ប្រធានមន្ទីររៀបចំដែនដី ខែត្រព្រះសីហនុ លួចចេញប្លង់រឹងឱ្យឪពុកមាខ្លួនចំនួន៧បណ្ណគ្របលើដីព្រៃកោងកាងនៅស្រុកព្រៃនប់

0
1047

ដោយៈ អធិបតី
ភ្នំពេញៈ បើទោះបីជាទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញ សជណ ឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និរាករណ៍ឬដកហូតបណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និង លិខិតបញ្ជាក់ការកាន់កាប់ដី នានាយ៉ាងណាក្ដី ក៍ប៉ុន្តែ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខែត្រព្រះសីហនុដ៏មហិមាបានលួចចេញប្លង់រឹងយ៉ាងគឃ្លើនឱ្យទៅឪពុកមារបស់ខ្លួនគ្របលើដីរដ្ឋតំបន់ការពារនៃព្រៃកោងកាង ចំនួន៧បណ្ណស្មើនឹងដីជាង៣០ហិកតាស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខែត្រព្រះ សីហនុ។

តំបន់ការពារ ព្រៃកោងកាង ទាំងនេះនៅតែជាគោលដៅចង់បាននៃពួកឈ្មួញទុច្ចរិតមួយចំនួនតាមរយៈកាប់បំ ផ្លាញទន្ទ្រានដោយខុសច្បាប់យ៉ាងរង្គាលដើម្បីយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនបង្កឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ ប្រជានេសាទកំពុងតែអាស្រ័យផល។ តំបន់ទាំងនេះវាជាសម្ភពជីវៈចម្រុះការករកើតធនធានធម្មជាតិ នៃសមុទ្រ សម្រាប់ទ្រទ្រង់ជីវភាពសហគមន៍ក្រីក្រ និងជួយការពារបរិស្ថានមនុស្សសត្វដ៏សំខាន់។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខែត្រព្រះសីហនុ បានលួចចេញប្លង់រឹង កម្មសិទ្ធិទាំង៧បណ្ណនេះទៅឱ្យឪពុកមារបស់ខ្លួនស្ថិតក្នុងគម្របព្រៃឈើ ឆ្នាំ២០០២ និងស្ថិតក្នុង តំបន់ព្រៃកោង កាង ដែលត្រូវការពារ។ ប៉ុន្តែការកសាងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មិនមានអនុក្រឹត្យកាត់ចេញពីគ ម្របព្រៃឈើ ២០០២ ដីព្រៃកោងកាង ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋសម្រាប់ប្រទានកម្មជាកម្មសិទ្ធិ ជូនប្រជាពលរដ្ឋឡើយ។ ការចេញប្លង់រឹងទាំង៧បណ្ណពី មន្ទីររៀបចំដែនដីខែត្រ នេះទៅឱ្យបុគ្គលឈ្មោះ មាស សូលឡុង ត្រូវជាឪពុកមាលោក ចេង ស្រុង នោះបើគ្មានការឯកភាពពីលោក គួច ចំរើន អភិបាល ខែត្រព្រះ សីហនុ គឺពុំអាចទៅរួចឡើយ។

ទីស្ដីការគណៈរដ្ឋមន្ត្រី ចេញលិខិត លេខ៦១៦ សជណ.កស កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ត្រី បានជម្រាបជូន រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋមន្ត្រីក្រ សួងកសិកម្ម ឱ្យបានជ្រាបថា « ករណីរបាយការណ៍ ស្ដីពីស្ថានភាព ព្រៃកោងកាង តាមតំបន់ឆ្នេរ នៃប្រទេស កម្ពុជា រាជរដ្ឋាភិបាល ជូនឯកឧត្ដម ជា សុផារ៉ា ផ្ដល់មតិសំខាន់លើចំណុចទី២ «និរាករណ៍ឬដកហូតបណ្ណកម្ម សិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនិងលិខិតបញ្ជាក់ការកាន់កាប់ដីរបស់មន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរដែនដីនៃ ខែត្រទាំង៤ (ខែត្រកំពត ខែត្រកែប ខែត្រព្រះសីហនុ និង ខែត្រកោះកុង) ដែលមានការពាក់ព័ន្ធដីព្រៃកោងកាង»។

