​សណ្ឋាគារ​៥​កន្លែង​នៅ​ខេត្តមណ្ឌលគិរី​ផ្តល់​បន្ទប់​ស្នាក់នៅ​ដល់​សិស្ស​ប្រឡង​បាក់​ឌុប​ ​

0
674

​ដោយៈ គោកធ្លក​
​ ​មណ្ឌលគិរីៈ សណ្ឋាគារ និង​ផ្ទះសំណាក់ ចំនួន​ប្រាំ​ដែល​កំពុង​បម្រើ​សេវាកម្ម​ស្នាក់​នៅក្នុង ខេត្តមណ្ឌលគិរី បាន​ចូលរួម​រំលែក​ការលំបាក​ជាមួយ សិស្សានុសិស្ស ត្រូវ​ប្រឡង​សញ្ញាបត្រ​ប​ធ្យ​មសិ​ក្សា​ទុតិយភូមិ ឆ្នាំ​២០១៩​។ សណ្ឋាគារ​និង​ផ្ទះសំណាក់ ទាំងនេះ​នឹងត្រូវ​ផ្តល់ជូន បេក្ខជន បេ​ក្ខ​នារី ប្រឡង​​រយៈពេល​ពីរ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី ១៨ រហូតដល់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​។

​លោក ងិន សុ​វិមាន ប្រធាន មន្ទីរ​ទេសចរណ៍ ខេត្តមណ្ឌលគិរី បញ្ជាក់ថា សណ្ឋាគារ​និង​ផ្ទះសំណាក់ ខាងលើ​ដែល​ចូលរួម​នោះ​មានដូចជា​ទី​១.​សណ្ឋាគារ មណ្ឌលគិរី ឧបត្ថម្ភ​ការ​ស្នាក់នៅ​បន្ទប់​គ្រែ​ពីរ​ចំនួន​១០​បន្ទប់​។ ទី​២.​សណ្ឋាគារ អឿ​នស​កុ​ណា ឧបត្ថម្ភ​បន្ទប់​គ្រែ​ពីរ​ចំនួន​ប្រាំបី​បន្ទប់​។ ទី​៣.​សណ្ឋាគារ ពេ​ជ​ទេវី ​ឧបត្ថម្ភ​បន្ទប់​គ្រែ​ពីរ​ចំនួន​បី​បន្ទប់​។ ទី​៤.​ផ្ទះសំណាក់ រស្មី​ពេជ្រ បន្ទប់​គ្រែ​ពីរ​ចំនួន​១៤​បន្ទប់ និង​ទី​៥.​ម៉ូ​តែ​ល ពេជ្រ​គិរី បន្ទប់​គ្រែ​ពីរ​ចំនួន​បួន​បន្ទប់​និង​គ្រែ​មួយចំនួន​​ប្រាំមួយ​បន្ទប់​។ ម៉ូ​តែ​ល​នេះ​នឹង​ឧបត្ថម្ភ​តែ​សិស្ស​មកពី ស្រុក​កែវ​សីមា តែប៉ុណ្ណោះ​។​
​ ​
​ម្ចាស់​គ្រប់គ្រង សណ្ឋាគារ​និង​ផ្ទះសំណាក់ ទាំង​ប្រាំ​ដែល​បាន​ឧបត្ថម្ភ​ដល់​ការ​ស្នាក់នៅ​ចំពោះ បេក្ខជន​ប្រឡង​នេះ បានបញ្ជាក់​ដូចៗ​គ្នា​ថា ការផ្តល់ជូន​សិស្ស​​ស្នាក់នៅ​គឺធ្វើឡើង​រយៈពេល​បួន​ឆ្នាំ​មកហើយ​។ ការផ្តល់ជូន​នេះ​ដើម្បី​សម្រាល​ទុក្ខលំបាក​ដល់​បេក្ខជន​ព្រមទាំង​ផ្សារភ្ជាប់​ជាមួយ​កា​ងារ​សង្គម​។ ពីព្រោះ​ចំនួន​​សិស្ស​បាន​កើនឡើង​អាច​ប្រឈម​នឹង​បញ្ហា​ការ​ស្នាក់នៅ​។​
​ ​
​យោងតាម ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃទី​១៦ ខែសីហា នេះ​ថា ហឹប​វិញ្ញាសា​សម្រាប់​ដំណើរការ​សំណេរ នៃ​ការប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​​ភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​សម័យ​ប្រឡង​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ ត្រូវ​ដឹកជញ្ជូន​ទៅដល់​រាជធានី​-​ខេត្ត​គោលដៅ​ទូទាំងប្រទេស​ដោយ​សុវត្ថិភាព​។​
​ ​
​ហឹប​វិញ្ញាសា​ទាំងនេះ នឹង​ត្រូវបាន​រក្សាទុក​ប្រកបដោយ​សុវត្ថិភាព ក្រោម​ការពិនិត្យ​យ៉ាង​ហ្មត់ចត់ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់ គណៈ​មេ​ប្រ​​យោគ គណៈកម្មការ​អប្បមាទ​ទូទាំងប្រទេស ព្រមទាំង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ដើម្បី​រក្សាបាន​នូវ​ស្តង់ដារ​នៃ​ការប្រឡង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