ជនណារារាំងការអនុវត្តដីកាសម្រេចរក្សាការពារតុលាការគឺជាប់ចោទពីបទប្រមាថកិច្ចការរាជការត្រូវមានទោសព្រហ្មទណ្ឌ

0
225

ដោយៈ បាយ៉ង់
ព្រះសីហនុៈ ការចុះអនុវត្ត ដីកាសម្រេចចាត់ចែងជាបណ្ដោះអាស្នរបស់ សាលាដំបូង ខែត្រព្រះសីហនុ លេខ៣៣៦ ត.រ/២១ ចុះថ្ងៃទី១៩ កក្កដា ឆ្នាំ២០២១ ដោយអាជ្ញាសាលា នៅលើទីតាំងដីមានទំនាស់ទំហំ២៣ហិកតា និង១៥សង់ទីអាស្ថិតនៅ ក្រុម៥ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅត្រូវក្រុមប្រជាពលរដ្ឋដឹកនាំដោយលោក ហោ សុខជា តំណាងឱ្យភាគីសហកូនបំណុលមករារាំង បង្អាក់ដំណើរការ ចុះអនុវត្តដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្ន (រក្សាការពារ) ដោយពួកគាត់ស្នើសុំឱ្យមន្រ្តីជំនាញ និងភាគីម្ខាងទៀត សហម្ចាស់បំណុល ដាក់ឯកសារបង្ហាញ។

ទីតាំងដីទំហំ២៣ហិកតា ១៥សង់ទីអា មានអាសយដ្ឋានខាងលើដែល អាជ្ញាសាលា នៃសាលាដំបូង ខែត្រព្រះ សីហនុ ចុះអនុវត្តដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្ន ដោយរង់ចាំឱ្យ តុលាការសម្រេចដល់អង្គសេចក្ដីជាស្ថាពរខាងលើ គឺពុំជាប់ពាក់ព័ន្ធនឹងក្រុមប្រជាពលរដ្ឋ៨៨៩គ្រួសារ ដែលមករារាំងការអនុវត្ត សេចក្ដីសម្រេចចាត់ចែងជាបណ្ដោះអាសន្ន របស់សាលាដំបូង ខែត្រព្រះសីហនុ នោះទេ។ នេះបើយោងតាមលិខិតជូនដំណឹងរបស់ សាលាដំបូង ខែត្រព្រះសីហនុ លេខ៦៧៦ លជណ/២៤ ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានចែង និងការអះអាងពីលោក ម៉ន ស៊ីណា តំណាងសហម្ចាស់បំណុលនៅ តំបន់អូរដំរី ចំនួន១០៥នៃ១៤៩គ្រួសារ។

 

ទីតាំងចុះអនុវត្តខាងលើមានព្រំប្រទល់ ខាងជើងទល់និង ប៊ិត ដារ៉ុង, ស្រ៊ុន ស្រីអូន, ណុប ប៊ិន និង យាយ នាង។ ខាងត្បូងទល់និង អូរបែងចែក ព្រំប្រទល់ ខណ្ឌស្ទឹងហាវ (បច្ចុប្បន្ន ស្រុកស្ទឹងហាវ) និង ខណ្ឌមិត្តភាព (បច្ចុ ប្បន្ន ក្រុងព្រះសីហនុ)។ ខាងកើតទល់និង ឡាយ ប៊ុនថេត, ផ្លូវ និង យាយ នាង ហើយ ខាងលិចទល់និង សុខ វុទ្ធី, សុខ វណ្ណា, ឈុន សុខែម, ដីរួម (ដីសម្រាប់សាងសង់វត្ត) និង ប៊ិត ដារ៉ុង។

ខណៈពេលរារាំងការចុះអនុវត្តដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្ន សាលាដំបូង ខែត្រព្រះសីហនុ នៃអាជ្ញាសាលា គេឃើញមានផ្ទាំងប៉ាណូជាអក្សរ និងរូបភាពទីតាំងផែនទី (ទីតាំងដីលោកស្រី ហ៊ឹម សុវណ្ណរី) ផែនដីជាច្រើនផ្ទាំង និងលោក ហោ សុខជា កំពុងតែឈរស្រែករៀបរាប់ លើកពីនេះពីនោះ និងទាមទារឱ្យដាក់ឯក សារបង្ហាញជាដើម។ លើសពីនេះទៀតគេកត់សម្កាល់ឃើញអ្នកនៅពីក្រោយហេតុការណ៍នេះកំពុងអង្គុយក្នុងរថយន្តតូចមួយពាក់ម៉ាស់បិទមុខជិតទំនងជាកម្លាំងចលករមួយជំរុញដល់ទឹកចិត្តពលរដ្ឋមករារាំង នូវកិច្ចការរាជការក្នុងការចុះអនុវត្តដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្ន នេះ។

