អាងទឹកដងទង់ដែលមានទំហំជាង១២ហិកតាត្រូវបានមន្ត្រីគប់គិតរួមគំនិតក្បត់លួចលក់ឱ្យក្រុមហ៊ុន សេង សម្បត្តិ តម្លៃរាប់លានដុល្លារ

0
676

ដោយៈ បាយ៉ង់ថាមស៍
ខែត្រកំពត ៖ អំពើពុករលួយជាប្រព័ន្ធដោយសារលុយដុល្លារបាំងមុខជាធំចាប់តាំងពី ថ្នាក់ភូមិឃុំស្រុកមន្ត្រីជំ នាញរហូតដល់ថ្នាក់ខែត្រ ពួកគេពិតជាហ៊ានណាស់បានគប់គិតរួមគំនិតគ្នាក្បត់លួចលក់ទ្រព្យសម្បត្តិរដ្ឋ «អាងទឹកដងទង់» ជាកន្លែងស្តុកទឹកសម្រាប់ស្រោចស្របស្រែប្រាំងប្រជាកសិករដែលមានផ្ទៃដីទំហំជាង១២ ហិកតាទៅឱ្យក្រុមហ៊ុន សេង សម្បត្តិ ក្នុងតម្លៃរាប់លានដុល្លារដើម្បីសាងសង់ផ្ទះល្វែងលក់ស្ថិតនៅ ភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខែត្រកំពត។

ផ្ទៃអាងទឹកដងទង់ ដែលជាសម្បត្តិរដ្ឋមានតម្លៃនេះត្រូវបានក្រុមហ៊ុន សេង សម្បត្តិ ចាក់ដីលុបកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ពេញជាស្ថាពរគឺអង្ករក្លាយជាបាយដោយពុំមានច្បាប់អនុញ្ញាត។ ក្រុមហ៊ុននេះមានទីតាំង នៅ ភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខែត្រកំពង់ស្ពឺ បានលួចធ្វើប្លង់កម្មសិទ្ធិស្ងាត់ៗគ្របលើដីអាស្រ័យ ផលរបស់ពលរដ្ឋចំនួន២៩គ្រួសារដោយក្នុងនោះ១៩គ្រួសារយល់ព្រមលក់តែមិនទាន់ទទួលបានលុយគ្រប់ចំនួននៅឡើយទេ។ ប្រជាពលរដ្ឋនៅ ស្រុកដងទង់ និងមហាជនទូទាំងប្រទេសមានចម្ងល់ថា ឈ្មួញទិញដីតែ១៩គ្រួ សារមានផ្ទៃដីសរុបប្រហែល ៩ហិកតាសោះហេតុអ្វីត្រូវចាក់ដីលុបផ្ទៃអាងទឹកទាំងមូលរហូតដល់ជាង១២ហិក តាទៅវិញ? តើអាងទឹកនរណាជាអ្នកលក់ ?

លោក សេង សម្បត្តិ កើតឆ្នាំ១៩៧២ ជនជាតិខ្មែររស់នៅ ខែត្រកំពង់ស្ពឺ កាន់អត្តសញ្ញាណបណ្ណខ្មែរលេខ ០៣០៥៧៧៧៤០ បានធ្វើលិខិតស្នើសុំចាក់ដីលុប អាងទឹកដងទង់ រំលោភយកធ្វើកម្មសិទ្ធិដែលស្ថិតនៅ ភូមិឃុំខាងលើធ្វើនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។ ប៉ុន្តែនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរមូលដ្ឋានដូច ជាលោក តិល រិន មេភូមិសុភី លោក កែវ គឹម មេឃុំស្រែជាខាងជើង និងលោក ស៊ីវ ផេង អភិបាល ស្រុកដង ទង់ បានចុះហត្ថលេខាអនុញ្ញាតឱ្យលោក សេង សម្បត្តិ ចាក់ដីលុប អាងទឹកដងទង់ ទាំងបំពានច្បាប់រដ្ឋនៅ ថ្ងៃទី១៥ និងទី១៦ ខែមីនា ឆ្នាំ២០២១។

ដោយឡែកនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក សេង សម្បត្តិ ក៍បានព្យាយាមធ្វើលិខិតស្នើសុំចាក់ដីលុប អាងទឹកដងទង់ រំលោភយកធ្វើជាកម្មសិទ្ធិម្ដងទៀតទៅលោក ជាវ តាយ អភិបាល ខែត្រកំពត តាមរយៈ លោក មេភូមិ មេឃុំ និងអភិបាលស្រុក ដើម្បីចាក់ដីបំពេញសាងសង់ផ្ទះល្វែងលក់ តែមិនទាន់ទទួលបានការអនុញ្ញាត ចាក់ដីផងស្រាប់តែក្រុមហ៊ុនដាក់ឡានជាច្រើនគ្រឿងសម្រុកចាក់ដីរហូតបានសម្រេចស្របពេលអាជ្ញាធរស្រុកលោក ស៊ីវ ផេង ឱ្យអ្នកសារព័ត៌មានយើងដឹងថា លុយគេ ដីគេ គេទិញដីចាក់ដោយខ្លួនឯង លោកមិនមានសិទ្ធិ ហាមឃាត់គេនោះទេ។

ប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើជាម្ចាស់ដីក្នុងផ្ទៃ អាងទឹកដងទង់ បានលើកឡើងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះថា អាងទឹកដងទង់ ស្ថិតនៅក្នុង ភូមិសុភី នេះដែលមានទំហំផ្ទៃដីអាងជាង១២ហិកតាត្រូវក្រុម ហ៊ុន សេង សម្បត្តិ ចាក់ដីលុបរំលោភយកធ្វើជាកម្មសិទ្ធិដោយមានការគប់គិតគ្នាពីសំណាក់អាជ្ញាធរភូមិឃុំ ស្រុក មន្ត្រីជំនាញ រហូតដល់មន្ត្រីខែត្រ។ ការចាក់ដីលុបអាងទឹករួចហើយក្រុមហ៊ុនក៍បានធ្វើរបង ស័ង្កសីព័ទ្ធ ជុំវិញដើម្បីសាងសង់ផ្ទះល្វែងលក់បន្ត។ ឥឡូវនេះមានប្រជាពលរដ្ឋមួយចំនួនកំពុងតែផុងខ្លួនទិញគម្រោងផ្ទះ ល្វែងខ្យល់យ៉ាងតិចជាង៣០គ្រួសារផងដែរដោយម្នាក់កំពុងតែភ័យបុកពោះរឿងលុយកក់រាប់រយរាប់ពាន់ ដុល្លាររបស់ខ្លួន។

ក្រុមហ៊ុន សេង សម្បត្តិ បានរំលោភយកដីពលរដ្ឋដែលកំពុងអាស្រ័យផលក្នុង អាងទឹកដងទង់ មានចំនួន១០ គ្រួសារ ប៉ុន្តែមានអ្នកខ្លះបានទទួលលុយគ្រប់ចំនួនពីក្រុមហ៊ុន ហើយអ្នកខ្លះទៀតមិនទាន់ទទួលបានលុយគ្រប់ នោះទេ។ ប្រភពបន្តទៀតថា ការចាក់ដីលុបអាងទឹកនេះថ្វីបើសម្រេចមួយភាគរយក្ដី ប៉ុន្តែត្រូវបានបែកការណ៍ ដឹងដល់ថ្នាក់លើក៍គាំងធ្វើប្លង់មិនចេញនៅទើរត្រឹម ខែត្រកំពត។ រឿងដីនេះពលរដ្ឋបានដាក់ពាក្យបណ្ដឹងទៅ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អេស៊ីយូ (ACU) រួចស្រេចហើយដែរពោលគឺសាមីអង្គភាពនេះកំពុង តែធ្វើការស៊ើបអង្គេតយ៉ាងយកចិត្តទុកដាក់ ហើយមន្ត្រីខ្លះៗក៍ត្រូវបានកោះហៅសួរនាំជាច្រើនដងផងដែរ។

