មេធាវីម្នាក់ប្ដឹងលោក ដេ ម៉ៅ ទៅលោកស្នងការនគរបាលភ្នំពេញពីបទឃុំឃាំងនិងបង្ខាំងកូនក្ដីខុសច្បាប់ដោយទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារ

0
167

ដោយៈ អធិបតី
ភ្នំពេញៈ លោកមេធាវីម្នាក់មាន អត្តលេខ៧០១ បានដាក់ពាក្យបណ្ដឹងទៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ដោយចោទប្រកាន់លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរផ្លូវគោកភ្នំពេញ ព្រមទាំងបក្ខពួក ពីបទចាប់ឃុំឃាំង និងបង្ខាំងកូនក្ដីរបស់គាត់ខុសច្បាប់ ដោយទាមទារសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារអាម៉េរិក ក្នុងរឿងគ្រោះថ្នាក់ចរាចរម៉ូតូបុកពីក្រោយរថយន្ត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

លោកមេធាវី អ៊ូច សុភត្រា ដែលមានអត្តលេខ៧០១ ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា មានការិយាល័យ ក្រុមមេធាវីស៊ីនហាន ផ្សារទំនើបស៊ីធីម៉ល ជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧មករា។ លោកមេធាវីតំណាងឱ្យឈ្មោះ ជឹម ស៊ីម៉េត ភេទស្រីកើតនៅ ឆ្នាំ១៩៧៥ ជនជាតិខ្មែរមានអាសយ ដ្ឋាន ផ្ទះលេខអ៊ឹម៥៣ ផ្លូវ១១១ ភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

នៅក្នុងពាក្យបណ្ដឹងចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដែលមានពីរទំព័ររបស់ លោកមេធាវី អ៊ូច សុភត្រា បានប្ដឹងឈ្មោះ ដេ ម៉ៅ តួនាទី ប្រធានការិយាល័យនគរបាលចរាចរផ្លូវគោក រាជធានីភ្នំពេញ និងបក្ខពួកពីបទ «ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់» នោះមាន វីដេអូ និងរូបថតដែល មន្ត្រីនគរបាលចរាចរ ដាក់ឃុំកូនក្ដីរបស់គាត់នៅក្នុងបន្ទាប់ឃុំឃាំងអស់រយៈពេល៩ម៉ោង។

មេធាវី អ៊ូច សុភត្រា បានសរសេររៀបរាប់សាច់រឿងកូនក្ដីរបស់ខ្លួនថា « កាលពីវេលាម៉ោងប្រហែល១០ និង ៣០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ពេលដែលកូនក្ដី (ជឹម ស៊ីម៉េត) ខ្ញុំបាទកំពុងឈប់រថយន្តរង់ចាំភ្លើងស្ដុបនៅលើ ផ្លូវ២០០៤ ស្រាប់តែមានម៉ូតូមួយគ្រឿង បានបើកបរមកបុករថយន្តរបស់កូនក្ដីខ្ញុំបាទពីក្រោយបណ្ដាលឱ្យជនបង្ករងរបួសធ្ងន់ ហើយរថយន្តរបស់កូនក្ដីខ្ញុំបាទផ្នែកខាងក្រោយ បានបែកកញ្ជក់ និងកំពិត។ បន្ទាប់ពីកើតហេតុ មន្ត្រីនគរបាល ក៍បានបញ្ជូនខ្លួនកូនក្ដីខ្ញុំបាទមក ការិយាល័យនគរបាលចរាចរផ្លូវគោក រាជធានីភ្នំពេញ និងបានសាកសួរកូនខ្ញុំបាទ ហើយកូនក្ដីខ្ញុំបាទក៍បានបំភ្លឺថា គាត់គឺជាជនរងគ្រោះដែលត្រូវគេបុកពីក្រោយ ប៉ុន្តែមន្ត្រីនគរបាលចរាចរ មិនព្រមស្ដាប់ឡើយ និងបានបង្ខាំងកូនក្ដីខ្ញុំបាទក្នុងបន្ទាប់ឃុំឃាំងចាប់ពីម៉ោង២យប់រហូតដល់ម៉ោង១០ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ទើបព្រមដោះលែងកូនក្ដីខ្ញុំបាទវិញ បន្ទាប់ពីបងប្អូនរបស់កូនក្ដីខ្ញុំបាទបានស្នើសុំការអន្តរាគមន៍ពី ឯកឧត្តមស្នងការនគរបាល រាជធានីភ្នំពេញ » ។