រដ្ឋបាល ខែត្រព្រះសីហនុ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានចេញ លិខិតបង្គាប់ការ ចុះហត្ថលេខា ដោយលោក គួច ចំរើន អភិបាលខែត្រ ដែលមានប្រធាន អនុប្រធាន និងសមាជិកយ៉ាងតិច១២នាក់ មកពីគ្រប់ មន្ទីរជំនាញដឹកនាំដោយលោក គង់ វិតាណៈ អភិបាលរង ខែត្រព្រះសីហនុ ជាប្រធាន ដើម្បីចុះពិនិត្យ វាយតម្លៃ និងកំណត់អត្តសញ្ញាណដីមានទីតាំង ភូមិនិងឃុំខាងលើ តាមការស្នើសុំធ្វើអាជីវកម្មពីឈ្មោះ មាស សូលឡុង ឪពុកមាលោក ចេង ស្រុង។ ក៍ប៉ុន្តែពួកគេបំភ្លេច មន្ទីរបរិស្ថាន មួយចោលដែលជាឆ្អឹងទទឹងក នៃគម្រោងការ បំផ្លាញធនធានធម្មជាតិទឹកប្រៃនេះ។

ដោយទំនងជាមានឥទ្ធិពលអ្វីមួយទើបធ្វើឱ្យលោក គួច ចំរើន អភិបាលខែត្រ ចេញលិខិតលេខ ៩៩៥/២១ សជណ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ជម្រាបទៅលោក មាស សូលឡុង អាសយដ្ឋានផ្ទះលេខ៣០៨ ផ្លូវលេខ៩៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យ៉ាងលឿនបំផុតដោយនៅក្នុង កម្មវត្ថុ ករណីស្នើ សុំសម្អាតដីទំហំ ៣០៦.៦៩២ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ដើម្បីអភិវឌ្ឍ ន៍ជាសួនអភិរក្សសត្វត្រចៀកកាំទេសចរណ៍។

រដ្ឋបាលខែត្រ បានជម្រាបទៅលោក មាស សូលឡុង ថា «រដ្ឋបាល ខែត្រព្រះសីហនុ អនុញ្ញាតឱ្យលោកសម្អាត ទីតាំងសាងសង់ផ្ទះត្រចៀកកាំដើម្បីអភិវឌ្ឍន៍ជាសួនអភិរក្សសត្វត្រចៀកកាំទេសចរណ៍លើដីមាន វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៧បណ្ណរួមមាន ក្បាលដីលេខ ០៣៣៤, ០៣៣៥, ០៣៣៩, ០៣៤០, ០៣៤១, ០៣៤២, ០៣៤៣ មានទីតាំងស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខែត្រព្រះសីហនុ។ ទន្ទឹមនឹងនេះ មុនពេលសាងសង់ផ្ទះត្រចៀកកាំ លោកត្រូវអនុវត្តតាមការណែនាំដូចខាងក្រោមគឺទី១. ត្រូវទំនាក់ទំនងជាមួយ អាជ្ញាធរមានសមត្ថកិច្ច ជំនាញពាក់ព័ន្ធ និងភាគីជាប់ព្រំ ដើម្បីកំណត់ព្រំដី មុនអនុវត្តគម្រោងសាង សង់ផ្ទះត្រ ចៀកកាំ។ ទី២.ត្រូវរៀបចំប្លង់គោលគម្រោងអភិវឌ្ឍន៍ដាក់មក រដ្ឋបាល ខែត្រព្រះសីហនុ ដើម្បីពិនិត្យ និងសម្រេ ច។ ទី៣.ត្រូវរក្សាទុកព្រៃកោងកាងនៅក្នុងដីកម្មសិទ្ធិរបស់ខ្លួនឱ្យនៅសភាពដើមក្នុងករណី ទីតាំងដីមិនទាន់ធ្វើ ការអភិវឌ្ឍន៍ និងទី៤.ចំពោះការអភិវឌ្ឍន៍ ម្ចាស់សំណើត្រូវអនុវត្តជាជំហានៗ។

