ធ្លាយរឿងគយច្រកទ្វារព្រំដែនបន្ទាយចក្រីទារយកលុយពីរថយន្តដឹកស្វាយក្នុងមួយជើងពី៦៥ម៉ឺនទៅ១លានរៀល

0
111

ដោយៈ អធិបតី
ភ្នំពេញៈ ក្រុមអ្នករកស៊ីទិញផ្លែស្វាយលក់ឱ្យ វៀតណាម ដឹកឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខែត្រព្រៃវែង បានត្អូញត្អែរប្រាប់ បាយ៉ង់ថាមស៍ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ថា ពួកគាត់ពិបាករកស៊ីណាស់សព្វថ្ងៃនេះ ពីព្រោះទីផ្សារសេរីទិញលក់ដូរមានការប្រកួតប្រជែងគ្នាខ្លាំង ហើយមានការចំណាយច្រើនដូចជា កម្មករលើកដាក់ស្វាយ និងសោហ៊ុយដឹកជញ្ជូន។ បន្ថែមបន្ទុកទៀតនោះពួកគាត់ត្រូវបង់លុយឱ្យ មន្រ្តីគយប្រចាំការនៅ ច្រកទ្វារព្រំដែន ចាប់ពី៦៥ម៉ឺនរៀលទៅ១លានរៀលក្នុងមួយជើង។ តែករណីនេះលោក ហង្ស វណ្ណ ប្រធានការិយាល័យគយ បានធ្វើការបដិសេធ រីឯអ្នកនាំពាក្យ អគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា សន្យាថា នឹងធ្វើការពិនិត្យទៅលើបញ្ហានេះ ឱ្យបានច្បាស់លាស់។

ទាក់ទងរឿងនេះអាជីវករម្នាក់រកស៊ីដឹកផ្លែស្វាយលក់ឱ្យ វៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដោយដឹកតាមរថយន្តចំណុះ៥តោនបានអះអាងថា ជារៀងថ្ងៃគាត់ដឹកផ្លែស្វាយទៅលក់ឱ្យ ឈ្មួញវៀតណាម គឺត្រូវបង់លុយឱ្យ មន្ត្រីគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ចំនួន៦៥ម៉ឺនរៀលក្នុង១ជើងៗ។

អាជីវករម្នាក់ទៀតក៍បានលើកឡើងស្រដៀងគ្នាថា សម្រាប់រថយន្តវេអងដឹកផ្លែស្វាយលក់ឱ្យ ឈ្មួញវៀតណាម ១ជើងគឺគាត់ត្រូវបង់លុយឱ្យ មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ចំនួន១លានរៀល(២៥០ដុល្លារ)។

ប្រភពដដែលបញ្ជាក់ថា រាល់ការបង់លុយរបស់ពួកគាត់ឱ្យទៅ មន្ត្រីគយ ពុំដែលមាន ក្រដាសស្នាម ចុងសន្លឹក ឬវិក្កយបត្រ បង់ពន្ធចូលរដ្ឋអ្វីឡើយ។ ជាក់ស្ដែងអាជីវករនីមួយៗសុទ្ធតែបានប្រគល់លុយដោយផ្ទាល់ដៃ និង បង់លុយចូលហោប៉ាវ គយ ដោយស្ងាត់ៗ។ មិនថាតែរថយន្តដឹកផ្លែស្វាយប៉ុណ្ណោះទេក្នុងនោះសូម្បី រថយន្តដឹកស្រូវ ក៍មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី មិនលើកលែងដែរដោយតម្រូវឱ្យបង់លុយចូលហោប៉ាវ គយចំនួន១០.០០០រៀលក្នុង១ជើងជាកំណត់។

ស្របពេលដែលមួយថ្ងៃៗមាន រថយន្តដឹកស្រូវ និងរថយន្តដឹកផ្លែស្វាយ ជាច្រើនគ្រឿងសម្រុកដឹកជញ្ជូនទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិមួយនេះជាហេតុនាំឱ្យលោក ហង្ស វណ្ណ ប្រធានការិ យាល័យគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី អាចក្ដោបសេដ្ឋកិច្ចប្រមូលលុយក្រៅប្រព័ន្ធច្បាប់បានរាប់សិបលានរៀលក្នុង១ថ្ងៃៗក្រោមរូបភាពត្រួតពិនិត្យរាល់ទំនិញចេញចូលឆ្លងដែនដោយមិនមានការបង់ពន្ធ និងពន្ធមិនគ្រប់។

ឆ្លើយតប នឹងការចោទប្រកាន់ខាងលើ កាលពីរសៀលទី២៣ ខែមីនា ឆ្នាំ២០២៤ លោក ហង្ស វណ្ណ ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បានបដិសេធថា គ្មាននរណាល្ងង់បង់ លុយឱ្យលោកនោះទេ ព្រោះជាវាកសិផលនាំចេញ។ លោកមានតែការលើកទឹកចិត្តឱ្យពលរដ្ឋនាំចេញកសិ ផលឱ្យបានច្រើន…។

កន្លងមកលោក អ៊ុ ប៉ូល័ក្ខ ប្រធានស្នាក់ការត្រួតពិនិត្យ នៃច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ធ្លាប់បានថ្លែងបដិសេធស្រដៀងគ្នានឹងលោក ហង្ស វណ្ណ ដែរ។

នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក សែ សុឃន អ្នកនាំពាក្យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឆ្លើយប្រាប់ បាយ៉ង់ថាមស៍ តាមបណ្ដាញសង្គម តេឡេក្រាម ថា « អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពុំអនុវត្តការប្រមូលអាករនាំចេញលើមុខទំនិញផ្លែស្វាយទេ។ ចំពោះករណីដែលបានលើកឡើង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងធ្វើការពិនិត្យទៅលើបញ្ហានេះឲ្យបានច្បាស់លាស់ និងសូមអរគុណសម្រាប់ការផ្តល់ព័ត៌មាននេះ »។

គួរបញ្ជាក់ថា ក្រុមអាជីវកររកស៊ីដឹកស្រូវ ក៍ដូចជា អ្នកដឹកផ្លែស្វាយលក់ឱ្យ វៀតណាម ឆ្លងកាត់ច្រកទ្វារខាងលើក៍បានស្នើសុំយ៉ាងទទូចដល់ ឯកឧត្ដម គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សូមមេត្តាចាត់វិធានការទប់ស្កាត់កុំឱ្យមានការយកលុយពី រថយន្តដឹកស្រូវ និងរថយន្តដឹកផ្លែស្វាយ តទៅទៀត។ ពួកគាត់សូមឱ្យមានការស្រាវជ្រាវពីភាពមិនប្រក្រតីនេះផង៕