ពលរដ្ឋ៩៣គ្រួសារឆ្ងល់ៗនុះមហាសែនឆ្ងល់ពិភាល់ក្នុងចិត្តឥតមានចម្លើយទាល់តែសោះពីមន្រ្តីជំនាញ

0
54

ដោយៈ បាយ៉ង់
ព្រះសីហនុៈ ប្រជាពលរដ្ឋ៩៣គ្រួសាររស់នៅត្រង់ចំណុច៩៣ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខែត្រព្រះ សីហនុ ពិភាល់ក្នុងចិត្តដែលឥតចម្លើយ ឬការពន្យល់ពីមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានឡើយចាប់តាំងតែពីពេលបិទប្រកាសចុងក្រោយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅវត្តស្មាច់ដែងរហូតមកដល់ពេលនេះគឺនៅតែពុំទាន់មានការបកស្រាយបញ្ជាក់ពីមន្រ្តីជំនាញអំពីមូលហេតុដែលពួកគាត់អត់មាន ឈ្មោះ និងទិន្នន័យលើក្បាលដីនៅលើក្រដាសបិទប្រកាសចុងក្រោយ។ បន្ទាប់ពីមន្រ្តីជំនាញចុះវាស់វែងដីជាប្រព័ន្ធនៅតំបន់វិនិច្ឆ័យ នៃឧទ្យានជាតិព្រះសីហនុ «រាម» ដើម្បីចេញប័ណ្ណសម្គាល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋអនុលោមតាម អនុក្រឹត្យ នៃរាជរដ្ឋាភិបាល ឱ្យកាត់ឆ្វៀលដីជូនពលរដ្ឋ លេខ០៨ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧។

ប្រជាពលរដ្ឋរស់នៅភូមិតែមួយវាស់វែងស្រង់ទិន្នន័យក្បាលដីក្នុងពេលតែមួយ។ ក៍ប៉ុន្តែនៅពេលបិទប្រកាសទិន្នន័យក្បាលដីចុងក្រោយ៩៣គ្រួសាររស់នៅកណ្ដាលភូមិមិនមានឈ្មោះ និងទិន្នន័យក្បាលដីក្នុងការបិទប្រកាសចុងក្រោយបែរជាមានប្រហែល៣០គ្រួសាររស់សងខាងភូមិតែប៉ុណ្ណោះ។ នេះបើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋដែលមិនមានឈ្មោះក្នុង សេចក្ដីប្រកាស ចុងក្រោយកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២៤ និងយោងតាមលិខិតបទដ្ឋាននានាព្រមទាំង អនុក្រឹត្យ ដែល «បាយ៉ង់ថាមស៍» ទទួលបាន។

ប្រជាពលរដ្ឋបានលើកជាសំណួរពុំទាន់មានចម្លើយថា លក្ខណៈផ្លូវច្បាប់តាមនីតិវិធីមានអស់ហើយ តើពួកគាត់ខុសអ្វី ? នៅខ្វះអ្វីទៀតទៀតបានជាពុំមានឈ្មោះ និងទិន្នន័យក្បាលដីនៅលើប្រកាសចុងក្រោយ ? បើតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល ឱ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋគឺមានហើយ។ សេចក្ដីជូនដំណឹងពី ក្រសួងបរិស្ថាន លេខ៦៤១ ស.ជ.ណ ប.ស្ថ ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ចុះហត្ថលេខាដោយ ឯកឧត្តម សាយ សំអាល់ សូមជម្រាបជូន ឯកឧត្តមអភិបាល នៃគណៈអភិបាល ខែត្រព្រះសីហនុ និងជាប្រធាន គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខែត្រ ក៍មានអស់ហើយ។ ចំណែកលិខិតពី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជម្រាបជូន មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខែត្រព្រះសីហនុ ក៍មានហើយដែរ។ តើនៅមានលិខិតអ្វីធំជាង អនុក្រឹត្យ របស់រាជរដ្ឋាភិបាល ទៀតដែរឬទេ ?

