តុលាការខេត្តព្រះវិហារនឹងចេញដីការកោះហៅនាយផ្នែករដ្ឋបាលព្រៃឈើឆែបមកបំភ្លឺករណីឈ្មួញឈើលួចរត់គេចខ្លួនបាត់

0
316

ដោយៈ ម្លូព្រៃ
ព្រះវិហារៈ អយ្យការអមសាលាដំបូង ខែត្រព្រះវិហារ នឹងចេញលិខិតកោះហៅ ប្រធានផ្នែករដ្ឋបាលព្រៃឈើ ឆែប គឺលោក សេង លាង ឱ្យចូលឆ្លើយបំភ្លឺករណីឈ្មួញឈើម្នាក់លួចរត់គេចខ្លួនបាត់ដោយពុំដឹងមូលហេតុ។ នេះបើតាមលោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខែត្របានប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃ ទី២ ខែកញ្ញា ឆ្នាំ២០២១។

លោក វុធ សាវី កំពុងរៀបចំលិខិតកោះអញ្ជើញលោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប និងមន្ត្រី មួយចំនួនទៀតឱ្យចូលឆ្លើយបំភ្លឺ ក្នុងករណីដែលបណ្តែតបណ្តោយឱ្យឈ្មួញឈើលួចរត់គេចខ្លួនបាត់។

លោកព្រះរាជអាជ្ញារងរូបនេះបានបញ្ជាក់ថា «មូលហេតុដែលលោកនឹងចេញលិខិតកោះហៅលោក សេង លាង ឱ្យចូលឆ្លើយបំភ្លឺនោះគឺបន្ទាប់ពីលោកទទួលបានព័ត៌មាន ពីកូនចៅរបស់លោករាយការណ៍មកថា មេឈ្មួញឈើ ដុះស្លែម្នាក់ដែលលោកដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបស្ថិតនៅ ភូមិឆែបពីរ ឃុំឆែបកើត ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះគឺបានលួចរត់គេចខ្លួនបាត់ហើយ»។

ក្នុងពេលប្រតិបត្តិការណ៍ចុះបង្រ្កាបការជួញដូរឈើខុសច្បាប់នៅទីតាំងខាងលើនោះព្រះរាជអាជ្ញារងលើកឡើងថា ជនសង្ស័យជាម្ចាស់ទីតាំងឈើឈ្មោះ ឡាំរូបនេះមានវត្តមាននៅកន្លែងកើតហេតុជាធម្មតាមិន បានរត់គេច ខ្លួននោះទេ។ ប៉ុន្តែដើម្បីកុំឱ្យជនសង្ស័យឈ្មួញឈើរូបនេះដឹងខ្លួនលោកក៍បានប្រាប់លោក សេង លាង និងមន្ត្រី ពាក់ព័ន្ធត្រូវធ្វើការឃាត់ខ្លួនឈ្មួញឈើរូបនេះ ហើយលោកក៍បានចាកចេញពីទីតាំងបង្ក្រាបឈើនេះទៅ។ លុះ ស្អែកឡើងកូនចៅរបស់លោករាយការណ៍ថា ឈ្មួញឈើដុះស្លែឈ្មោះ ឡាំ បានរត់គេចខ្លួនបាត់ទើបលោករៀប ចំលិខិតកោះហៅមន្ត្រីពាក់ព័ន្ធឱ្យឆ្លើយបំភ្លឺក្នុងពេលឆាប់ៗនេះ៕

ព្រះរាជអាជ្ញារង ខែត្រព្រះវិហារ វុធ សាវី បានកាន់ឈើ

លោកមេព្រៃ សេង លាង

ស្លៀកកន្សែងគ្មានអាវជាឈ្មួញឈើឈ្មោះ ឡាំ ឈរទល់មុខលោក វុធ សាវី ព្រះរាជអាជ្ញារង ខែត្រព្រះវិហារ

លោកមេព្រៃ សេង លាង តុលាការព្រះវិហារ នឹងកោះហៅករណីធ្វើឱ្យមេឈ្មួញឈើរត់គេចខ្លួនបាត់