រឿងទុរេនវៀតណាមនេះធ្វើឱ្យ មន្ត្រីគយ និងប៉ូលិសអន្តោប្រវេសន៍ នៅព្រំដែនព្រៃវល្លិ មានអរិភាពនឹងគ្នា។ ពី ព្រោះប៉ូលិសស្នើសុំឲ្យ មន្ត្រីគយ ផ្អាកការនាំទុរេនពី វៀតណាម ចូលមក កម្ពុជា រយៈពេល១០ថ្ងៃដើម្បីសុំគោលការណ៍ពី ក្រសួងកសិកម្ម ឬ ក.ប.ប.ខែត្រស្វាយរៀង ចុះពិនិត្យគុណភាព និងភូតគាមអនាម័យ កាលព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ ភូមិព្រៃវល្លិ ឃុំថ្មី ស្រុកកំពង់រោទ៌ ខែត្រស្វាយរៀង។
ការបើកផ្លូវឲ្យវៀតណាមនាំទុរេនចូលមកខ្មែរ គឺចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង២រសៀល។ ដោយសារកក្ដាចំណីអាហារមានផ្ទុកសារធាតុគីមី នាពេលថ្មីៗកន្លងទៅ ក្រសួងសុខាភិបាល បានប្រកាសថា « រាល់៤៥នាទីម្ដងមានប្រជាជនខ្មែរម្នាក់ស្លាប់ដោយសារជំងឺមហារីក »។ ជំងឺនេះវាបង្កឡើងពីសារធាតុគីមីនៅក្នុងចំណីអាហារដែលមនុស្សបរិភោគរាល់ថ្ងៃ។
ទីស្ដីការគណៈរដ្ឋមន្ត្រី ចេញលិខិតលេខ២៦១ សជណ.ពទ ជម្រាបទៅ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម អំពីករណីរបាយការណ៍ស្ដីពីការហាមឃាត់ ការនាំចូលផ្លែទុរេនស្រស់ពី វៀតណាម និងថៃ របស់អាជ្ញាធរគយ នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោយរកពីឃើញមានផ្ទុកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium។
លិខិត សជណ បានសង្កត់ធ្ងន់ថា « រាជរដ្ឋាភិបាល បានឃើញ និងសម្រេចឱ្យ ក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ទាំងការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាព មន្ទីរពិសោធន៍ លើការវិភាគរកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium ដោយចាត់ទុកជាការប្រញាប់ក្នុងរយៈពេលដ៏ខ្លីខាងមុខដើម្បីជួយគាំទ្រដល់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការវិភាគនៅតាមមាត់ច្រក នៅពេលដែលមានការនាំចូលផ្លែទុរេនស្រស់ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ និងធានាមិនឱ្យមានការប្រើប្រាស់សារធាតុទាំងពីរនេះលើផលិតផលក្នុងស្រុកដើម្បីការពារអ្នកប្រើប្រាស់ »។
ទាក់ទិនរឿងគ្រោះដល់សុខភាពមនុស្សនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញលិខិតមួយ លេខ ២១០៧/ ២៥ អ.គ.រ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដោយបានណែនាំមន្ត្រីគយទាំងអស់ធ្វើការពង្រឹងប្រសិទ្ធ ភាពគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ ចូលមកកម្ពុជា។
លិខិតទប់ស្កាត់ការនាំចូលផ្លែទុរេនស្រស់ប្រើប្រាស់សារធាតុគីមី ដែលចុះហត្ថលេខាដោយលោក ផា អេងវ៉េង អគ្គនាយករងគយ និងរដ្ឋាករកម្ពុជា មាន៤ចំណុចសំខាន់ដូចជា ទី១.ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបញ្ញត្តិអនុ ក្រឹត្យ លេខ៣៧០ អនក្រ.បកជាធរមានដូចយោងខាងលើ ដោយការនាំចូលផ្លែទុរេនត្រូវភ្ជាប់ជាមួយប្រតិវេទន៍គយ នូវវិញ្ញាបនបត្រភូតគាមអនាម័យ។ ទី២.ត្រូវចាត់ចែងការដកសំណាកគំរូតាមគោលការណ៍ហានិភ័យ ឬតាមរូបភាពចោះៗដើម្បីស្នើសុំកិច្ចសហការពីមន្ត្រីនៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប ) ធ្វើការវិភាគ។ ក្នុងករណីនេះទំនិញនាំចូលអាចត្រូវបានអនុញ្ញាតដឹកជញ្ជូនទៅរម្យដ្ឋានក្នុងប្រទេស បន្ទាប់ពីបានបំពេញបែបបទបញ្ចេញទំនិញពីគយរួច ដោយអ្នកនាំចូលត្រូវបញ្ជាក់ជូន មន្ត្រីគយ មានសមត្ថកិច្ច ឱ្យបានច្បាស់លាស់នូវទីតាំងរម្យដ្ឋាន នៃការដឹកជញ្ជូន ចែកចាយក្នុងប្រទេស។ ទី៣. ក្នុងករណីលទ្ធផលនៃការវិភាគបង្ហាញថា « ផលិតផលមានសារធាតុប៉ះពាល់ដល់សុខភាព » ឬ « ខូចគុណភាព » ត្រូវចាត់ចែងប្រមូល ឬឃាត់ទុកទំនិញទាំងនោះ និងធ្វើរបាយការណ៍ស្នើសុំការចាត់វិធានការបន្តពី អ.គ.រ និង ទី៤.ត្រូវចាត់វិធានការតាមដានទប់ស្កាត់ ការលួចប៉ុនប៉ងនាំចូលដោយខុសច្បាប់ផ្លែទុរេនស្រស់ តាមច្រករបៀងក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់។