យោងតាមរបាយការណ៍ មន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខែត្រព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២១ ស្តីពីការចុះពិនិត្យវាយតម្លៃ និងកំណត់អត្តសញ្ញាណដី ដែលមានទីតាំងនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ តាមការចង្អុលបង្ហាញរបស់ឈ្មោះ មាស សូលឡុង ជាម្ចាស់ដី។ ផ្អែកលើលទ្ធផល នៃការចុះ ពិនិត្យជាក់ស្តែង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខែត្រ បានដំឡើងផែនទី និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធ គឺលទ្ធផលនៃការចុះពិនិត្យជាក់ស្តែងដល់ទីតាំងបានចង្អុលបង្ហាញដោយម្ចាស់សំណើឃើញថាគ្របដណ្តប់ដោយ ព្រៃកោងកាងទាំងស្រុង មានសភាពក្រាស់ ដុះលូតលាស់ល្អ និងមានប្រភេទចម្រុះដូចជា កោងកាង ក្រញឹប ស ក្រញឹបក្រហម ប្រសាក់ ឈើជ័រ បើស អម្ពរ អម្គា។ល។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ខែត្រ បន្តទៀតថា «លទ្ធផលបាន គណនាតាម ជីអាយអេស (GIS) ការគណនាតាម ជីធីអេស (GTS) បង្ហាញថា ក្បាលដីទាំង៧បណ្ណដែលមានទំហំសរុប ៣០៦.៦៩២ម៉ែត្រការ៉េ មានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១០ ស្ថិតនៅក្នុងគម្របព្រៃឈើ ២០០២ ដែលមានទំហំ ២៣៨.៨៧៥ម៉ែត្រការ៉េ។ ម៉្យាងទៀតក្បាលដីទាំង៧បណ្ណនេះ ស្ថិតក្នុងផែនទី ព្រៃកោងកាងទំហំ ២៦៥.៨១៣ ម៉ែត្រការ៉េ។ ដោយឡែក ក្បាលដីលេខ៣៣៩ ទំហំ៤៥.០៨១ និងលេខ៣៤០ ទំហំ៥៦.៣៩០ម៉ែត្រការ៉េ ត្រូវបាន ផ្ទេរបណ្ណនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ ទីតាំងទាំង៧ក្បាលដីនេះស្ថិតក្នុង គម្របព្រៃឈើ ២០០២ និងស្ថិត ក្នុង តំបន់ព្រៃកោងកាង ដែលត្រូវការពារ។ ប៉ុន្តែការកសាងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំងអស់នេះ មិនមានអនុក្រឹត្យកាត់ចេញពីគម្របព្រៃឈើ ២០០២ ឬដីព្រៃកោងកាង ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្ម ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ នោះទេ»។

តំណាងប្រជានេសាទ និងគណៈកម្មការសហគមន៍នេសាទព្រៃនប់២ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ពួកគាត់មានការព្រួយបារម្ភជាខ្លាំងចំពោះការបាត់បង់ ព្រៃកោងកាង ជាជម្រកជីវៈចម្រុះស ម្រាប់ប្រជានេសាទអាស្រ័យផល ហើយពួកគាត់ស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជួយទប់ស្កាត់បទល្មើ សកាប់បំផ្លាញ ព្រៃកោងកាងនេះតទៅទៀតដើម្បីទុកលទ្ធភាពឲ្យពលរដ្ឋក្រីក្ររកស៊ីទទួលទាន ចិញ្ចឹមជីវិតប្រ ចាំថ្ងៃ។ ពួកគាត់មានការអន់ចិត្តជាខ្លាំងចំពោះលោក គួច ចំរើន អភិបាល ខែត្រព្រះសីហនុ និងលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី ជាមន្ត្រីជំនាញដែលបានគប់គិតគ្នាចេញបណ្ណកម្មសិទ្ធិដីព្រៃកោងកាងសហគម ន៍ព្រៃនប់២ មិនប្រក្រតី។

