ស្ត្រីរងគ្រោះគំរាមសម្លាប់ ពីនគរបាលពាក់សក្តិបួន នៅតែភ័យខ្លាច

0
116

​ដោយ​: គោកធ្លក​
​កំពង់ចាម​: ស្ត្រី​រងគ្រោះ​ម្នាក់​ក្នុង​អំពើ​គំរាម​សម្លាប់​ដោយ​អាវុធ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ពីសំណាក់ជនសង្ស័យ​ជា​នគរបាល​ថ្នាក់​វរសេនីយ៍ត្រី​ម្នាក់​ចំនួន​ពីរលើក​នៅក្នុង​ផ្ទះល្វែង​ជាប់​គ្នា​ក្នុង បុរី​ពិភពថ្មី ក្រុង​កំពង់ចាម គឺ​នៅតែ​រស់នៅ​សម្ងំ​លាក់ខ្លួន​ក្រៅ​ផ្ទះ​ដោយ​ការភ័យខ្លាច​និង​បាត់បង់​ចំណូល​ប្រចាំថ្ងៃ​។

​បញ្ហា​ទាំងអស់នេះ​ដោយសារតែ​ពាក្យបណ្តឹង​ប្តឹង​លើក​ទី​១​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ពីបទបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ និង​គំរាមកំហែង​លើ​ជនសង្ស័យ​​ដដែល​នេះ​ខាង​តុលាការ​បានចេញ​ដីកា​កោះហៅ​ជន​ម្នាក់នេះ​ចំនួន​ពីរលើក គឺ​មិន​ចូលខ្លួន​តាម​ដីកាកោះ​នោះទេ​។ ជនរងគ្រោះ​កាន់តែ​បារម្ភ​ខ្លាំង​គឺ​នៅ​ថ្ងៃទី​៣០​ខែកក្កដា ឆ្នាំ​២០១៩ ជននេះ​បានធ្វើ​សកម្មភាព​សាជាថ្មី​ដោយ​គំរាមកំហែង​ថា នឹង​សម្លាប់​ដោយ​ប្រើ​អាវុធ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ម្តងទៀត​គឺ​ខាង​ព្រះរាជ​​អាជ្ញា​ចេញ​ដីកា​បញ្ជា​ឲ្យ​ជនសង្ស័យ​ឈ្មោះ សោ​ភ័​ណ្ឌ សិលា អាយុ​៣៣​ឆ្នាំ​ចូលខ្លួន​កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៩​។​

​អ្នកស្រី តាត ស៊ី​ណែ​ត ជា​ជនរងគ្រោះ​ករណី​ខាងលើ​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែសីហា នេះ​ថា អ្នកស្រី​និង​កូនស្រី​អាយុ​បួន​ឆ្នាំ​មិន​ហ៊ាន​រស់នៅក្នុង​ផ្ទះល្វែង​​លេខ​៤​នៃ បុរី​ពិភពថ្មី ភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម នោះទេ​។ ព្រោះ​ឈ្មោះ សោ​ភ័​ណ្ឌ សិលា នេះ​អាង​ឪពុក​ពាក់​ផ្កាយ​បី​ជា​មន្ត្រីនគរបាល​ជាន់​​ខ្ពស់​បាន​ស្រែក​ឡូឡា​គំរាម​ជាមួយ​ដៃ​កាន់​កាំភ្លើងខ្លី​ពីរ​ដើម​ពណ៌​ខ្មៅ​មួយ​ដើម និង​ពណ៌​ស​មួយ​ដើម​ដើរ​ចុះឡើង​នៅលើ​ផ្លូវ​ខាងមុខផ្ទះ​កាលពី​រសៀល​ថ្ងៃទី​៣០​ខែកក្កដា កន្លងទៅ​ថ្មីៗ​នេះ​។​

