រដ្ឋបាលខែត្រព្រះសីហនុខិតខំដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការតែហាក់មិនរលូនសោះ

0
103

ដោយៈ បាយ៉ង់
ខែត្រព្រះសីហនុៈ រដ្ឋបាល ខែត្រព្រះសីហនុ បានខិតខំដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការដោយបង្កើតក្រុមការងារចម្រុះចុះវាស់វែងជាក់ស្ដែងស្រង់ស្ថិតិទិន្នន័យក្បាលដីចាប់តាំងពីថ្ងៃទី១១ ខែមីនា រហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ដើម្បីស្វែងរកដំណោះស្រាយជម្លោះដីធ្លីដោយសន្តិវិធី តែហាក់បីដូចមិនទទួលបានលទ្ធផលរលូនទៅតាមការគ្រោងទុកសោះ។

បើទោះជាមានឧបស័គ្គ និងការរារំាង ព្រមទាំងចង់បង្កហិង្សាពីសំណាក់ភាគីទំនាស់ដីធ្លីម្ខាងទៀតយ៉ាងណា ក៍ដោយក៍ក្រុមការងាររបស់សាលា ខែត្រព្រះសីហនុ នៅតែបន្តដំណើរការចុះវាស់វែងស្រង់ស្ថិតិទិន្ន័យក្បាលដីជូនពលរដ្ឋក្រោមកម្តៅថ្ងៃយ៉ាងសស្រាក់សស្រាំតាមការគ្រោងទុកស្ដិតនៅ តំបន់អូរដំរី (អតីត) ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ (បច្ចប្បន្ន) ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ នេះបើយោងតាមការឲ្យដឹងពីលោក ចេន រ៉េត នាយករងរដ្ឋបាលសាលា ខែត្រព្រះសីហនុ ដែលជា ប្រធានក្រុមការងារចុះវាស់វែងដីមានទំនាស់ តំបន់អូរដំរី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

រដ្ឋបាល ខែត្រព្រះសីហនុ បានចេញ សេចក្តីជូនដំណឹង មួយចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដែលមានដីស្ថិតនៅទីតាំងចំណុច តំបន់អូរដំរី និងលិខិតបង្គាប់ការលេខ:០០៤/២៤ លបកចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ចាត់តាំងឲ្យក្រុមការងារមានមន្រ្តីរាជការចម្រុះ និងសមត្ថកិច្ចប៉ូលិស និងប៉េអឹម ចុះវាស់វែងស្រង់ទិន្នន័យដីដើម្បីដោះស្រាយបញ្ហាទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃដោយសន្តិវិធី។

អំឡុងពេល នៃការចុះវាស់វែងនោះគេកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំថា ការវាស់វែងនេះគឺដើម្បីចេញប័ណ្ណសម្គាល់កម្មសិទ្ធិជាប្រព័ន្ធ (ប្លង់រឹង) ទើបធ្វើឲ្យប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅតំបន់ខាងលើធ្វើការងាររារាំង និងរំខានដល់ក្រុមការងារនាំឲ្យប៉ះពាល់ដល់ដំណើរការវាស់វែងមានការយឺតយ៉ាវ និងអូសបន្លាយពេលវេលាមិនសម្រេចបានសាច់ការទៅតាមការគ្រោងទុកនោះឡើយគឺវាស់វែងបានតែភាគីទំនាស់ខាងលោកស្រី ហ៊ឹម សុវណ្ណរី ភាគច្រើន រីឯភាគីម្ខាងទៀតខាងលោក ម៉ន ស៊ីណា បានវាស់វែងប្រហែល១០ភាគរយតែប៉ុណ្ណោះ។

លោក អ៊ី សុខឡេង អភិបាលរង ខែត្រព្រះសីហនុ ទទួលបន្ទុកដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃខាងលើមានប្រ សាសន៍ប្រាប់ប្រព័ន្ធផ្សព្វផ្សាយយើងតាមទូរស័ព្ទកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ថា ក្រុមការងារខិតខំបំពេញការងារក្រោមកម្ដៅថ្ងៃដើម្បីដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋតែបើភាគីទាំងសងខាងមិនព្រមសម្របសម្រួលឱ្យក្រុមការងារវាស់វែងបាននោះទេរដ្ឋបាល ខែត្រព្រះសីហនុ ពុំអាចដោះស្រាយបញ្ហាខាងលើបានឡើយគឺមានន័យថា មិនអាចយកភាគីតែម្ខាងទៅដោះស្រាយបានទេ។ ដូច្នេះកិច្ចការដោះស្រាយទំនាស់ដីធ្លីនៅតំបន់អូរដំរីនេះនឹងត្រូវបង្វែទៅ ប្រព័ន្ធតុលាការ វិញ។

តើទំនាស់ដីធ្លីខាងលើដ៏រ៉ាំរ៉ៃជិត២០ឆ្នាំហើយនោះវាកើតឡើងមកពីមូលហេតុអ្វី ? វាបានកើតឡើងដោយ សារឯកសារ លិខិតស្នាមផ្សេងៗ ឬដោយសារដែនរដ្ឋបាល ? អង្គភាពសារព័ត៌មានយើង នឹងលម្អិតអំពី ដែនរដ្ឋបាលគ្រប់គ្រងតំបន់ទំនាស់ខាងលើដោយយោងទៅតាមប្រកាសរបស់ ក្រសួងមហាផ្ទៃ លេខ ៤៩៣ ប្រ.ក ស្ដីពីការកំណត់ចំនួនឈ្មោះ និងព្រំប្រទល់ ឃុំ សង្កាត់ ទូទាំង ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០១ ដែលចុះហត្ថលេខាដោយសហរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ គឺសម្ដេចក្រឡាហោម ស ខេង និង ឯកឧត្តម យូ ហុកគ្រី ជាគោលនៅលេខក្រោយទៀតដែលក្រុមការងារ នៃស្ថាប័នសារព័ត៌មានយើងបានតាមអង្កេត និងស្រាវជ្រាវឯកសារជាតឹកតាងព្រមជាមួយទឡ្ហីករណ៍ជាច្រើនផ្សេងទៀតអស់រយៈពេលជាង ១០ឆ្នាំកន្លងទៅ៕​