ស្លាប់មនុស្ស៥នាក់នៅស្រុកលំផាត់មកពីការបើកបររថយន្តជែងគ្នាខណៈហុយធូលីខ្លាំងមើលអ្វីពុំឃើញ

0
101

រតនគិរី: រថយន្តកាម៉ារីបាឡែនពណ៌សបានបើកជែងរថយន្តមួយទៀតដែលពាំងនៅពីខាងមុខខណៈកំពុងតែ ហុយធូលីខ្លាំងក៏បណ្ដាលបុកគ្នាពេញទំហឹងជាមួយរថយន្តដឹកដីធុនធំធ្វើឲ្យមនុស្សចំនួន៥នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង។ ករណីនេះកើតឡើងកាលពីសៀលថ្ងៃ១៨ ខែកុម្ភ: ឆ្នាំ២០២៥ ស្ថិតក្នុងដីចម្ការចេកវៀតណាមតាមបណ្ដោយផ្លូវលំ ស្រុកលំផាត់ ខែត្ររតនគិរី។

ជនរងគ្រោះដែលបានស្លាប់ទាំង៥នាក់នោះមាន ទី១.ឈ្មោះ ប្រាក់ សក្ខី ភេទប្រុសអាយុ២២ឆ្នាំ ជាអ្នកបើកបររថយន្ត។ ទី២.ឈ្មោះ ម៉ុន ម៉េងលាង ភេទប្រុសអាយុ២៤ឆ្នាំ។ ទី៣.ឈ្មោះ អេង ពិសី ភេទប្រុសអាយុ២២ឆ្នាំ។ ទី៤. ឈ្មោះ អ៊ុក ផានី្ន ភេទប្រុសអាយុ៤៣ឆ្នាំ។ ពួកគេទាំង៤នាក់ជាមន្ត្រីប៉េអឹមតែមួយ។ រីឯទី៥.ឈ្មោះ TRUONG VAN THANH ភេទប្រុសអាយុ៤៩ឆ្នាំជាវៀតណាមបុគ្គលិក ក្រុមហ៊ុនចម្ការចេក។ ពួកគេស្នាក់នៅ ភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ជាមួយគ្នា។

រថយន្តកាម៉ារីបាឡែនពណ៌សពាក់ស្លាកលេខ ភ្នំពេញ ២N.០៣៤០ បានបើកទៅដល់កន្លែងកើតហេតុ ក៏បានបន្ថែមល្បឿនដើម្បីជែងរថយន្ត១គ្រឿងទៀតដែលបើកនៅពាំងពីខាងមុខខណៈធូលីដីកំពុងតែហុយសំពោងឡើងក៏មានរថយន្តដឹកដីពណ៌សពាក់ស្លាកលេខ ភ្នំពេញ ៣D-៤៦៥០ បើកមកដល់ដែរបណ្ដាលឱ្យរថយន្តខាងភាគីមន្ត្រីប៉េអឹមចូលចំពីមុខរថយន្តដឹកដីពេញទំហឹងតែម្ដង។ អ្នកបើកបររថយន្តដឹកដីធុនធំគ្រាន់តែដឹងថា មានមនុស្សស្លាប់ក៏បានចុះរត់គេចខ្លួនបាត់៕