ប្រជាពលរដ្ឋទាំងនោះក៍បានទទូចស្នើសុំឲ្យ រាជរដ្ឋាភិបាល ដកហូតឬលុបចោលបណ្ណកម្មសិទ្ធិគ្របលើដី ព្រៃ កោងកាង របស់សហគមន៍នេសាទព្រៃនប់២។ ជាពិសេសពួកគាត់សំណូមពរទៅ អង្គភាពប្រឆាំងអំពើពុក រលួយ ដែលមានលោក ឳម យ៉ិនទៀង ជាប្រធាន សូមពិនិត្យមើលភាពមិនប្រក្រតី នៃការលួចចេញប្លង់រឹង ទាំង៧បណ្ណគ្របលើ ដីព្រៃកោងកាង ដែលឈានទៅការបំផ្លាញបរិស្ថាន នៃជីវៈចម្រុះ ធនធានធម្មជាតិដ៏កម្រ នៅកម្ពុជា។

អង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ថា «ស៊ីអិនរ៉ូ» (CNRO) ក៍ដូចជាសង្គមស៊ីវិលមួយចំនួន សូមអបអរ សារទរ និងគាំទ្រដល់ប្រមុខ រាជរដ្ឋាភិបាល ចេញ សជណ ខាងលើ ដែលមានវិធានការគ្រប់គ្រង ធនធាន ធម្មជាតិ។ ជាពិសេសទៅលើអ្នកកាន់កាប់ ដីព្រៃកោងកាង តាមតំបន់ឆ្នេរសមុទ្រទាំង៤ខែត្រ ( ព្រះសីហនុ កំពត កែប និង កោះកុង) និងសូមឱ្យក្រសួងស្ថាប័នពាក់ព័ន្ធពន្លឿន និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងការដក ហូត ព្រៃកោងកាង នៅតំបន់ខាងលើទុកជាសម្បត្តិរដ្ឋវិញស្របតាម ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ជលផល ភូមិបាល ឆ្នាំ២០០១ និងអនុក្រឹត្យ រួមទាំងឯកសារពាក់ព័ន្ធនានាបង្ហាញថា ដីសាធារណៈរបស់រដ្ឋមិនអាចក្លាយទៅជា
កម្មសិទ្ធិឯកជនបានឡើយ។

ដោយមើលឃើញការឆក់ឳកាសនិយមបំផ្លាញធនធានធម្មជាតិ ដ៏គួរឱ្យព្រួយបារម្ភនៃតំបន់ព្រៃកោងកាង អង្គ ការស៊ីអិនរ៉ូ មានទីស្នាក់ការនៅ ខែត្រព្រះសីហនុ ចាត់ទុកថា សហគមន៍តំបន់ព្រៃនប់២ ជាកន្លែង សួនកោង កាងអាពាហ៍ពិពាហ៍។ កាលជំនាន់លោក យន្ត មីន អភិបាលខែត្រ តែងតែចុះទៅជួយដាំកោងកាង នៅទីនោះ ជាពិសេសគូរស្នេហ៍ដែលបានរៀបការហើយនៅក្នុងតំបន់ហ្នឹងត្រូវតែទៅ ដាំដើមកោងកាង ឱ្យបានមួយដើមទុក ជានិមិត្តរូបការពារធនធានធម្មជាតិ។

ម្ចាស់ករណី នៃការចេញប្លង់រឹងចំនួន៧បណ្ណឱ្យឪពុកមារបស់ខ្លួនគ្របលើ ដីតំបន់ព្រៃកោងកាង គឺលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី ខែត្រព្រះសីហនុ ពុំបានឆ្លើយបំភ្លឺអ្វីឡើយជុំវិញរឿងចេញបណ្ណ៧ប្លង់ខាងលើ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ពីព្រោះទូរស័ព្ទចូលចំនួនពីរដងតែគ្មានអ្នកទទួល។ ចរិកក្រអឺតក្រទម របស់លោក ចេង ស្រុង បើសិនជាឃើញលេខទូរស័ព្ទណាមិនស្គាល់គឺលោកមិនទទួលឡើយ។

ចំណែកមន្ត្រី នៃមន្ទីរបរិស្ថាន ខែត្រព្រះសីហនុ ម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះដោយទំនងជាខ្លាចប៉ះពាល់ដល់ការងារខ្លួនក៍បាននិយាយបង្វែរដានថា រឿងនេះមិន ស្ថិតក្នុងដែនដីរបស់បរិស្ថានគ្រប់គ្រងឡើយ ហើយគាត់ក៍បានរុញសំណួរអ្នកសារព័ត៌មានឱ្យទៅសួរខាង មន្ទីរ កសិកម្ម វិញ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលា ខែត្រព្រះសីហនុ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ គឺពុំបាន ដឹងរឿងចេញប្លង់រឹងទាំង៧បណ្ណនៅលើ ដីតំបន់ព្រៃកោងកាងនោះទេ ក៍ប៉ុន្តែលោកក៍បានសុំពេលសួរនាំទៅ ខាងជំនាញ មន្ទីររៀបចំដែនដីខែត្រ សិន។

