​យុវជន​ពីរ​នាក់​លង់ទឹក​ស្លាប់​នៅ​ចុង​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ ​

0
1280

​ដោយៈ គោកធ្លក​
​កំពង់ចាម​: ដោយ​ខ្វះ​ការយល់ដឹង យុវជន​នៃ​វិទ្យាល័យ​សម្តេច ជួន ណាត ពីរ​នាក់​លង់ទឹក​ស្លាប់ នៅពេល​ម្នា​ក់លោត​ចុះទៅ​ជួយសង្គ្រោះ​គ្នា​​នៅត្រង់​ឆ្នេរ​ខ្សាច់ ភូមិ​កោះកំពង់ត្រុំ​ក្រោម ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម កាលពី​រសៀល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៩​។​

​លោក យ៉ាន វ​ន្នី នាយប៉ុស្តិ៍​នគរបាល ឃុំ​កោះ​មិត្ត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៥ ខែសីហា នេះ​ថា យុវជន​រងគ្រោះ​ទាំងពីរ​មាន​ទីមួយ​ឈ្មោះ ម៉ៅ ធ្នូ អាយុ​១៨​ឆ្នាំ​នៅ ភូមិ​វិហារ និង​ទី​ពីរ​ឈ្មោះ លឹម មករា អាយុ​១៩​ឆ្នាំ​រស់នៅ ភូមិ​គោក​គ្រាម ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ពួកគេ​ទាំងពីរ​នាក់​ជា​សិស្ស​​សាលា នៃ​វិទ្យាល័យ​សម្តេច ជួន ណាត​។



​នាយប៉ុស្តិ៍​បាន​ស្រង់​សម្តី​មិត្តភក្តិ​ជនរងគ្រោះ​បញ្ជាក់ទៀតថា ពួកគេ​មាន​គ្នា​ប្រាំ​នាក់ ជា​សិស្ស​វិទ្យាល័យ​សម្តេច ជួន ណាត នៅ​រសៀល​ថ្ងៃទី​៣ ខែសីហា បាន​​នាំគ្នា​ជិះ​ម៉ូតូ​មក​ដើរ​កម្សាន្ត​នៅ​ឆ្នេរ​ខ្សាច់​ត្រង់​កន្លែងកើតហេតុ​ខាងលើ​។ ខណៈនោះ​ឈ្មោះ លឹម មករា ជា​មិត្តភក្តិ​បាន​ចុះ​ទៅលេង​ទឹក​នៅជាប់​ឆ្នេរ​ខ្សាច់​នោះ​​ក៍បាន​ដើរ​ដល់​កន្លែង​ទឹក​ជ្រៅ​ផុតដៃផុតជើង​បាន​លង់​ស្រែក​ឲ្យ​ជួយ​។ វេលា​នោះ​ឈ្មោះ ម៉ៅ ធ្នូ ក៍លោត​ចុះទៅ​ជួយសង្គ្រោះ ក៍ប៉ុន្តែ​ទាំងពីរ​សុទ្ធតែ​មិនចេះ​ហែ​ល​ទឹក​ដូចគ្នា​បន្តិច​សោះ​ក៍​ឱប​គ្នា​លិច​បាត់​តែម្តង​។



​លោក វ​ន្នី បាន​បន្តថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ខាងលើ​សមត្ថកិច្ច និង​អាជ្ញាធរ បាន​សហការគ្នា​រុករក​ជនរងគ្រោះ​បាត់​ខ្លួន​ក៍​ប្រទះឃើញ​សព​ទាំងពីរ​នាក់ហើយ​បាន​ស្រង់​សាកសព​មក​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​ដោយ​សន្និដ្ឋានថា ទាំងពីរ​នាក់​ពិតជា​ស្លាប់​លង់ទឹក​ពិតប្រាកដ​មែន ហើយ​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួ​សារ​យកទៅ ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​៕