ភ្នំពេញៈ ក្រោយពីការឡើងកាន់តំណែងជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា កាលពីអំឡុង ខែមេសា ឆ្នាំ២០១៦ រួចមកលោក ហ៊ឹម ឆែម រដ្ឋមន្ត្រី មិនរវីរវល់នឹងការងារអ្វីទេ គឺដូចជាពាក្យចាស់លោកពោលថា «ដេកដួលរមួលផ្សំគ្រេច» តែម្តង។ ចាប់តាំងពីនោះមកមតិមហាជនបានរិះគន់ការដឹកនាំរបស់ លោក គឺសូន្យគ្មានលទ្ធផលអ្វីជាដុំកំភួនសោះ មិនស្មើការដឹកនាំរបស់អតីតរដ្ឋមន្ត្រីមុនៗឡើយ ដែលធ្វើឲ្យកិត្តិនាមក្រសួងស្ទើរតែបាត់ឈ្មោះក្នុងពិភពគុន។
ការដឹកនាំរបៀបខ្ជីខ្ជារបស់លោក ហ៊ឹម ឆែម បានធ្វើឲ្យមន្ត្រីថ្នាក់ក្រោមៗ ប្រព្រឹត្តអំពើពុករលួយស៊ីលុយរដ្ឋ ដោយមិនមានផែនការច្បាស់លាស់ ក្នុងការអនុវត្តការងារ។ ដោយសារកត្តានេះហើយបានជា រាជរដ្ឋាភិបាលកម្ពុជា បិទមិនឲ្យមានការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីចូលបម្រើការងារនៅក្នុងក្រសួងធម្មការ នេះដោយហេតុថា ការប្រឡងជ្រើសរើសក្របខណ្ឌម្តងៗប្រព្រឹត្តអំពើពុករលួយ ហើយថែមទាំងដាក់កូនចៅរបស់គាត់ឱ្យជាប់ទៀតផង។
ថ្នាក់ដឹកនាំក្រសួង ក៍ដូចមន្ត្រីរាជការទាំងមូល មិនពេញចិត្តលើការដឹកនាំរបស់លោករដ្ឋមន្ត្រីនេះទេ តែបើនិយាយពីគ្រួសារនិយម ក្រសួងធម្មការ ជាប់ចំណាត់ថ្នាក់លេខ១ គឺលោក ហ៊ឹម ឆែម បានដាក់កូនរបស់ខ្លួន ក្នុងតំណែងខ្ពស់ៗមានដូចជាទី១.លោកស្រី សួស ណារ៉ា ជាប្រពន្ធ មានតួនាទីជា ទីប្រឹក្សាក្រសួង ឋានៈស្មើ រដ្ឋលេខាធិការ។ ទី២.លោក ជា ណារ៉េត ជាកូនប្រសារ មានតួនាទីជា នាយកខុទ្ទកាល័យផង និងជា អនុ រដ្ឋលេខាធិការ ក្រសួងផង។ ទី៣.លោក ហ៊ឹម វិបុលឫទ្ធិ ជាកូនបង្កើត មានតួនាទីជា អគ្គនាយកកិច្ចការសាសនា។ ទី៤.លោក ហ៊ឹម និមល ជាកូនបង្កើត មានតួនាទីជា អនុរដ្ឋលេខាធិការ។ ទី៥.លោក ហ៊ឹម វិបុលផល ជាកូនបង្កើត មានតួនាទីជា អនុរដ្ឋលេខាធិការ នៅក្នុង ក្រសួងធម្មការ តែមួយ។
ក្រៅពីការតែងតាំងកូនបង្កើតរបស់ខ្លួនមានតួនាទីគ្រាក់ៗក្នុងស្ថាប័នមួយនេះនៅមាន កូនក្មួយជាច្រើននាក់ទៀត ក្លាយជាមន្ត្រីក្របខណ្ឌក្រសួងធម្មការ និងសាសនា ដែលកំពុងបម្រើការងារនៅតាម នាយកដ្ឋាន ចំណុះឲ្យក្រសួងធម្មការ ថែមទៀតផង។
