខ្មែរអន្តរជាតិ។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន បានប្រាប់ បាយ៉ង់ថាមស៍ ឱ្យដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ថា លោកពិតជាបានលាឈប់ពី ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មែន។ លោកបានធ្វើការនៅទីនេះមុន ឆ្នាំ២០០៩ ជាច្រើនឆ្នាំមកហើយៗ ឆ្នាំ២០០៩ ក៍ត្រូវបាន គណៈកម្មការសហព័ន្ធ បោះឆ្នោះផ្ដល់សេចក្ដីទុកចិត្តធ្វើជា «ប្រធាន» រហូតដល់បច្ចុប្បន្ន។ នៅក្នុង៥ឆ្នាំមុននេះ មានការរីកចម្រើនច្រើនក្នុង សហព័ន្ធ លើគ្រប់ វិស័យដូចជា ធនធានមន្ត្រីបច្ចេកទេស និងកីឡាករ ហើយជាពិសេសចុងក្រោយបាន «មេដាយមាស» យ៉ាងច្រើនពីការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

លោកបានបន្តទៀតថា មេដាយមាស ស៊ីហ្គេមទាំងគុនខ្មែរ និងឃីកប៊ុកស៊ិង យើងមាន២០គ្រឿង ហើយដោយសារសុខភាពថមថយលោកក៍បានប្រគល់តួនាទីនេះទៅឱ្យ យុវជនបន្តវេណ ដែលអាចធ្វើបានដោយមានការឯកភាពផ្ទៃក្នុងផងដែរ។ លោកគិតថា កីឡាករ កីឡាការិនីគុនខ្មែរសព្វថ្ងៃមានភាពរឹងមាំរីកច ម្រើនអាចប្រកួតលក្ខណៈអន្តរជាតិបានរាល់សប្ដាហ៍។

ចំណែក លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធថ្មី លើកឡើងនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៤ ថា ចំណុចសំខាន់ដែលលោកត្រូវធ្វើមុនគេការធ្វើកំណែទម្រង់ផ្ទៃក្នុង ពីការដឹកនាំឱ្យបានល្អប្រសើរ ដើម្បីចៀសវាងការរិះគន់ពីមហាជនខាងក្រៅ។ លោកក៍មានគម្រោងពង្រឹងពង្រីកសមត្ថភាព និងរកទីផ្សារកីឡាករទៅក្រៅប្រទេស ហើយរៀបចំកីឡាករខ្មែរយើងឱ្យមានការប្រកួតកម្រិតពិភពដូចប្រទេសមួយចំនួនផងដែរ។

ប្រភពពីមន្ដ្រីសហព័ន្ធបានលើកឡើងថា ការសម្រេចផ្លាស់ប្ដូរថ្នាក់ដឹកនាំ សហព័ន្ធ គឺធ្វើឡើងក្រោយពី ឧត្តមសេនីយ៍ឯក តែម ម៉ឺន បានសុំលាឈប់ពី ប្រធាន ដោយសារគាត់មមាញឹកការងាររដ្ឋ និងបញ្ហាសុខភាព ពី ព្រោះមានវ័យចាស់។ ហេតុនេះ គណៈកម្មការប្រតិបត្តិសហព័ន្ធ ក៍សម្រេច១០០ភាគរយបោះឆ្នោតជ្រើសតាំង «ប្រធានថ្មី» ដើម្បីដឹកនាំបន្ដការងាររហូតដល់ចប់អាណត្តិ៕