 

ពាក់ព័ន្ធករណីនេះដែរ មេធាវី រាជរដ្ឋាភិបាល ម្នាក់សុំមិនបញ្ចេញឈ្មោះលើកឡើងដោយផ្អែកលើទិដ្ឋភាពច្បាប់ នៃកម្ពុជាថា «បើជនណារារាំងកិច្ចការរាជការសាធារណៈពេលចុះអនុវត្តសេចក្ដីសម្រេច តុលាការ ដោយអាជ្ញាសាលា ជននោះត្រូវជាប់ចោទពីបទប្រមាថ និងរារាំងកិច្ចការ រាជការសាធារណៈ គឺត្រូវមានទោសព្រហ្មទណ្ឌជាប់ពន្ធនាគារ»។

លោក ហោ សុខជា ដែលតាំងខ្លួនជាតំណាងពលរដ្ឋ៨៨៩គ្រួសារលើកឡើងថា ប្រជាពលរដ្ឋរបស់គាត់ជាម្ខាស់ដីបានកាន់កាប់ស្របច្បាប់រស់នៅអាស្រ័យផលលើទីតាំងហ្នឹងដោយមានឯកសារផ្សេងៗទទួសស្គាល់ពីអាជ្ញា ធរមូលដ្ឋាន សង្កាត់លេខ១ ក្រុងព្រះសីហនុ ខ្លះបានទិញតាំងពី ឆ្នាំ១៩៩៤ បន្តបន្ទាប់មក។ លោកបន្តថា ពល រដ្ឋយើងខ្ញុំសុទ្ធតែមានប័ណ្ណបោះឆ្នោតគ្រប់អាណ្ណត្តិ និងលោកបានរៀបរាប់បរិយាយហួសពីរង្វង់ នៃការចុះអនុវត្តដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្នជាច្រើនហូរហែ។

 

លោក ហោ សុខជា លើកឡើងទៀតថា «ខ្ញុំសូមសំណូមពរ ស្ថាប័នតុលាការ ពិនិត្យពិច័យឱ្យបានច្បាស់លាស់។ ព្រោះស្ថាប័ននេះជាស្ថាប័នច្បាប់ ដូច្នេះស្នើសុំពិនិត្យលើឯកសារឱ្យបានច្បាស់លាស់ត្រឹមត្រូវ។ ទីមួយ ស្នើសុំពិនិត្យលើច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខែត្រ ក្រុង ស្រុក ខណ្ឌ។ តើតំបន់អូរដំរី ស្ថិតក្នុងដែនរដ្ឋ បាលណាជាអ្នកគ្រប់គ្រង ? រដ្ឋបាល សង្កាត់លេខ១ ជាអ្នកគ្រប់គ្រង ឬ រដ្ឋបាល ស្រុកស្ទឹងហាវ ជាអ្នកគ្រប់ គ្រង ?

ឆ្លើយតបនឹងការចង់ដឹងនេះលោក ឆាយ សុគន្ធដា អតីតអភិបាល ស្រុកស្ទឹងហាវ ធ្លាប់ឱ្យអ្នកសារព័ត៌មានដឹងថា « ផ្អែកលើប្រកាសរបស់ ក្រសួងមហាផ្ទៃ លេខ៤៩៣ ប្រ.ក ស្ដីពីការកំណត់ចំនួនឈ្មោះ និងព្រំប្រទល់ ឃុំសង្កាត់ ទូទាំង ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០១ ដែលចុះហត្ថលេខាដោយ សហរដ្ឋ មន្រ្តី ក្រសួងមហាផ្ទៃ គឺសម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម យូ ហុកគ្រី ថា ប្រកាសដែលជាក្រាំងច្បាប់បានបែងចែកព្រំប្រទល់ ឃុំសង្កាត់ទូទាំងប្រទេសមិនមែនសម្រាប់តែ ក្រុងព្រះសីហនុ នោះទេ។ ព្រំប្រទល់រវាង សង្កាត់លេខ១ និង ស្រុកស្ទឹងហាវ គឺគេយក អូរត្រង់ចំណុចស្ពានព្រែកត្រែង ធ្វើជាព្រំមួយចំហៀងអូរស្ថិតក្នុង សង្កាត់លេខ១ ក្រុងព្រះសីហនុ និងមួយចំហៀងអូរទៀតស្ថិតក្នុង ឃុំអូរត្រេះ ស្រុងស្ទឹងហាវ ខែត្រព្រះសីហនុ។

 

លោក ឆាយ សុគន្ធដា សង្កត់ធ្ងន់ថា មុនបោះឆ្នោត ឆ្នាំ២០០២ គេត្រូវតែកំណត់ព្រំប្រទល់ឱ្យបានច្បាស់លាស់ត្រឹមត្រូវទើបគេអាចធ្វើការរៀបចំបោះឆ្នោតបាន។ រហូតមកដល់បច្ចុប្បន្នគេពុំទាន់ឃើញមានប្រកាស ឬអនុ ក្រឹត្យ ណាមួយ និរាករណ៍ ប្រកាសលេខ៤៩៣ ប្រ.ក នោះឡើយ។