បន្ទាប់ពីការវាស់វែងដីជាប្រព័ន្ធនៅតំបន់វិនិច្ឆ័យចប់សព្វគ្រប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខាងលើទទួលបានចុងសន្លឹក (បង្កាន់ដៃទទួលប្លង់) មួយសន្លឹកគ្រប់ៗគ្នាទាំងអស់។ ក៍ប៉ុន្តែពេលបិទប្រកាសកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ប្រជាពលរដ្ឋ៩៣គ្រួសារដែលរស់នៅកណ្ដាលភូមិមិនមានឈ្មោះ និងទិន្នន័យក្បាលដីនៅក្នុងសេចក្ដីប្រកាសចុងក្រោយនោះទេ។ មានតែពលរដ្ឋប្រមាណជា៣០គ្រួសារនៅសងខាងភូមិ និងដីព្រៃចម្ការជិតព្រែក។ ប្រជាពលរដ្ឋ៩៣គ្រួសារឆ្ងល់សែនឆ្ងល់តែពុំមានការពន្យល់ពីមន្រ្តជំនាញឬអាជ្ញា
ធរមូលដ្ឋាន ?

អង្គភាពសារព័ត៌មាន «បាយ៉ង់ថាមស៍» បានដាក់លិខិតមួយច្បាប់ លេខ០២/២៤ បថល ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ចូលទៅ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខែត្រព្រះសីហនុ ស្នើសុំការពន្យល់ បកស្រាយបញ្ជាក់នូវចម្ងល់របស់ប្រជាពលរដ្ឋ៩៣គ្រួសារតែរហូតមកដល់ថ្ងៃចេញផ្សាយនេះគឺមិនមានការឆ្លើយតប ឬជូនដំណឹងត្រឡប់មក អង្គភាពសារព័ត៌មាន «បាយ៉ង់ថាមស៍» អ្វីឡើយ។ នេះមាន ន័យថា សំណូរ និងចម្ងល់របស់ប្រជាពលរដ្ឋ៩៣គ្រួសារនៅតែស្ថិតក្នុងអាថ៌កំបាំងពុំទាន់មានចម្លើយ និងការពន្យល់អ្វីសោះដដែល។

រីឯរដ្ឋបាល ខែត្រព្រះសីហនុ ក៍ពុំមានការឆ្លើយតបនឹងសំណួររបស់ អង្គភាពសារព័ត៌មានយើងដែរ ដែលបានដាក់លិខិតចូលទៅរដ្ឋបាល ខែត្រព្រះសីហនុ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ កន្លងមក។

បងប្អូនប្រជាពលរដ្ឋ៩៣គ្រួសារស្នើសុំអភិបាល ខែត្រព្រះសីហនុ អាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញជួយពន្យល់និងដោះ ស្រាយបញ្ហាខាងលើជូនពួកគាត់ផង។ ជាពិសេសពួកគាត់សូមលើកម្រាម ដៃដប់អង្វរស្នើសុំប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សូមមេត្តាជួយអន្តរាគមន៍ដោះស្រាយរកយុត្តិធម៌ជូនពួកគាត់ឱ្យទទួលបានប័ណ្ណសម្គាល់កម្មសិទ្ធិដីធ្លីស្របច្បាប់។

គួររំឭកថា បន្ទាប់ពីប្រជាពលរដ្ឋ៩៣គ្រួសារបានដាក់ពាក្យស្នើសុំការពន្យល់អំពីការមិនមានឈ្មោះ និងទិន្នន័យក្បាលដី នៅក្នុងការបិទប្រកាសចុងក្រោយទៅអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់តាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ ជាពិសេសពួកគាត់បានដាក់ពាក្យស្នើសុំពន្យល់ចូលទៅ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខែត្រព្រះសីហនុ ផងដែរ។ ជាលទ្ធផលគ្មានចម្លើយ និងគ្មានការពន្យល់ពីមូលហេតុជូនដល់ប្រជាពលរដ្ឋអ្វីសោះឡើយគឺស្ងាត់ឈឹងដូចចោរលួចសេះ…! ៕