គណៈកម្មការទី៣នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីផែនការវិនិយោគ និង ធនធានទឹកនៅខេត្តរតនគិរី

0
132

ដោយ ភួង ផុន

ខេត្តរតនគិរី៖ គណៈកម្មការទី៣នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីសក្ដានុពលវិនិយោគ និងការវិនិយោគកន្លងមក នៅខេត្តរតនគិរី ផ្នែកកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង ធនធានទឹក នៅថ្ងៃទី៧ ខែសីហា ២០១៩ ដែលផ្ដោតទៅលើប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់នានា ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទទួលខុសត្រូវ ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ។

 

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ចាត់ទុកថា ព្រឹត្តិការណ៍ខាងលើនេះ ជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញការងារកន្លងមក ។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានរាយការណ៍អំពីវឌ្ឍនភាពការងារ និង បញ្ហាប្រឈមមួយចំនួនជូនប្រតិភូផងដែរ ។

 

ឯកឧត្តម ជា វ៉ាន់ដេត ប្រធានប្រតិភូ នៃគណៈកម្មការទី៣ បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមកនេះ។

ទន្ទឹមគ្នានេះ ប្រតិភូគណៈកម្មការ បានលើកពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ និងស្វែងរកដំណោះស្រាយ សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងការឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