ដោយមិនអាចអត់ទ្រាំនឹងការរំលោភបំពានជិះជាន់អ្នកទន់ខ្សោយ ពលរដ្ឋរងគ្រោះបានចោទប្រកាន់ក្រុមហ៊ុន សេង សម្បត្តិ នេះថា បានចាយលុយជាមួយអាជ្ញាធរមូលដ្ឋានចាប់តាំងពី ថ្នាក់ភូមិឃុំស្រុក និងខែត្រអស់ជាង ៨០ម៉ឺនដុល្លារតែមិនទាន់បានប្លង់រឹងនៅឡើយទេ។ បើយោងតាមរូបភាពបែកធ្លាយមានមន្ត្រីខែត្រម្នាក់ឈ្មោះ វ៉ឹត វឌ្ឍនា ជានាយករដ្ឋបាល ខែត្រកំពត បានទទួលលុយជាច្រើនម៉ឺនដុល្លារពីលោក សេង សម្បត្តិ អមដោយឧត្តម ភរិយារបស់លោកបានចេញមកទទួលលុយយកទៅរាប់ដែលគេដាក់ក្នុងភាជន៍ទាំងទឹកមុខញញឹមបិទមាត់មិនជិតឡើយ។

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាល ស្រុកដងទង់ លោក ងន លាង បានធ្វើលិខិតសុំកាន់កាប់ដីធ្លីឱ្យលោក សេង សម្បត្តិ និងមនុស្សពីរនាក់ទៀត ឈ្មោះ សុខ ហ្គិច និងឈ្មោះ ចាន់ ស្រីឡែន ដែលអ្នកទាំងពីរបានទិញដីបន្តពី សេង សម្បត្តិ។ ប៉ុន្តែនៅក្នុង លិខិតដដែលនោះចុះហត្ថលេខាតែ ប្រធានភូមិបាលស្រុក អភិបាលស្រុក និងប្រធានមន្ទីររៀបចំដែនដីខែត្រ រីឯអភិបាលខែត្រវិញមិនបានចុះហត្ថលេខាទេ។

តាមប្រភពក្រៅផ្លូវការ ក្រសួងធនធានទឹកនិងឧតុនិយម មិនបានដឹងរឿងគេចាក់ដីលុប អាងទឹកដងទង់នេះទេ។ តែទោះជាយ៉ាងណាលោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខែត្រកំពត ចាត់ទុក ទំនប់អាង ទឹកដងទង់ ថាជាដីស្រែធម្មតាព្រោះនៅ ឆ្នាំ១៩៨៥ ឬ៨៦ ត្រូវគេបង្កើតស្រុកថ្មី ហើយក៍បានជីកដីធ្វើជារបាំង ការពារសឹកសង្គ្រាមជាមួយខ្មែរក្រហម។ វាក៍មិនមែនជាកន្លែងទំនប់ទឹកសម្រាប់ពលរដ្ឋប្រើប្រាស់នោះទេ។ តែ ក្រោយមកពលរដ្ឋក៍នាំគ្នាសុំធ្វើប្លង់កាន់កាប់ហើយស្រុកក៍ធ្វើការបែងចែកឱ្យពួកគាត់អាស្រ័យផលរៀងៗខ្លួន។

ប្រធានមន្ទីរបន្តថា ទំនប់ដែលមានប្រវែងប្រហែល៣០០ម៉ែត្រនេះមិនមែនជាអាងទឹកសម្រាប់ស្រោចស្របស្រែ ចម្ការទេ។ យើងមិនបានចុះបញ្ជីការនៅ ក្រសួងធនធានទឹក ឡើយពីព្រោះវាមិនមែនជាលក្ខណៈចារឹកប្រព័ន្ធ ធារាសាស្ត្រ។ ធម្មតាការអភិវឌ្ឈន៍វាតែងតែមានផលប៉ះពាល់ខ្លះអីចឹងហើយសំខាន់យើងឈរលើគោលការណ៍ រួមគ្នាដោះស្រាយបញ្ចប់រឿង។

នៅរសៀលថ្ងៃទី១៨ ខែកញ្ញា លោក ស៊ីវ ផេង អភិបាល ស្រុកដងទង់ មិនអាចសុំការបំភ្លឺបានទេព្រោះទូរស័ព្ទ ចូលពុំមានអ្នកទទួល។ ចំណែកលោក អ៊ឹង ឆាយ អ្នកនាំពាក្យសាលា ខែត្រកំពត លើកឡើងថា អាជ្ញាធរកំពុង តែឈឺក្បាលរឿងហ្នឹង…។ នៅសប្ដាហ៍ក្រោយខែត្រនឹងកោះហៅពលរដ្ឋពាក់ព័ន្ធមកដោះស្រាយគ្នានៅខែត្រ រីឯខាងភាគីក្រុមហ៊ុនរង់ចាំតែសម្របសម្រួល។ យើងចង់បានតែយុត្ដិធម៌ជូនពលរដ្ឋដែលនៅសល់មិនទាន់ដោះ ស្រាយ៤គ្រួសារទៀត។

