មនុស្ស៥នាក់បានស្លាប់ភ្លាមៗនិងពីរនាក់ទៀតរងរបួសធ្ងន់ស្រាលលើផ្លូវល្បឿនលឿនក្នុង ស្រុកសំរោងទង

0
75

ដោយ: ច្បារមន
កំពង់ស្ពឺ: ស្ត្រីវ័យ៣៣ឆ្នាំបានបញ្ជារថយន្តអាល់ផាត សេរីទំនើបខណៈផ្លូវកោងបណ្ដាលឡានក្រឡាប់ហោះទៅចំណែកផ្លូវម្ខាងទៀតបណ្ដាលឱ្យមនុស្សប្រុសស្រី៥នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯអ្នករួមដំណើរពីរនាក់ទៀតរងរបួសធ្ងន់ស្រាល។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះកើតឡើងលើផ្លូវល្បឿនលឿន (K.២០+៣០០) ត្រង់ចំណុច ភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខែត្រកំពង់ស្ពឺ វេលាម៉ោង៦និង៤៤នាទីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

មុនកើតពេលកើតហេតុគេឃើញរថយន្តម៉ាក តូយ៉ូតា អាល់ផាត (TOYOTA ALPHARD) ពណ៌សពាក់ផ្លាក លេខ ភ្នំពេញ ២BD-៦៦៥៧ អ្នកបើកបរឈ្មោះ ញឹក ពិសី ភេទស្រីអាយុ៣៣ឆ្នាំស្លាប់ ហើយមានអ្នករួមដំណើរជាមួយចំនួន៦នាក់ទៀតក្នុងគោលដៅដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ ដូចជាទី១-ឈ្មោះ ហេង កុសល ភេទប្រុសអាយុ៣៥ឆ្នាំរបួសស្រាល។ ទី២-ឈ្មោះ ញឹក តុលា ភេទស្រីអាយុ៣៨ឆ្នាំស្លាប់។ ទី៣-ឈ្មោះ គឹម ឡៃណាត ភេទស្រីអាយុ៦៥ឆ្នាំស្លាប់ ត្រូវជាម្តាយបង្កើត។ ទី៤-ឈ្មោះ គឹម ថាវី ភេទស្រីអាយុ៥៤ឆ្នាំស្លាប់។
ទី៥-ឈ្មោះ ទិត្យ ប៊ុនណា ភេទប្រុសអាយុ៦៦ឆ្នាំ ស្លាប់ត្រូវជាឪពុក។ ទី៦-ឈ្មោះ ហេង ពេជ្រពិសី ភេទស្រីអាយុ១៣ឆ្នាំរបួសធ្ងន់។ ពួកគាត់ទាំងប្រាំពីរនាក់រស់នៅ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តអាល់ផាត បើកបរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើបានរេចង្កូតបុករបាំងផ្លូវក្រឡាប់ បណ្តាលឲ្យស្លាប់មនុស្ស៥នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ នគរបាលបានយកសពជនរងគ្រោះទៅរក្សាទុកនៅ ទីស្នាក់ការបញ្ជកំពង់ស្ពឺកើត (K២៦) ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកអ្នករបួសបានបញ្ជូនទៅព្យាបាលនៅ មន្ទីរភ្នំពេញ។ មូលហេតុគ្រោះថ្នាក់នេះ គឺបើកបរក្នុងស្ថានភាពលឿនត្រង់ចំណុចផ្លូវកោង។

គួរបញ្ជាក់ថា ឃាតករលាក់មុខ គឺគ្រោះថ្នាក់ចរាចរនេះឯង។ ក្នុងមួយថ្ងៃៗវាបានសម្លាប់មនុស្សច្រើនជាងជំងឺផ្សេងៗនៅកម្ពុជា។ ដូច្នេះហើយចូរយើងនាំគ្នាគោរពច្បាប់ចរាចរ។ កន្លងមកមានបងប្អូនមួយចំនួនបានខឹងនឹងអ្នកអនុវត្តច្បាប់ចរាចរ គឺប៉ូលិសចាប់លឿនផាកពិន័យ។ សម្រាប់អ្នកមិនយល់ពីច្បាប់ចរាចរតែងតែមិនសប្បាយ ចិត្តនឹងនគរបាលផាកពិន័យនោះទេ ខណៈយើងបើកបរខុសច្បាប់។ ប៉ុន្តែវាមិនខុសអ្វីនឹងកូនក្មេងកំពុងតែលេងភ្លើងឪពុកម្ដាយហាមពុំស្ដាប់លទ្ធផលចុងក្រោយរលាកដៃយំ…៕