មន្ត្រីជាច្រើននាក់នៅក្នុង ក្រសួងធម្មការ បានឃើញទង្វើបែបនេះមានការអន់ចិត្តជាខ្លាំងដោយនឹកស្មានមិនដល់ថា លោក ហ៊ឹម ឆែម ហ៊ានតែងតាំងកូនចៅខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយមិនខ្លាចរអាអ្វីបន្តិចឡើយ។ សព្វថ្ងៃករណីនេះមានមន្ត្រីមួយចំនួនបានបង្ហើបថា ការតែងតាំងមន្ត្រីសព្វថ្ងៃគឺធ្វើឡើងក្រោមការសូកប៉ាន់ ប្រព្រឹត្តអំពើពុករលួយ ដោយមិនខ្លាចចំណាត់ការរបស់ រាជរដ្ឋាភិបាល នោះទេ។ ជាក់ស្តែងការតែងតាំង ក្រោមការសូកប៉ាន់នេះធ្វើឡើងមហាសែនលោតផ្លោះគ្រប់តំណែងពី មន្ត្រីធម្មតា ទៅជា អគ្គនាយករង ពីអនុប្រធានការិយាល័យ ទៅជា អនុប្រធាននាយកដ្ឋាន ពីប្រធានការិយាល័យ ទៅជាប្រធាននាយកដ្ឋាន។ល។ ទង្វើឈ្លក់វង្វេងនឹង អំពើពុករលួយ នេះដែលធ្វើឲ្យកិត្តិនាម ក្រសួងធម្មការ ធ្លាក់ចុះធ្ងន់ធ្ងរយ៉ាងត្រដាប។
ដោយភ្ជាប់បញ្ហានេះផងដែរលោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោ សែន បានរិះគន់រឿង ព្រះសង្ឃចៅអធិការ វត្តពោធិចិនតុង លួចលាក់មានស្រី។ មិនតែប៉ុណ្ណោះមានមន្ត្រីសង្ឃខ្លះចេញមុខមក ការពារថែមទៀតផងបែរជា រដ្ឋមន្ត្រីក្រសួងធម្មការស្ងាត់ឈឹងបើអាចយកល្អគួរតែសុំលាពីរដ្ឋមន្ត្រី ក្រសួងធម្មការ ទៅទុកឱ្យក្មេងៗជំនន់ក្រោយធ្វើការម្តង។ ព្រោះញ័រដូចលលកត្រូវគ្រាប់លុញទៅហើយ។ ជាមួយ គ្នានេះលោកស្រីក៍បានសុំឲ្យលោក ហ៊ឹម ឆែម រដ្ឋមន្ត្រី ក្រសួងធម្មការ មានចំណាត់ការចំពោះសង្ឃនេះ ផងដែរ ចេញមុខការពារសង្ឃកំហូចនាំឲ្យអាប់ឱន វិស័យព្រះពុទ្ធសាសនាខ្មែរ។
លោកស្រីក៍មានចម្ងល់ទៀតថា រដ្ឋមន្ត្រីក្រសួងធម្មការ អត់មានមើលសង្ឃកំហូចមានស្រីញីអ្វីទេ ស្ងាត់ឈឹងខូចសាសនាអស់ហើយ? សាសនារលត់រលាយ ដោយសារថ្នាក់ដឹកនាំក្រសួងមិនគិតគូរ។ សូមជួយមើលលោក សង្ឃហ្នឹងផង បើមកបួសមិនទាន់ដាច់កិលេសទេកុំឲ្យបួសអ្វី។ លោកតា ហ៊ឹម ឆែម គួរយកគំរូតាមលោកតា គាត់ ឈន់ ទម្លាក់ចោលនយោបាយទៅរស់នៅជីវិតចុងក្រោយធម្មតា។ មានអ្នកខ្លះដើរសុទ្ធតែគ្រាទៅហើយ នៅមិនឈប់ទៀត…។
ជុំវិញការចោទប្រកាន់ខាងលើគេមិនអាចទាក់ទងសុំការបំភ្លឺពីលោក ហ៊ឹម ឆែម រដ្ឋមន្ត្រី និងអ្នកនាំពាក្យក្រ សួងបានឡើយ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នេះ។
ថ្នាក់ដឹកនាំក៍ដូច មន្ត្រីរាជការ ក្រសួងធម្មការ សំណូមពរដល់សម្តេចតេជោនាយករដ្ឋមន្ត្រីក៍ដូច អង្គភាពប្រ ឆាំងអំពើពុករលួយ សូមពិនិត្យមើលករណីនេះផង ប្រសិនបើគ្មានការកែទម្រង់ណាមួយនោះទេ ការងារវិស័យសាសនានៅកម្ពុជានឹងធ្លាក់ដាំក្បាលចុះជាពុំខានឡើយ៕