​បង្ក្រាប​ទីតាំង​ឈើ​ប្រណីត​ចម្រុះ​បាន​ជិត​៤០០​ដុំ​នៅ​ត្រពាំង​ប្រាសាទ​ ​

0
240

​ដោយៈ គោកធ្លក​/​ភ្នំពេញៈ មេបញ្ជាការរង​កងរាជអាវុធហត្ថ ខេត្ត​ឧ​ត្ត​រ​មានជ័យ សហការ​ជាមួយ រដ្ឋបាល​ព្រៃឈើ ស្រុក​ត្រពាំង​ប្រាសាទ បរិស្ថាន​ស្រុក អាជ្ញាធរ ​និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​ប្រណីត​ចម្រុះ​ប្រមាណ​ជិត​៤០០​ដុំ​ដែល​ក្រុម​ឈ្មួញ​ដឹក​យកទៅ​លាក់ទុក​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​ស្ថិតនៅ ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ កាលពី​រសៀល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ឯក លី ដា​រិ​ទ្ធ បាន​ប្រាប់​ឱ្យដឹងថា ក្រុម​ឈ្មួញ​បាន​ដឹកជញ្ជូន​ឈើ​ប្រណីត​ទាំងនេះ​ចេញពី​តំបន់​ផ្សេងៗ​យកទៅ​លាក់ទុក​ក្នុង​ចម្ការ​ស្វាយ​នៅ​​ខាង​ផ្ទះ​ប្រជាពលរដ្ឋ​។ ឈើ​ប្រណីត​ចម្រុះ​មានដូចជា សុ​ក្រំ តាសេក កកោះ គ្រញូង​ស្វា ផ្ចឹក និង​ឈើ​នាង​ម៉ៅ រីឯ​ម្ចាស់​ឈើ​គេចខ្លួនបាត់​។

កម្លាំងចម្រុះ​បាន​​ប្រមូល​ឈើ​សរុប​ចំនួន​៣៧២​ដុំ និង​ជួល​គោយន្ត​កន្ត្រៃ​ដឹក​យកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុកត្រពាំងប្រាសាទ​។ រដ្ឋបាល​ព្រៃឈើ​​ធ្វើការ​វាស់វែង​ឈើ​សរុប​ចំនួន​១៧,៥២​ម៉ែត្រគូប​៕