ចូលរដ្ឋតែ១៥,០០០រៀលប៉ុណ្ណោះប៉ុន្តែចូលក្នុងហោប៉ៅជនឆ្លៀតឱកាស១៣២ទៅ១៤២ដុល្លារក្នុងទំនិញរួចពន្ធមួយទូ

0
716

ដោយៈ បាយ៉ង់ថែមស៍

ព្រះសីហនុៈ ដោយអាងខ្លួនជាប្អូន ថ្លៃអគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ម្នាក់បាន    តម្រូវឱ្យអ្នករត់ការគយដាក់លុយក្រោមតុយ៉ាងតិច១៣២ដុល្លារក្នុងមួយកុងតេន័រ! តើមួយថ្ងៃមានប៉ុន្មាន   កុងតឺន័រ ចេញចូលឆ្លងកាត់បុគ្គលគយម្នាក់នេះ ? តើលោក គុន ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ     និងរដ្ឋាករកម្ពុជាដឹងថា មន្រ្តីក្រោមឱវាទគាបយកលុយចំនួនច្រើនយ៉ាងនេះពីជើងសារគយដែរឬទេ ?

លោក ម៉េង ផល្គុន តំណាង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឬអ្នករត់ការហៅថា មេគយប្រចាំតំបន់សេដ្ឋកិច្ចពិសេសបីក្នុង ខែត្រព្រះសីហនុ នោះរងការចោទថា យក តួនាទីគាបសង្កត់ឱ្យអ្នករត់ការគយ (ជើងសារគយ) បង់លុយក្រោមតុចាប់ពី១៣២ទៅ                 ១៤២ដុល្លារជូនលោកក្នុងទំនិញឬអីវ៉ាន់មួយកុងតឺន័រ ជាមុនសិនទើបលោកចាប់ផ្ដើម                ពិនិត្យឯកសាររួចអនុញ្ញាតឱ្យយកទំនិញចេញឬចូលក្នុង កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។

លោក ម៉េង ផល្គុន ដែលគេស្គាល់ថា ជាប្អូនថ្លៃលោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវបានគេចាត់ឱ្យមកទទួល កិច្ចការត្រួតពិនិត្យទំនិញរួចពន្ធដែលចេញ ចូលតំបន់សេដ្ឋកិច្ចពិសេសទាំងបី ក្នុងខែត្រព្រះសីហនុ គឺតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហ (បិតត្រាំង) និង តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌានចេជាងហ្គ័រជី។

ក្នុងនាមលោកជាតំណាងឱ្យ អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា ឬអ្នករត់ការហៅលោកថា «មេតំបន់» លោក ម៉េង ផល្គុន បានយកតួនាទីរបស់ខ្លួនគាបសង្កត់អ្នករត់ការ (ជើងសារគយ) ឱ្យបង់លុយក្រៅ ដែលគ្មានវិក័យប័ត្រចាប់ពី១៣២ ទៅ១៤២ដុល្លារ ក្នុងមួយទូកុងតឺន័រ នៃទំនិញនាំចូលរួចពន្ធ និងទំនិញ   នាំចេញដែលក្នុងមួយខែមានទូកុងតឺន័រឆ្លងកាត់ប្រមាណពី៦០០ ទៅ៧០០ទូជាមធ្យម។ នេះយោងតាម ការរៀបរាប់របស់ ក្រុមអ្នករត់ការគយជាមួយ នឹងឯកសារពាក់ព័ន្ធ ដែលបានបញ្ជូនមក បាយ៉ង់ថែមស៍។

អ្នករត់ជើងសារគយម្នាក់ នៃក្រុមហ៊ុនមួយផ្សេងទៀតសុំមិនបញ្ចេញអត្តសញ្ញាណដែលទទួលរត់ការឯកសារ ដើម្បីយកទំនិញនាំចូលរួចពន្ធ និងទំនិញនាំចេញ បានប្រាប់បាយ៉ង់ថែមស៍ ឱ្យដឹងតាមទូរស័ព្ទកាលពីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នេះថា ក្រុមហ៊ុនរបស់លោកមិនសូវទទួលធ្វើកិច្ចការយកទំនិញរួចពន្ធនោះទេ។ ប៉ុន្តែអ្វីដែលជាការលើកឡើងរបស់ក្រុមជើងសារគយថា លោក ម៉េង ផល្គុន ទទួលលុយជាកញ្ចប់ចំនួន១៣២ ទៅ១៤២ដុល្លារ ក្នុងមួយទូនោះវាជាការពិតមែន។ ពីព្រោះលុយនោះគេគិតទាំងថ្លៃបំពេញបែបបទ ថ្លៃមេស៊ីញេ ថ្លៃកូនចៅចុះពិនិត្យ និងថ្លៃកូនចៅចុះបញ្ជីស្នាមផ្សេងៗទៀត…។

ក្រុមជើងសារគយបញ្ជាក់ទៀតថា បើក្រុមហ៊ុនណាមិនបង់លុយចំនួន១៣២ ទៅ១៤២ដុល្លារនោះទេគេ(គយ) នឹងកាក់ឬផ្អឹបឯកសារមិនស៊ីញេឱ្យវាប្រៀបបីដូចជាចាប់កុងតឺន័រទុកមិនឱ្យចេញឬចូលបានផងដែរ។

ប្រភពដដែលបន្ថែមថា ចំនួនទឹកលុយក្រោមតុខាងលើនោះគេ (គយ) អាចពន្យារពេលបង់ក្នុងរយៈពេល មួយសប្ដាហ៍។ ប៉ុន្តែត្រូវបង់ឬទូទាត់ឱ្យអស់នៅចុងសប្ដាហ៍បើទោះជាក្រុមហ៊ុនណាមួយមានទំនិញ១០០ ទូរក៍ដោយត្រូវតែបង់នៅចុងសប្ដាហ៍ឱ្យរួចរាល់អស់។

 

លោក ម៉េង ផល្គុន តំណាង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឬគេហៅថា មេគយប្រចាំតំបន់ សេដ្ឋកិច្ចពិសេសទាំងបី ដែលរងការចោទប្រកាន់ពីសំណាក់ក្រុមជើងសារគយនោះពុំអាចសុំការប           ញ្ជាក់ឬបំភ្លឺបានទេតាមប្រព័ន្ធតេឡេក្រាមកាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ដោយលោក គ្រាន់តែបានចូលអានសំណួររបស់អ្នកសារព័ត៌មានរួចហើយមិនឆ្លើយតបអ្វីទាំងអស់។

គួរបញ្ជាក់ថា ក្នុងមួយទូកុងតឺន័រដឹកទំនិញចំណូលចូលរដ្ឋដែលត្រូវ បង់តាមវិក័យប័ត្រ តែ១៥,០០០ (មួយម៉ឺនប្រាំពាន់រៀល) ប៉ុណ្ណោះ។ ប៉ុន្តែចូលក្នុងហោបៅជនឆ្លៀតឱកាសចំនួន១៣២ ទៅ១៤២ដុល្លារ ខណៈទំនិញនាំចេញត្រូវបង់១០៥ទៅ១១០ដុល្លារក្នុងមួយទូ។ ក្នុងមួយថ្ងៃៗគេសង្គេតឃើញមាន កុងតឺន័រ ដឹកទំនិញរួចពន្ធនាំចូលនិងចេញ យ៉ាងតិច២០០ទូឆ្លងកាត់លោក ម៉េង ផល្គុន នេះនៅគេពុំទាន់គិតទំនិញ នាំចូលត្រូវបង់ពន្ធផង៕