ការទើបក្រោកពីដេករបស់ មេគយរង រឿងនាំផ្លែទុរេនពីវៀតណាមចូលមកកម្ពុជា ធ្វើឱ្យមហាជនលើកឡើងថា ទម្រាំតែបិទមិនឱ្យឈ្មួញនាំចូលទុរេនពីវៀតណាមនោះ គឺពួកគេបានចែកចាយតាមរយៈ ឡានភីកអាប់ និងឡានតូរីស ដឹកទៅដាក់លក់ក្នុង ខែត្រស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងភ្នំពេញ រួចទៅហើយ…។
លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ព្រំដែនព្រៃវល្លិ បាននិយាយថា លោកបានស្នើសុំទៅខាង មន្ត្រីគយនិងរដ្ឋាករ ប្រចាំនៅ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ សុំឲ្យផ្អាកការអនុញ្ញាតមិនឲ្យឈ្មួញនាំផលិតផលទុរេនពីប្រទេសជិតខាងឆ្លងដែនចូលកម្ពុជា តាមច្រកនេះបន្តទៀត។ លោកបានសុំឲ្យផ្អាកនេះមានរយៈពេល១០ថ្ងៃមកហើយដោយ ក្រសួងកសិកម្ម ចេញសេចក្តីប្រកាស មិនអនុញ្ញាតឲ្យនាំទុរេនពីប្រទេសជិតខាងចូលមក កម្ពុជា និងដើម្បីទុកពេលឲ្យមន្ត្រីជំនាញក្រសួងកសិកម្ម និងក.ប.ប នៃក្រសួងពាណិជ្ជកម្ម ចុះពិនិត្យគុណភាព និងភូតគាមអនាម័យ និងសារធាតុគីមី ដែលនាំឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។
ប្រភពបន្តទៀតថា ក៏ប៉ុន្តែខាង មន្ត្រីគយ នៅច្រកទ្វារព្រំដែនព្រៃវល្លិ ជាអ្នកអនុញ្ញាតឲ្យវៀតណាមនាំទុរេនចូល ដោយមន្ត្រីគយនិយាយថា ការបិទមិនឲ្យវៀតណាមនាំទុរេនចូលធ្វើឲ្យបាត់ចំណូលពន្ធ។ ម្យ៉ាងទៀតខ្លាចវៀតណាម បិទមិនឲ្យខ្មែរនាំផ្លែស្វាយ ស្រូវ ដំឡូង ទៅលក់ឱ្យ វៀតណាម វិញ។
ចំណែកមន្ត្រី នៃមន្ទីរកសិកម្ម ខែត្រស្វាយរៀង បានឱ្យដឹងថា មន្ទីរកសិកម្ម គ្មានសិទ្ធិក្នុងការដាក់មន្ត្រីចុះទៅធ្វើការនៅតាម ច្រកទ្វារព្រំដែនដើម្បី ពិនិត្យគុណភាព ឬភូតគាមអនាម័យ នៅតាមព្រំដែនទេគឺមានតែ ផ្នែកចត្តាឡីស័ក បាញ់ថ្នាំអនាម័យកង់រថយន្ត។
មន្ត្រី ក.ប.ប ខែត្រស្វាយរៀង លើកឡើងថា ក.ប.ប ពុំមានភារកិច្ចការចុះទៅពិនិត្យគុណភាពទំនិញតាមច្រកទ្វារព្រំដែនទេដោយ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចប់ភារកិច្ច ក.ប.ប ដោយមានភារកិច្ចចុះពិនិត្យគុណភាពទំនិញដាក់លក់នៅក្នុងផ្សារតែប៉ុណ្ណោះ។
មន្ត្រីគយតំបន់២ ម្នាក់បានលើកឡើងថា ពួកគាត់មានការរវល់ ឬមមាញឹកខ្លាំងណាស់ រឿងទប់ស្កាត់ការនាំផ្លែទុរេនខុសច្បាប់ពី វៀតណាម ចូលមកកម្ពុជា។ ដូច្នេះបើសិនជាកន្លែងណាបើកឱ្យមានការនាំចូលទុរេនត្រូវទទួលខុសត្រូវខ្លួនឯង។
ម្ចាស់ករណីលោក រស់ សុហេង ប្រធានការិយាល័យគយ និងរដ្ឋាករកម្ពុជា ច្រកទ្វារព្រំដែនព្រៃវល្លិ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ អង្គភាពយើងមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ លោក សុហេង ជាមន្ត្រីគយ វ័យក្មេងទើបផ្ទេរភារកិច្ចពី ច្រកចាំយាម ខែត្រកោះកុង មកកាន់មេគយ ច្រកព្រំដែនព្រៃវល្លិ ខែត្រស្វាយរៀង។
គួរបញ្ជាក់ថា ក្រសួងកសិកម្ម ក៏ធ្លាប់បានចេញ សេចក្តីប្រកាស មិនឲ្យនាំទុរេនបរទេស មកកម្ពុជា ជាពិសេសច្រកព្រំដែននៅកម្ពុជា។ ក៏ប៉ុន្តែមន្ត្រីគយព្រៃវល្លិ បានផ្គើននឹង សជណ នៃរាជរដ្ឋាភិបាល ដោយបើកដៃឲ្យ វៀត ណាម នាំទុរេនខុសច្បាប់ចូលមកខ្មែរជ្រកក្រោមស្លាកលេសថា « ខ្លាចបាត់ចំណូលពន្ធ »។ ដូច្នេះសូមលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមមេត្តាពិនិត្យសកម្មភាពរបស់លោក រស់ សុហេង ផងទាន៕