យោងតាមច្បាប់ជលផល ស្ដីពីការថែរក្សាអភិរក្សព្រៃកោងកាង និងព្រៃលិចទឹក មាត្រា៩៨ ចែងថា បុគ្គលដែល កាប់ទន្ទានព្រៃកោងកាង និងព្រៃលិចទឹកនិងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារចាប់ពី៣ឆ្នាំទៅ៥ឆ្នាំ និងពិន័យជា  ប្រាក់ជាច្រើនទៀតទៅតាមស្ថានភាពនៃបទល្មើស។ ទន្ទឹមនឹងនោះ មន្ត្រី អាជ្ញាធរដែនដី មានការទទួលខុស ត្រូវ និងទោសទណ្ឌដូចគ្នាដែរ ចំពោះបទល្មើសបំផ្លាញព្រៃលិចទឹក និងព្រៃកោងកាងនេះ។ មាត្រា១០២ សកម្ម ភាពទាំងឡាយណាដែលធ្វើឡើងដោយមន្ត្រី អាជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីកងយោធពលខេមរភូមិន្ទ ឬ មន្ត្រីអាជ្ញាធរផ្សេងៗទៀត ដើម្បីធ្វើអន្តរាគមន៍ផ្ដល់ការអនុញ្ញាតដោយផ្ទាល់ឬដោយប្រយោលជួយដល់អាជីវកម្ម ជលផល និងជួយធ្វើសកម្មភាពគ្រប់បែបយ៉ាងផ្ទុយពីប្បញ្ញត្ដិច្បាប់នេះ ឬធ្វើការគំរាមកំហែងដល់ មន្ត្រីរដ្ឋបាល ជលផល ឬរាំងស្ទះដល់ការបំពេញភារកិច្ចរបស់ មន្ត្រីរដ្ឋបាលជលផល និងកិច្ចប្រតិបត្ដិការ របស់មន្ដ្រីរដ្ឋបាល ជលផល ត្រូវចាត់ទុកជាបទល្មើសដែលត្រូវផន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ឬពិន័យជាប្រាក់ពី៥លាន ទៅ៥០លានរៀល។

គួររំឭកថា លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី ខែត្រព្រះសីហនុ ដែលមានរឿងអាស្រូវពុករលួយជា ច្រើន ជាពិសេសកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ លោកបានបន្សល់ទុកនូវទុក្ខសោកនាដកម្មមួយជាប្រវត្តិ សាស្រ្តដ៏ជូរចត់បំផុតឱ្យកម្ពុជាគឺបានអនុញ្ញាត ឱ្យក្រុមហ៊ុនជនជាតិចិន សាងសង់អគារកម្ពស់៧ជានស្ថិតនៅ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំរាបដល់ដីសម្លាប់មនុស្ស២៨នាក់ ស្រី៤នាក់ និងរងរបួស២៦នាក់ ស្រី២នាក់។ មិនត្រឹមតែប៉ុណ្ណោះលោក ចេង ស្រុង បានលួចចេញប្លង់រឹងខុសប្រក្រតីជាច្រើនករណីទៀតនៅ ក្នុងដែនដីរបស់ខ្លួន។ ដូច្នេះស្ថាប័នព័ត៌មានយើងនឹងបញ្ចេញការផ្សាយម្ដងមួយៗជាបន្តបន្ទាប់៕

លោក យន្ត មីន អតីតអភិបាល ខែត្រព្រះសីហនុ ធ្លាប់ចុះដាំដើមកោងកាងនៅក្នុង ស្រុកព្រៃនប់

លោក គួច ចំរើន អភិបាល ខែត្រព្រះសីហនុ

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ខែត្រព្រះសីហនុ

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី អង្គុយទល់មុខលោក គួច ចំរើន អភិបាល ខែត្រព្រះសីហនុ