ភាគីខាងពលរដ្ឋសហម្ចាស់បំណុលនៅតំបន់អូរដំរីចំនួន១០៥ នៃ១៤៩គ្រួសារតំណាងដោយលោក ម៉ន ស៊ីណា និងលោក ណន ប៊ុនធឿន បានឱ្យអ្នកសារព័ត៌មានដឹងថា ពេលក្រុមពលរដ្ឋសហកូនបំណុលម្ខាងទៀតដែលតំណាងដោយលោក ហោ សុខជា មករារាំងបង្អាក់ដំណើរការ ចុះអនុវត្តដីកាសម្រេចចាត់ចែងជាបណ្ដោះអា សន្ន ខាងភាគីពលរដ្ឋសហម្ខាស់បំណុលចំនួន១០៥ នៃ១៤៩គ្រួសារ យើងខ្ញុំក៍នាំគ្នាចាកចេញពីទីតាំងដីចុះអនុ វត្តខាងលើដើម្បីចៀសវាងកុំឱ្យមានរឿងប្រទូសរ៉ាយនឹងគ្នា។

តំណាងពលរដ្ឋសហម្ខាស់បំណុលចំនួន១០៥ នៃ១៤៩គ្រួសារ ស្នើសុំឱ្យ លោកអាជ្ញាសាលា នៃសាលាដំបូង ខែត្រព្រះសីហនុ មេត្តា បន្តនីតិវិធីចុះអនុវត្តសេចក្ដីសម្រេចចាត់ចែងជាបណ្ដោះអាសន្នសាជាថ្មីដើម្បីកុំឱ្យទំ នាស់រ៉ាំរ៉ៃបន្តអូសបន្លាយវែងឆ្ងាយតទៅទៀត។

 

លោក ម៉ន ស៊ីណា ក៍បានសំណូមពរបន្ថែមថា សូមអាជ្ញាធរមូលដ្ឋាន មេត្តានាំគ្នាគោរពស្មារតីកិច្ចប្រជុំជាមួយ ឯកឧត្តម គួច ចំរើន អភិបាល ខែត្រព្រះសីហនុ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយហាមមិនឱ្យធ្វើសកម្ម ភាពអ្វីតទៅទៀតលើដីកំពុងមានវិវាទ និងសូមឱ្យគោរពសេចក្ដីសម្រេចរបស់ តុលាការ ដែលមានលិខិតលេខ៣៣៦ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ គឺហាមមិនឱ្យឈួសឆាយសាងសង់អ្វីតទៅទៀតដើម្បីរង់ចាំការសម្រេចអង្គសេចក្ដីចូលជាស្ថាពរក្នុង សំណុំរឿងរដ្ឋបវេណី លេខ១៦៦ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៃ សាលាដំបូង ខែត្រព្រហសីហនុ សិនទើបអស់លោកចង់ធ្វើអ្វីក៍ធ្វើទៅ។ ឥឡូវរឿងវិវាទកំពុងតែបន្តនីតិវិធីស្ថិតក្នុងដៃតុលាការ ពុំទាន់ សម្រេចអង្គសេចក្ដី ចូលជាស្ថាពរ ទៅឱ្យភាគីសហម្ចាស់បំណុល ឬភាគីសហកូនបំណុលនៅឡើយទេ។ បើភាគីខាងយើងខ្ញុំឈ្នះក្ដីក៍យើងខ្ញុំសប្បាយចិត្ត។ បើភាគីសហកូនបំណុលចាញ់ក្ដីក៍ចាញ់ដោយអស់ចិត្តដែរ។

គួររំលឹកថា ភាគីពលរដ្ឋខាងលោកស្រី ហ៊ឹម សុវណ្ណរី សព្វថ្ងៃតំណាងដោយលោក ហោ សុខជា មានដីទំហំ១៣៩ហិកតានៅលើទីតាំងដីមានទំនាស់តួលេខពលរដ្ឋកើនឡើងរហូត គឺតាំងពី២៥គ្រួសារឡើងដល់៨៨៩ គ្រួសារ។ ដោយឡែក ពលរដ្ឋខាងសហម្ចាស់បំណុលតំណាងដោយលោក ម៉ន ស៊ីណា មានពលរដ្ឋចំនួន១០៥នៃចំនួន១៤៩គ្រួសារគឺនៅតែដដែល។ តើភាគីខាងណាជាអ្នកបំប៉ោងកេណ្ឌពលរដ្ឋបន្ថែមយកចំនួនដ៏ច្រើនបែបនេះ ? ៕