តើកត្តាអ្វីខ្លះ ដែលនាំឲ្យបទល្មើសព្រៃឈើកើតមានឡើងបាន ?

0
469

ដោយ ភួង ផុន

ខេត្តរតនគិរី៖ កត្តាដែលនាំឲ្យកើតមានបទល្មើសព្រៃឈើបាន ដោយក្រុមហ៊ុនមួយចំនួន ធ្វើសកម្មភាពមិនស្របច្បាប់ ខណៈក្រុមហ៊ុនរបស់ពួកគេបានទទួលសិទិ្ធដីសម្បទានពីរាជរដ្ឋាភិបាល ក្នុងការវិនិយោគស្របច្បាប់ តែប្រព្រឹត្តផ្ទុយពីច្បាប់ នាំឲ្យមានបទល្មើសព្រៃឈើកើតឡើង ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិ បានលើកឡើងដូច្នេះក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅសាលប្រជុំអគារB សាលាខេត្តរនគិរី នាព្រឹកថ្ងៃទី៨ ខែសីហា  ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និង មន្រ្តីពីអន្តរក្រសួង ព្រមទាំងស្ថាប័នចម្រុះពាក់ព័ន្ធក្នុងខេត្តផងដែរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកចំណុចធំៗ៣ជូនអង្គប្រជុំ ដើម្បីធ្វើជាបទពិសោធន៍បន្តទៅមុខ ទី១/ ទីតាំង ភូមិសាស្រ្ថ កន្លែងដែលក្រុមហ៊ុនវិនិយោគ កន្លែងអភិរក្ស និង អភិវឌ្ឍន៍ រវាងកសិកម្ម និង បរិស្ថានមានចំណុចខ្លះមិនទាន់ឯកភាពគ្នា ។

ទី២/ពាក់ព័ន្ធនឹងការជ្រកក្រោមលេស ឬ ស្លាកសញ្ញាមានភាពស្របច្បាប់របស់ក្រុមហ៊ុន រួចធ្វើការកាប់ឈើកន្លែងផ្សេងអូសចូលក្រុមហ៊ុន ដើម្បីផលិតចេញជាឈើស្របច្បាប់ ការបង្កើតរោងសន្និធិឈើច្រើនកន្លែង ដែលធ្វើឲ្យឈើនេះមិនអាចទៅដល់គោលដៅត្រូវទៅ យកឈ្មោះដីសម្បទានសង្គមកិច្ច ដើម្បីទៅកាប់ឈើខុសច្បាប់ ការយកស្លាកសញ្ញាក្រសួងស្ថាប័នរបស់រដ្ឋ ដើម្បីជ្រកពួនគេចវេស ។

ទី៣/ការបង្កើតឲ្យមានភាពស្របច្បាប់ ដោយការចេញឯកសារបំពាន ជារឿងផ្សំគំនិតប្រព្រឹត្តបទល្មើស ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍សង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ថា អនុគណៈកម្មការខេត្ត ត្រូវតែបង្ក្រាបឲ្យអស់ កុំឲ្យកើតមាន បើទោះជាបទល្មើសនោះតូចតាច ឬក៏ទ្រង់ទ្រាយធំយ៉ាងណាក៏ដោយ មានន័យថា ការបង្ក្រាបលើកនេះ ជាលើកចុងក្រដើម្បីកុំឲ្យរាជរដ្ឋាភិបាល និង ប្រជាពលរដ្ឋមានការព្រួយបារម្ភ អំពីបទល្មើសធនធានធម្មជាតិ តទៅទៀត ។

ប៉ុន្តែក្រុមហ៊ុនដែលអនុវត្តទៅតាមសិទ្ធវិនិយោគត្រឹមត្រូវ ដាច់ខាតត្រូវតែការពារ ដោយឡែកក្រុមហ៊ុនដែលប្រព្រឹត្តបទល្មើស ដាច់ខាតត្រូវតែបង្ក្រាប ៕