ក្រុមហ៊ុនចិនធ្វើរបងរំលោភដីចំណីអូរនិងចាក់ដីគ្មានច្បាប់អនុញ្ញាតនៅស្រុកភ្នំស្រួចត្រូវបានផ្អាកជាបណ្ដោះអាសន្ន

0
95

ដោយៈ ច្បារមន
កំពង់ស្ពឺៈ ក្រុមហ៊ុនចិន ទំនងជាបើក រោងចក្រដំឡើងគ្រឿងបន្លាស់អគ្គិសនី លើផ្ទៃដីទំហំជាង១១ហិកតា បានធ្វើរបងកម្ពស់ប្រមាណ៥ម៉ែត្រគ្មានច្បាប់អនុញ្ញាតបានរំលោភចូលដីចំណីអូរកំបុតរាប់រយម៉ែត្រនោះឥឡូវមន្ទីរសុរិយោដីខែត្រចេញកំណត់ហេតុឱ្យផ្អាកបណ្ដោះអាសន្ន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលស្ថិតនៅ ភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខែត្រកំពង់ស្ពឺ។

ក្រុមហ៊ុនចិន បានធ្វើរបងនេះ គឺពុំបានសុំច្បាប់ពីអាជ្ញាធរដែនដីឡើយ។ ការធ្វើរបងសម្រេប្រហែល៩០ភាគ រយ រីឯការចាក់ដីវិញក៍គ្មានច្បាប់អនុញ្ញាតដូចគ្នានោះដែរ។ ក្រុមហ៊ុននេះធ្វើរបងកម្ពស់ជាង៥ម៉ែត្រព័ទ្ធជុំវិញដីដែលគ្រោងនឹងសាងសង់រោងចក្រផលិតគ្រឿងបន្លាស់អគ្គិសនី ដែលមានផ្ទៃទំហំជាង១១ហិកតា។ ពួក គេបានធ្វើរបងរំលោភចូលដីចំណី អូរកំបុត ដែលមានប្រវែងជាង៧០០ម៉ែត្រ។

តាមរបាយការណ៍ មន្ត្រីមូលដ្ឋាន ស្រុកភ្នំស្រួច កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ចុះទៅត្រួតពិនិត្យដល់ទីតាំង ក្រុមហ៊ុនចិនដោយផ្ទាល់អះអាងថា ក្រុមហ៊ុនចិន មិនបានធ្វើរបងរំលោភលើដីអូរទេ។ ដោយបានធ្វើទៅតាមនិយាមកាព្រំដីរបស់គាត់ដោយត្រឹមត្រូវ។ ការធ្វើរបងនេះមិនដូចសារព័ត៌មានចុះផ្សាយនោះទេ…។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខែត្រកំពង់ស្ពឺ មិនឯកភាពតាមមន្ត្រីអាជ្ញាធរស្រុកនោះដែរ។ ព្រោះក្រុមហ៊ុនចិនធ្វើរបងរំលោភលើដីចំណីអូរពិប្រាកដមែន។ របងនេះមានប្រវែងរាប់រយម៉ែត្រស្របតាមមាត់អូរ។ ក្រុមហ៊ុនចិន សាងសង់របងដែលមានកម្ពស់ជាង៥ម៉ែត្រពីដី ហើយបានកាប់បំផ្លាញដើមឈើនៅជាប់មាត់ អូរ ព្រមទាំងទម្លាក់ឈើចូលទៅក្នុងអូរថែមទៀតផង។

ការធ្វើរបងខ្ពស់ម្លឹងៗលោកគិតថា បើសិនជាខាងជំនាញរបស់លោកទៅកាយដីស្តាអូរនោះត្រឹមជម្រៅតែ ២ម៉ែត្រវាប្រាកដណាស់របងនេះនឹងដួលរលំចូលអូរ ឬសង្កត់ពលរដ្ឋស្លាប់ជាមិនខានឡើយ។ លោកមិនឯកភាពតាមអាជ្ញាធរមូលដ្ឋាននោះឡើយ។

រឿងដ៏ក្ដៅនេះលោក ជុំ ស៊ីនណារ៉ា អនុប្រធានមន្ទីរសុរិយោដី ខែត្រកំពង់ស្ពឺ បានដឹកនាំក្រុមមន្ត្រីពាក់ព័ន្ធចុះទៅត្រួតពិនិត្យផ្ទាល់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ លោក ជុំ ស៊ីនណារ៉ា បានសុំឱ្យ «ម្ចាស់ដីផ្អាកការសាងសង់របងជាបណ្ដោះអាសន្ន» ។ ព្រោះការធ្វើរបង និងចាក់ដីពុំទាន់មានច្បាប់អនុញ្ញាតឡើយ។

ចំណែកពលរដ្ឋរស់នៅភូមិឃុំខាងលើលើកជាសំណួរថា មូលហេតុអ្វីមន្ត្រីអាជ្ញាធរទាំងប្រាំ៨នាក់នោះថា ក្រុមហ៊ុនចិន ធ្វើរបងមិនរំលោភចូលដីចំណីអូរទៅវិញ ? ពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាពួកគេបានទទួលផលប្រយោជន៍ពី ក្រុមហ៊ុនចិន នោះហើយមើលទៅ ? បានជាមិនខ្វល់ពីសុខសុវត្ថិភាពពលរដ្ឋខ្លួនឯងអីចឹង ?

គួរបញ្ជាក់ថា សកម្មភាពធ្វើរបង និងរថយន្តដឹកអាចម៍ដីចាក់បំពេញវាលស្រែយ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃរាប់ខែ តើហេតុអ្វីបានជា អាជ្ញាធរស្រុកភ្នំស្រួច មិនដឹងថា ក្រុមហ៊ុនចិន ធ្វើរបង និងចាក់ដីអត់ច្បាប់អនុញ្ញាត ? ករណីនេះមានតែលោក វ៉ី សំណាង អភិបាល ខែត្រកំពង់ស្ពឺគួរតែកោះហៅ អភិបាល ស្រុកភ្នំស្រួច មកដុសក្អែលចេញ៕