ខណៈសម្ដេចតេជោស្នើឱ្យសមត្ថកិច្ចនាំខ្លួនគ្រូមាឥឡូវគាត់ចេញមុខសារភាពហើយ…!

0
264

ដោយៈ អធិបតី
ភ្នំពេញៈ វីដេអូ ដែលមានរយៈជិតប្រាំមួយនាទីរបស់លោក លី សាម៉េត ថតឡាយចេញពីផ្ទះកូននៅ ខែត្រព្រះសី ហនុ បានទទួលស្គាល់ទោសកំហុសខ្លួន ភ្លាមៗនោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានចេញសារមួយបញ្ជាក់ទៅលោកគ្រូមាវិញនៅផេកផ្លូវការសម្ដេចនារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា « ខ្ញុំសូមបញ្ជាក់ជូន ថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។

ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពាក់ព័ន្ធបោកជាមួយ លី សាម៉េតនេះ។ ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួន ហើយសូមសមត្ថកិច្ចដែលជា នគរ បាល ឬ កងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។

លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយ នគរបាលយុត្តិធម៌ ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។ ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ។

យោងតាមប្រភពសុំមិនបញ្ជេញឈ្មោះពី​ ខែត្រ​ព្រះសីហនុ​ បានឱ្យដឹងថា​ ​លោក​ លី​ សាម៉េត​ ហៅ គ្រូមា​ ចេញ​មុខសារភាពហើយ​ខណៈ​ពេល​នេះ​សមត្ថកិច្ច​នគរបាល ​ខែត្រ​ព្រះសីហនុ​ កំពុង​នាំខ្លួន​មកកាន់ ​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​។

បើតាមការសង្គេតមើលវីដេអូដាក់ផ្សាយក្នុង ផេកផ្ទាល់ខ្លួន របស់លោក លី សាម៉េត ហៅ គ្រូមា បានលើកដៃសំពះយំគោកពេបមាត់ និងសក់បះឡើងលើ ដោយបាននិយាយទទួលស្គាល់ទោសកំហុសដើរបោកប្រាស់គេឯង ហើយបានយកឈ្មោះសម្ដេចតេជោ ហ៊ុន សែន ទៅប្រើដើម្បីទាញយកផលប្រយោជន៍បុគ្គល។ អ្វីដែលគួរឱ្យឈឺសើចនោះនៅពេលលោក លី សាម៉េត ហៅ គ្រូមា ហៅ តាកញ្ចក់ទិព្វ ចេញមុខសារភាពពីផ្ទះកូននៅ ក្រុងព្រះសីហនុ គាត់បាននិយាយទូរស័ព្ទទាំងទឹកមុខញញឹមស្រស់ដោយមានសមត្ថកិច្ចម្នាក់ពាក់ខោអាវស៊ីវិលអមជាមួយផង។

នៅក្នុងនេះដែរប្រជាពលរដ្ឋបានលើកឡើងបែបចំអកថា ថ្ងៃនេះមិនឃើញមានអ្នកជូតទឹកភ្នែកឱ្យ អ៊ំ ? ឬមួយ អ៊ំ យំគ្មានទឹកភ្នែក ? តើលុយបានមកពីលោក កន សុកាយ អតីតអភិបាល ស្រុកល្វាឯម ខែត្រកណ្ដាល ចំនួន ៣០ម៉ឺនដុល្លារនោះ អ៊ំ យកទៅណា ? អ៊ំ យកលុយនោះទៅធ្វើអ្វីខ្លះ ? តើ អ៊ំ យំនេះចេញពីក្នុងចិត្តដែរឬទេ ?

គួរបញ្ជាក់ថា ព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងថា « បុគ្គលណាសាបព្រោះនូវគ្រាប់ពូជយ៉ាងណា គឺរមែងទទួលបាននូវ ផលយ៉ាងនោះ »។ តាមច្បាប់ធម្មជាតិ « នៅលើលោកយើងនេះគ្មានអ្វីឋិតថេរទៀងទាត់ជាអមតនោះទេ » គឺមានតែអំពើល្អប៉ុណ្ណោះអាចធ្វើឱ្យមនុស្សស្រឡាញ់អាណិត និងចងចាំនៅក្នុងចិត្ត។ រឿងដើរបោកប្រាស់គេនេះត្រូវ បាន សម្ដេចតេជោ លាតត្រដាងឱ្យដឹងកាលពីអំឡុង ខែតុលា ឆ្នាំ២០២៤ ដែលលោក លី សាម៉េត បោកប្រាស់គេ ជាច្រើននាក់បាន លុយរាប់សែនដុល្លារ ទៅរាប់ លានដុល្លារអាម៉េរិក ឯណោះ៕