បើកបរទាំងស្រវឹងបុកយុវតីម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់នៅព្រះសីហនុនឹងមិនអាចជាប់ទោសឡើយព្រោះគេអាងមានលុយនិងបក្ខពួកមានអំណាច(មានវីដេអូ)

0
843

ដោយៈ បាយ៉ង់ថែមស៍
ព្រះសីហនុៈ សំណុំរឿងដែលអ្នកមានទ្រព្យសម្បត្ដិម្នាក់ឈ្មោះ គុយ សំហួរ បើកបររថយន្តទំនើបម៉ាកឡង់គ្រីស័រ ទាំងស្រវឹងជោគជាំទៅបុកយុវតីពីរនាក់ទាំងកម្រោលគឺម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់ កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នៅឃុំរាម ស្រុកព្រៃនប់ ខែត្រព្រះសីហនុនោះអាចនឹងត្រូវបានគេប្ដូរបទចោទដើម្បីបញ្ចប់ រឿងឱ្យគេចផុតពីការផ្ដន្ទាទោសជាប់គុកច្រវាក់ពីផ្លូវតុលាការ។

វីដេអូក្មេងស្រីរងគ្រោះទាំងពីរនាក់ស្លាប់និងរបួស

បើយោងតាមរបាយការណ៍របស់ ការិយាល័យប៉ូលិសចរាចរណ៍ផ្លូវគោក ដែលគេបញ្ជូនទៅ អយ្យការអម សាលាដំបូង ខែត្រព្រះសីហនុ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ហើយស្ថាប័នព័ត៌មាន បាយ៉ង់ថែមស៍ www.bayongtimes.com ទទួលបានកាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ គឺអ្នកមានលុយកាក់ និងអំណាចបក្ខពួកធំ នឹងរស់ក្រៅសំណាញ់ច្បាប់រហូត។ ព្រោះពួកគេអាងមានលុយនិងបក្ខពួកពុករលួយ។ នៅក្នុងរបាយការណ៍ប៉ូលិសនោះគេពុំបានសរសេរថា ជនបង្កបើកបររថយន្តក្នុងស្ថានភាពស្រវឹងទេនិងឪពុក ម្ដាយបង្កើតរបស់យុវតីរងគ្រោះទាំងពីរនាក់ក៍បានយល់ព្រមដកពាក្យបណ្ដឹងវិញហើយដែរកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។

យុវតីទាំងពីរនាក់ដែលរងគ្រោះនោះម្នាក់ស្លាប់ឈ្មោះ ស៊ាន សុគន្ធា អាយុ១៩ឆ្នាំជាសិស្សសាលារស់នៅ ភូមិអុង ឃុំរាម ស្រុកព្រៃនប់ និងយុវតីរងរបួសធ្ងន់ឈ្មោះ សេង ផាន់ណា អាយុ១៩ឆ្នាំជាសិស្សរស់នៅ  ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខែត្រព្រះសីហនុ។

វីដេអូជនបង្កឈរយំយួនក្បែរឡានបង្ក

លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ អយ្យការអមសាលាដំបូង ខែត្រព្រះសីហនុ ពុំអាចសុំការបញ្ជាក់បានទេ   ថា តើសំណុំរឿងខាងលើ នឹងត្រូវចាត់ការយ៉ាងណា ? ហើយជាប់បណ្ដឹង អាជ្ញាដែរឬទេនោះឡើយ? តាម ប្រព័ន្ធតេឡេក្រាម កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះបានបញ្ជាក់ខ្លីប្រាប់​បាយ៉ង់ថែមស៍ថា លោកកំពុងធ្វើការ ស្រាវជ្រាវហើយ នឹងផ្ដល់ព័ត៌មានជូន បាយ៉ង់ថែមស៍ នៅពេលក្រោយ។ និងបន្ទាប់មកលោកបាន បញ្ជាក់យ៉ាងដូច្នេះថា «សំណុំរឿងនេះស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុបានចេញដីកាបញ្ជាអោយចូលខ្លួនលេីឈ្មោះ គុយ សំហួរ »។

 

លោកស្រី ជាប សុធារី អ្នកសម្របសម្រួល សមាគម អាដហុក ប្រចាំខែត្រព្រះសីហនុ មានប្រសាសន៍តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី១៦ មករា ២០២០ថា កន្លងមកសំណុំរឿងគ្រោះថ្នាក់ចរាចរ ជនបង្កដែលជាអ្នកក្រពុំមានលទ្ធភាពបង់សំណងរដ្ឋបវេណី តែងជាប់បណ្ដឹងអាជ្ញា ជាប់ទោស និង ជនរងគ្រោះនៅតែតាមទាមទារសំណងរដ្ឋបវេណី ប៉ុន្តែបើជនបង្កដែលជាអ្នកមានទ្រព្យ គេកម្រឃើញមានចំណាត់ការបន្តនីតិវិធីពីសំណាក់ព្រះរាជអាជ្ញាណាស់ ពីព្រោះជនរងគ្រោះជាទូទៅ ប្ដឹងទាមទារតែសំណងរដ្ឋបវេណីទេ បន្ទាប់ពីទទួលបានសំណងរួចហើយ ពួកគាត់ពុំនៅតាមប្ដឹងផ្ដល់អ្វីទៀតទេ ហើយបណ្ដឹងអាជ្ញាស្ថិតនៅលើសិទ្ធិព្រះរាជអាជ្ញាជាអ្នកសម្រេចថាប្ដឹងឬអត់នោះ ។

ជនបង្គឈ្មោះ គុយ សំហួរ ជាអតីតបុគ្គលិកបម្រើការងារនៅធនាគារ (RHB) ប្រចាំសាខា ខេត្តព្រះសីហនុ និងសព្វថ្ងៃជាអាជីវករម្នាក់ដែលទ្រព្យសម្បត្តិស្ដុកស្ដម្ភបានបើកឡានសេរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌សចេញពីពិធីជប់លៀងមួយ ដែលរថយន្តនោះពាក់ស្លាកលេខ ព្រះសីហនុ ២C-៨៧៧៨ រស់នៅ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ ក្រោយកើតហេតុគ្រោះថ្នាក់ចរាចរភ្លាមៗខាងលើនេះត្រូវបានមិត្តភក្តិនិងគូកន មកជម្លៀសចេញពីកន្លែង កើតហេតុភ្លាមៗតែម្ដងដើម្បីរត់គេចខ្លួន ហើយក៍មិនត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល ខែត្តព្រះ
សីហនុ ឃាត់ខ្លួននោះទេ។

ប៉ុន្តែករណីនេះប៉ុន្មានថ្ងៃក្រោយមកប្រភពព័ត៌មានពី សាធារណជន បានលើកឡើងថា មន្ត្រីមានអំណាចឬ បុណ្យស័ក្តិធំៗមានងារជា ឯកឧត្តម និងក្រុមអ្នកមានទ្រព្យសម្បត្តិច្រើន ជាឧកញ៉ាមួយចំនួន ដែលត្រូវជាគូ   កនឬបក្ខពួករស់នៅ ខែត្តព្រះសីហនុ បានជួយជ្រោមជ្រែងរត់ការបង្វែរសំណុំរឿងបទល្មើសពីធំមកតូចដើម្បី ឱ្យជនល្មើសរួចផុតពីសំណាញ់ច្បាប់ជាប់គុកច្រវាក់។ ដូច្នេះពួកគេកំពុងតែ បង្កើតបញ្ហាអយុត្តិធម៌សង្គមឡើង ធ្វើឱ្យជនស្លូតត្រង់រងគ្រោះកាន់តែឈឺចាប់៕