អភិបាលក្រុងព្រះសីហនុផ្ដើមគំនិតអភិរក្សក្បាច់គុនដំបងខ្មែរដែលកំពុងមាននៅនឹងលោកតាអាយុ៩១ឆ្នាំម្នាក់

0
639

ដោយៈ តិល សាមុត

ខែត្រតាកែវៈ អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង ដែលតែងតែមានគំនិតអភិរក្សវប្បធម៌ អរិយធម៌ កេរដំណែលដូនតាខ្មែរយើង ពេលនេះបានស្នើសុំ និងជ្រោមជ្រែងឱ្យមានការអភិរក្សក្បាច់គុនដំបងខ្មែរស ម្រាប់កូនខ្មែរជំនាន់ក្រោយៗទៅ ដែលបន្សល់ទុកដោយលោកតា យី សរ អាយុ៩១ឆ្នាំរស់នៅ ភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខែត្រតាកែវ បន្ទាប់ពីលោកបានឃើញការបង្ហោះវីដេអូក្លីបមួយអំពីលោកតា យី សរ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

លោកតា យី សរ បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។ លោក អ៊ី សុខឡេង អភិបាល ក្រុងព្រះសីហុន

 

ពោធិរោង ជាភូមិមួយនៅជាប់ជើង ភ្នំបាយ៉ង់ ចន្លោះបឹងធំមួយក្រោមភូមិ​នៃ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខែត្រតាកែវ។ ភូមិនេះកាលពីសម័យដើមសំបូរចាស់ៗចេះ ក្បាច់គុនបុរាណខ្មែរ ច្រើនណាស់ មានក្បាច់គុន ល្បុកតោ បោកចំបាប់ និង គុនដំបង ជាដើម។ ប៉ុន្តែគួរឱ្យសោកស្ដាយខ្លាំង ព្រោះចាស់ៗដែលមានក្បាច់ គុនទាំងនោះបាននាំយកទៅតាមពួកគាត់អស់ហើយនៅពេលពួកគាត់បានចែកឋានទៅ។ មានដូចជា លោក  តា ណុប លោកតា បែន លោកតា តិល និងបងប្អូនបង្កើតលោកតាបីនាក់ទៀត លោកតា ចាប លោកតា អ៊ុត លោកតា ឈិន លោកតា ភោគ និង លោកយាយ អៀក ជាដើម និង នៅមានចាស់ៗជំនាន់ដើមនោះជា ច្រើនទៀតដែលពុំបានរៀបរាប់ ។ សព្វថ្ងៃនេះនៅមានតែលោកតា យី សរ ម្នាក់ប៉ុណ្ណោះក្នុងចំណោមតាៗ និងយាយៗដែលចេះក្បាច់គុនខ្មែរទាំងនោះ ។

ដោយមើលឃើញភាពដ៏កម្រនៃតម្លៃគុនខ្មែរយ៉ាងដូច្នេះលោក អ៊ី សុខឡេង អភិបាល ក្រុងព្រះសីហនុ ស្នើសុំ អង្គភាពសារពត៌មាន បាយ៉ង់ថែមស៍ www.bayongtimes.com ចងក្រងជា វីដេអូ នូវក្បាច់គុនដំបងខ្មែរនេះ ឡើង ដែលលោកតា យី សរ ជាឯកសាររស់ដ៏សំខាន់កម្រមាន។

លោក អ៊ី សុខឡេង មានប្រសាសន៍បន្ថែមថា បើយើងមិនចេះថែរក្សាទុក វានឹងបាត់ទៅៗ ដូចជាសម្លកកូរ បើយើងមិនអភិរក្សវាទេ គឺវានឹងអាចក្លាយជាសម្ល «ចាប់ឆាយ»។ នេះមិនមែនលោកជាអ្នកអភិរក្សនិយម ជ្រុលនោះទេ តែជាអ្នកអភិរក្សផង អភិវឌ្ឍផង លាយលំគ្នា ។

លោកយល់ឃើញថា អ្វីដែលត្រូវអភិរក្ស យើងត្រូវតែអភិរក្ស ដើម្បីរក្សាទុកតកូនតចៅ ព្រោះមើលទៅម្នាក់ៗ មានកាមេរ៉ា មានទូរស័ព្ទដៃស្ទើរតែគ្រប់គ្នា។ ប៉ុន្តែពុំសូវមាននរណាថតរក្សាកេរដំណែលដូនតាដែលកម្រៗ ទុកជាឯកសារនោះឡើយ។ លោកបានលើកសុភាសិតខ្មែរមួយពោលថា « វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កុំថ្កើង»។

ទាក់ទងនឹង ការអភិរក្សវប្បធម៌ អរិយធម៌ខ្មែរ ជាកេរដំណែលដូនតាខ្មែរយើង ផ្នែកគុនដំបងខ្មែរ នេះ ក៏មានសប្បុរសជនផ្សេងៗទៀតបានចូលរួមជាថវិកាផ្ទាល់ខ្លួនចេញពីបេះដូងដើម្បីដំណើរការ អភិរក្ស កេរដំណែលនេះ ច្រើនថែមទៀត។ ក្នុងនោះមានដូចជាលោកស្រី ឆាយ លីណា រស់នៅ រាជធានីភ្នំពេញ  និងលោក កុសល មន្រ្តីកងរាជអាវុធហត្ថខែត្រព្រះសីហនុ ។

លោក អ៊ី សុខឡេង បានជួយឧបត្ថម្ភដល់ អ្នកសិល្បៈបុរាណខ្មែរ ជាហូរហែរយ៉ាងច្រើនក្នុងន័យ អភិរក្ស មានដូចជា ផ្នែកចាប៉ីដងវែង របស់លោកតា ប្រាជ្ញ ឈួន និងលោកតា លឹម ណៃ ផ្នែកចំរៀងអាយ៉ៃ លោកតា ស្មៀន ឈៀង និងលោកយាយ អ៊ុក សុផា ល្ខោនបាសាក់ និងជាពិសេសថ្ងៃនេះលោកបានឧបត្ថម្ភ ថវិកា១លាន រៀលដល់លោកតា យី សរ និងសោហ៊ុយជាច្រើនទៀតដើម្បីដំណើរការអភិរក្ស ក្បាច់គុនដំបងខ្មែរ ដ៏កម្រមាន នេះនៅ ខែត្រតាកែវ ស្រុកគិរីវង់។

គួរបញ្ជាក់ថា ពីសម័យដើមខ្មែរមាន គុនដាវ និងគុនលំពែង ដើម្បីធ្វើជាក្បាច់ការពារទឹកដីច្បាំងជាខ្មាំងឈ្លាន   ពានទឹកដី។ ប៉ុន្តែក្បាច់គុនទាំងពីរខាងលើនេះដូនតាខ្មែរយើងបានបំបែកគឺមិនមានដាវនិងលំពែងពួកគាត់អាច  ប្រើដំបងឬដៃបានដ៏មានប្រសិទ្ធតាមរយៈហ្វឹកហាត់រៀងរាល់ថ្ងៃដើម្បីទុកសម្រាប់តតាំងនឹងខ្មាំងសត្រូវមកយារយីកម្ពុជា៕

IMG_0817

 

លោកតា យី សរ មានជន្មាយុ៩១ឆ្នាំជាគ្រូគុនដំបងទ្វារ៨ដ៏ខ្លាំងពូកែរស់នៅ ភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខែត្រតាកែវ។