អេស៊ីយូគួរតែចុះស៊ើបអង្កេតរឿងពុករលួយរបស់មេគយម៉េងផល្គុននិងមន្រ្តីតំណាងក្រសួងពាណិជ្ជកម្មប្រចាំតំបន់សេដ្ឋកិច្ចពិសេសខែត្រព្រះសីហនុ

0
526

ដោយៈ បាយ៉ង់ថែមស៍
ព្រះសីហនុៈ ដោយអាងខ្លួនជាប្អូនថ្លៃអគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តម្រូវឱ្យអ្នករត់ការ គយដាក់លុយក្រោមតុយ៉ាងតិច១៣២ដុល្លារក្នុងមួយទូកុងតេន័រ! តើមួយថ្ងៃមានប៉ុន្មានកុងតឺន័រចេញចូលឆ្លង កាត់បុគ្គលគយម្នាក់នេះប៉ុន្មានទូ ? តើលោក គន់ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹងថា មន្រ្តីក្រោមឱវាទ គាបយកលុយពីអ្នករកស៊ីចំនួនច្រើនយ៉ាងនេះពីជើងសារគយ ដែរឬអត់ ?

អង្គភាពប្រឆាំងអំពើពុករលួយ អេស៊ីយូ (ACU) គួរតែបើកការស៊ើបអង្គេតករណីពុករលួយរបស់លោក ម៉េង ផល្គុន តំណាង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឬអ្នករត់ការហៅថា មេគយប្រចាំ តំបន់សេដ្ឋកិច្ច ពិសេសបីនៃ ខែត្រព្រះសីហនុ ដែលរងការចោទថា យកតួនាទីរបស់ខ្លួនគាបសង្កត់អ្នករត់ការគយ (ជើងសារគយ) ឱ្យបង់លុយក្រោមតុចាប់ ពី១៣២ទៅ១៤២ដុល្លារក្នុងទំនិញឬអីវ៉ាន់មួយទូកុងតឺន័រ ជាមុនសិនបើពុំដូច្នោះទេលោកនឹងមិនចាប់ផ្ដើមពិនិត្យឯកសារយកទំនិញចេញ ឬចូលក្នុង កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានឡើយ។

លោក ម៉េង ផល្គុន ដែលគេស្គាល់ថា ជាប្អូនថ្លៃ លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានគេចាត់ឱ្យលោកមកទទួលកិច្ចត្រួតពិនិត្យទំនិញរួចពន្ធដែលចេញចូល តំបន់សេដ្ឋកិច្ចពិសេសទាំងបី នៃខែត្រព្រះសីហនុ គឺតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហ (បិតត្រាំង) និង តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាងហ្គ័រជី។ ក្នុងនាមលោកជាតំណាងឱ្យ អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា ឬអ្នករត់ការហៅលោកថា «មេតំបន់» លោក ម៉េង ផល្គុន បានយកតួនាទីរបស់ខ្លួន គាបសង្កត់អ្នករត់ការ (ជើងសារគយ) ឱ្យបង់លុយក្រៅដែល គ្មានវិក័យប័ត្រ ចាប់ពី១៣២ដុល្លារទៅ១៤២ ដុល្លារក្នុងមួយទូកុងតឺន័រ នៃទំនិញនាំចូលរួចពន្ធ និងទំនិញនាំចេញ ដែលក្នុងមួយខែមានទូ (កុងតឺន័រ) ឆ្លង កាត់ប្រមាណ៦០០ទៅ ៧០០ទូជាមធ្យម។ នេះយោងតាមការរៀបរាប់របស់ ក្រុមអ្នករត់ការគយ ជាមួយនឹង
ឯកសារពាក់ព័ន្ធ ដែលបានបញ្ជូនមក បាយ៉ង់ថែមស៍។

ជើងសារគយ នៃក្រុមហ៊ុនមួយសុំមិនបញ្ចេញអត្តសញ្ញាណ ដែលទទួលរត់ការឯកសារ ដើម្បីយកទំនិញ នាំចូលរួចពន្ធ និងទំនិញនាំចេញ បានឱ្យ បាយ៉ង់ថែមស៍ដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នេះថា ក្រុមហ៊ុនរបស់លោកមិនសូវទទួលធ្វើកិច្ចការយកទំនិញរួចពន្ធនោះទេ។ ប៉ុន្តែអ្វីដែល ជាការលើកឡើងរបស់ក្រុមជើងសារគយ ថា លោក ម៉េង ផល្គុន ទទួលលុយជាកញ្ចប់ ចំនួន១៣២ដុល្លារ     ទៅ១៤២ដុល្លារ ក្នុងមួយទូនោះវាជាការពិតមែន។ ពីព្រោះលុយនោះគេគិតទាំងថ្លៃបំពេញបែបបទថ្លៃមេ   ស៊ីញេ ថ្លៃកូនចៅចុះពិនិត្យ និងថ្លៃកូនចៅចុះបញ្ជីស្នាមផ្សេងៗទៀត។

ក្រុមជើងសារគយបញ្ជាក់ទៀតថា បើក្រុមហ៊ុនណាមិនបង់លុយចំនួន១៣២ដុល្លារ ទៅ១៤២ដុល្លារ នោះទេគេ (គយ) នឹងកាក់ (ផ្អឹប) ឯកសារមិនស៊ីញេឱ្យគឺវាប្រៀបដូចចាប់កុងតឺន័រទុកមិនឱ្យចេញឬចូលបានផងដែរ។ ប្រភពដដែលបន្ថែមថា ចំនួនទឹកលុយក្រោមតុខាងលើនោះគេ (គយ) អាចពន្យារពេលបង់ក្នុងរយៈពេលមួយ សប្ដាហ៍។ ប៉ុន្តែត្រូវបង់ឬទូទាត់ឱ្យអស់នៅចុងសប្ដាហ៍បើទោះបីជា ក្រុមហ៊ុនណាមួយមានទំនិញ១០០ទូ ក៍ដោយត្រូវតែបង់លុយនៅចុងសប្ដាហ៍ឱ្យរួចរាល់អស់។

លោក ម៉េង ផល្គុន តំណាង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឬគេហៅថា មេគយប្រចាំ តំបន់សេដ្ឋកិច្ចពិសេសទាំងបី ដែលរងការចោទប្រកាន់ពីសំណាក់ក្រុមជើងសារគយនោះពុំអាចសុំការបញ្ជាក់ ឬបំភ្លឺ បានទេ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ដោយលោកពុំលើកឬទទួលទូរស័ព្ទឡើយ។

គួរបញ្ជាក់ថា ក្នុងមួយទូ (កុងតឺន័រ) នៃទំនិញ​ ចំណូលចូលរដ្ឋដែលត្រូវបង់តាមវិក័យប័ត្រ តែ១៥,០០០រៀល(មួយម៉ឺនប្រាំពាន់រៀល) តែប៉ុណ្ណោះ។ ប៉ុន្តែចូលក្នុងហោប៉ៅជនពុករលួយចំនួន១៣២ដុល្លារ ទៅ១៤២ដុល្លារ ខណៈទំនិញនាំចេញត្រូវបង់១០៥ដុល្លារ ទៅ១១០ដុល្លារក្នុងមួយទូ។ និងគួរបញ្ជាក់ផងដែរថា​ ទំនិញរួចពន្ធនាំចូលនិងចេញ យ៉ាងតិចពី២០០ទូឆ្លងកាត់លោក ម៉េង ផល្គុន នេះគេពុំទាន់គិតទំនិញនាំចូលត្រូវបង់ពន្ធផងដែរ៕