ពាក្យបណ្ដឹងលើកឡើងទៀតថា « ទង្វើ និងសកម្មភាពរបស់ លោកប្រធានការិយាល័យនគរបាលចរាចរផ្លូវគោក រាជធានីភ្នំពេញ និង បក្ខពួក គឺជាសកម្មភាពចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កូនក្ដីខ្ញុំបាទយ៉ាងធ្ងន់ធ្ងរ ពិសេសកូនក្ដីខ្ញុំបាទជាស្ត្រីភេទទន់ខ្សោយ និងជាជនរងគ្រោះថែមទៀត ហើយក៍សូមទាមទារជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ អាម៉េរិក »។

នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោក ដេ ម៉ៅ ដែលរងនូវបណ្ដឹងពី មេធាវីបានទទួលស្គាល់ថា ម៉ូតូ (វីវ៉ាពណ៌ក្រហម) ពិតជាបានបុកពីក្រោយរថយន្ត (ស្តារិចពណ៌ខ្មៅ) កំពុងឈប់ស្តុបពិតប្រាកដមែន។ ក៍ប៉ុន្តែការឃាត់ខ្លួនម្ចាស់រថយន្តគឺដើម្បីផ្ទៀងផ្ទាត់កាំម៉ាសុវត្ថិភាព។ លោកក៍បានលើកជាសំណួរត្រឡប់មក វិញថា តើខាងលោកក្នុងនាមជា មន្ត្រីនគរបាលយុត្តិធម៌ចរាចរ ពុំមានសិទ្ធិឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងតាមនីតិវិធីដែរឬទេ ? ការឃាត់ខ្លួនម្ចាស់រថយន្តខាងលើនោះ គឺពុំបានលើសពី៤៨ម៉ោងនោះទេ។

លោក សែម រតនា ស្នងការរងស្ដីទីទទួលបន្ទុកនគរបាលចរាចរ រាជធានីភ្នំពេញ បានឆ្លើយប្រាប់អង្គភាពយើងតាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ យ៉ាងខ្លីថា « បង ដេ ម៉ៅ ធ្វើ រ ប ក (របាយការណ៍) ជូនថ្នាក់ដឹកនាំ បង »។

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោកមេធាវី អ៊ូច សុភត្រា ប្រាប់អង្គភាពយើងថា លោកពុំទាន់មានដំណឹងកោះហៅឱ្យដោះស្រាយគ្នាទេ។ ចំពោះការទាមទារសំណងជំងឺចិត្ត លោកមេធាវីមានក្ដីសង្ឃឹម រីឯការឃាត់ខ្លួនកូនក្ដីរបស់លោក គឺពុំមែនជាជនល្មើសនោះទេ។ បើតាមច្បាប់នគរបាលយុត្តិធម៌ មានសិទ្ធិឃាត់ខ្លួនជនល្មើស ប៉ុន្តែមិនត្រូវឃាត់ខ្លួនជនរងគ្រោះទេ។

គួរបញ្ជាក់ថា លោក ដេ ម៉ៅ ធ្លាប់បានផ្ទុះរឿងអាស្រូវជាច្រើនករណីដូចជាកន្លងមក ក្រុមប៉ូលិសចរាចរ ដែលបានឈរជើងនៅ ស្តុបវត្តស្លែង បានយកលុយពី ជនជាតិចិន ចំនួន១ម៉ឺនដុល្លារ ដែលធ្វើដំណើរខុសភ្លើងសញ្ញាចរាចរ ដោយមានប្រតិកម្មពី អគ្គស្នងការនគរជាតិ។ ទី២.ទាក់ទងនឹងការយកលុយពីមន្ត្រីចរាចរចុះឈរជើងនៅតាមគោលដៅទាំង៤៨នៅក្នុង រាជធានីភ្នំពេញ៕