ឃាត់ខ្លួនជនជាតិវៀតណាម២៦នាក់មានគ្រឿងចក្រជាច្រើនគ្រឿងជីកយករ៉ែមាសខុសច្បាប់

0
65

ដោយៈ សុវណ្ណ
រតនគិរី: កម្លាំងចម្រុះ ខែត្ររតនគិរី ដឹកនាំដោយលោក ម៉ា វិត្រ អភិបាលរងខែត្រ សម្របសម្រួលនីតិវិធី ព្រះរាជអាជ្ញារង អមសាលាដំបូងខែត្រ ចុះធ្វើការឃាត់ខ្លួន ជនអន្តោប្រវេសន៍វៀតណាមចំនួន២៦នាក់ មានសម្ភារព្រមទាំងគ្រឿងចក្រជាច្រើនគ្រឿងលួចចូលជីកយករ៉ែមាសខុសច្បាប់ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។

កម្លាំងចម្រុះមាន មន្ត្រីឧទ្យានជាតិ, មន្ត្រីរ៉ែ និងថាមពលខែត្រ, ខណ្ឌរដ្ឋបាលព្រៃឈើខែត្រ, អភិបាល ស្រុកតាវែង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដោយប្រើប្រាស់ពេលចំនួន៤ថ្ងៃទើបធ្វើកិច្ចការនោះបាន។ ករណីនេះគេថា «ខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃក៍វាមិនហ៊ាន» នោះដែរ។

កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ពុំមានមន្ត្រីណាម្នាក់ហ៊ាននិយាយប្រាប់ អ្នកសារព័ត៌មាន នោះទេដោយគ្រាន់តែថា កំពុងតែធ្វើការស្រាវជ្រាវ…។

រីឯលោក កែវ ភក្តី ព្រះរាជអាជ្ញារង ជាអ្នកនាំពាក្យ អយ្យការអមសាលាដំបូង ខែត្ររតនគិរី ប្រាប់ថា ការឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៦នាក់នោះគឺ មន្ត្រីប៉ូលិសអន្ដោប្រវេសន៍ កំពុងបន្ដសាកសួរដើម្បីបង្កសំណុំរឿងចាត់ការតាមនីតិវិធីហើយ…។

ចំណែក ពលរដ្ឋ និងមន្ត្រីស្អាតស្អំមួយចំនួន បានទទូចស្នើសុំឲ្យ ក្រសួងពាក់ព័ន្ធ ជាពិសេស ក្រសួងបរិស្ថាន សូមមេត្តាបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ។ ពីព្រោះ ជនអន្តោប្រវេសន៍ ទាំងនោះបើគ្មានការគប់គិតគ្នាជាមួយ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីស្នាក់ការបរិស្ថាន នោះទេគឺពួកគេក៍មិនហ៊ាននាំគ្រឿងចក្រចូល «ព្រៃឧទ្យានជាតិ» ជីកយករ៉ែមាសជាច្រើនថ្ងៃខែយ៉ាងរលូនបែបនោះទេ៕