លោកបន្តថា កន្លែង អាងទឹកដងទង់ ពីមុនជាដីស្រែទំនាប ហើយក្រោយមកលោក ហៃ សូន អតីតអភិបាល ស្រុកបានកែនពលរដ្ឋមកធ្វើទំនប់ ឬលេនដ្ឋានជីកដីហើយក្រោមកគេធ្វើផ្លូវក៍ជីកថែមទៀតវាកាន់តែជ្រៅទៅ …។ លោកក៍បានឱ្យមន្ទីរជំនាញឆែកមើលអាងទឹកនោះថាពុំមានចុះបញ្ជីការនៅ ក្រសួងធនធានទឹក ទេ។

លោក សេង សម្បត្តិ ដែលដាក់លេខទូរស័ព្ទ ០៦៨ ៤២៨ ២៩៥ ទំនាក់ទំនងនៅក្នុងលិខិតស្នើសុំចាក់ដីលុប អាងទឹកដងទង់ ប៉ុន្តែអ្នកទទួលឈ្មោះផ្សេងធ្វើការនៅក្នុងក្រុមហ៊ុនក៍បានឆ្លើយតបថា ករណីខាងលើក្រុមហ៊ុន បានដោះស្រាយជាមួយពលរដ្ឋជិតចប់អស់ហើយ។ តែចំពោះរឿងគប់គិតគ្នាចាក់ដីរំលោភបំពានយកអាង
ទឹកវិញប្រភពនោះក៍បានបិទទូរស័ព្ទ ដោយពុំបានបកស្រាយអ្វីឡើយ។

ប្រជាពលរដ្ឋបានសំណូមពរសុំឱ្យអាជ្ញាធរ ខែត្រកំពត និងអង្គភាពប្រឆាំងអំពើពុករលួយ ជួយរកយុត្តិធម៌ ឬរក ដំណោះស្រាយសមស្របណាមួយជូនអ្នកដែលនៅសេសសល់។ អាជ្ញាធរពាក់ព័ន្ធខាងលើ ព្រមទាំងមន្ត្រីជំ នាញកំពុងខំព្យាយាមបកស្រាយយកត្រូវក្នុងរឿងគប់គិតរួមគំនិតគ្នាលួចលក់ដី អាងទឹកដងទង់ របស់រដ្ឋព្រោះ តែផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះមានតែ «អេស៊ីយូ» មួយទេដែលអាចធ្វើការស៊ើបអង្គេតបកស្បែកជនពុក រលួយទាំងនោះបាន។

យោងតាមប្រភពចុងក្រោយច្បាស់ការណ៍លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម បាន លើកឡើងខ្លីជុំវិញការគប់គិតគ្នាលួចលក់ អាងទឹកដងទង់ ថា « សុទ្ធតែពួកបំផ្លាញជាតិ !»។ ការលើកឡើង យ៉ាងដូច្នេះបន្ទាប់ពីលោករដ្ឋមន្ត្រីបានទទួលដំណឹងពី វេបសាយ បាយ៉ង់ថាមស៍ ចុះផ្សាយនៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

គួរបញ្ជាក់ថា ដីកំពុងតែមានជម្លោះដោះស្រាយមិនចេញផងស្រាប់តែក្រុមហ៊ុន សេង សម្បត្តិ សាងសង់ផ្ទះ ល្វែងលក់ឱ្យអតិថិជនយ៉ាងរំភើយទៅវិញ។ ម្យ៉ាងទៀតដីនេះជាដីអាងទឹករបស់រដ្ឋមិនមានចេញលិខិតឱ្យកាន់ កាប់ស្របច្បាប់ឡើយ។ ដូច្នេះសូមបងប្អូនពលរដ្ឋមុននឹងទិញផ្ទះឬដីធ្លីគួរតែសួរនាំព័ត៌មានឱ្យបានល្អិតល្អន់
បន្តិចដើម្បីកុំឱ្យខូចប្រយោជន៍ និងមានបញ្ហាទៅថ្ងៃខាងមុខ៕

IMG_1942 IMG_1943 IMG_7436 IMG_7437 IMG_9413 IMG_9415 IMG_9419 IMG_9420

IMG_9420