​ស្ត្រី​រងគ្រោះ​វ័យ​៣២​ឆ្នាំនេះ​ឱ្យដឹងទៀតថា ឈ្មោះ សិលា បាន​គំរាម​ទៀត​ថាបើ​អ្នកស្រី​បន្ត​រស់នៅក្នុង​ផ្ទះល្វែង​នៅ​ជញ្ជាំង​ជាប់​គ្នា​នេះ​ទៀត​គឺ​នៅពេល​យប់​គេ​(​សិលា​)​នឹង​ប្រើ​រណា​យន្ត​កាត់​ដំបូល​បេតុង​ខាងលើ​ចុះមក​សម្លាប់​អ្នកស្រី​និង​កូន​ចោល​។ ក្រៅពី​គំរាម​សម្លាប់​ខាងលើ គឺ​ជននេះ​ប្រើ​មធ្យោបាយ​ដាក់​កា​មី​រ៉ា​​បង្វែរ​មុខ​មករក​ទិស​ខាងមុខផ្ទះ​អ្នកស្រី​ដើម្បី​ឃ្លាំមើល​ថត​យក​សកម្មភាព​រាល់​មនុស្ស​ចេញចូល​ផ្ទះ​អ្នកស្រី​តាំងពី​មានរឿង​លើក​ទី​១​មកម្ល៉េះ​។​

​អ្នកស្រី ស៊ី​ណែ​ត បាន​បន្តទៀតថា ដូច្នេះ​សូម​ឲ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ មេត្តាជួយ​អន្តរាគមន៍​ចាត់វិធានការ​បែបណា​ឲ្យ​អ្នកស្រី​និង​កូន​បាន​ចូលទៅ​រស់នៅក្នុង​​ផ្ទះល្វែង​ខាងលើ​ដោយ​សុវត្ថិភាព ជាពិសេស​ដើម្បី​បាន​ប្រកប​របរ​រកស៊ី​លក់ដូរ​នៅខាងមុខ​ផ្ទះ​ទទួលបាន​ប្រាក់ចំណូល​ប្រចាំថ្ងៃ​ចិញ្ចឹម​កូន​រៀនសូត្រ​ដូច​ធម្មតា​​ឡើងវិញ​។​

​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ចាម ថ្លែងថា ករណី​ខាងលើនេះ​លោក​បានចេញ​ដីកា​បញ្ជា​ឲ្យ​ជនសង្ស័យ​ចូលខ្លួន​គឺ​ឈ្មោះ សោ​ភ័​ណ្ឌសិលា ជា​ជនជាប់សង្ស័យ​ថា បាន​ប្រព្រឹត្ត​បទល្មើស​គំរាមកំហែង​ថា​នឹង​សម្លាប់​ដោយ​ប្រើ​អាវុធ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​គឺ​ត្រូវ​ចូល​បង្ហាញខ្លួន​នៅ​
​អយ្យការ​អម​សាលាដំបូង ខេត្តកំពង់ចាម​។ លោក​បង្គាប់​ឲ្យ​ស្នងការ​នគរបាល ខេត្តកំពង់ចាម ត្រូវអនុវត្ត​ដីកា​នេះ​ឲ្យ​បានសម្រេច​។​

​លោក​ព្រះរាជអាជ្ញា​បាន​បន្តថា ដោយឡែក​បណ្តឹង​លើក​ទី​១ ប្តឹង​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ និង​គំរាមកំហែង របស់​ជនរងគ្រោះ និង​ជនសង្ស័យ​​ដដែល​នេះ​គឺ​លោក​បាន​ចោទប្រកាន់​និង​ចេញ​ដី​កាប​ញ្ជួ​ន​ទៅ​ឲ្យ​ខាង​ចៅក្រម​ស៊ើបសួរ​រួចរាល់​ហើយ​។ ដោយ​ក្នុង​រឿង​នោះ​លើក​ទី​១​លោក​បាន​សំណូមពរ​ឲ្យ​​ខាង​ចៅក្រម​ចេញ​ដីកានាំខ្លួន​ជនជាប់ចោទ​ឈ្មោះ សោ​ភ័​ណ្ឌ សិលា នេះ​ផងដែរ​។​

​គួរ​បញ្ជាក់ថា នគរបាល​ពាក់​សក្តិ​បួន​នេះ​ធ្លាប់​ត្រូវបាន​អ្នកស្រី ស៊ី​ណែ​ត ប្តឹង​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​និង​គំរាមថា​នឹង​សម្លាប់​ដោយ​ប្រើ​អាវុធ​ម្តង​ហើយ ប្រព្រឹត្ត​ចំ​កន្លែង​ដដែល​នេះ​គឺ​ផ្ទះល្វែង បុរី​ពិភពថ្មី ភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម កាលពី​កាលពី​យប់​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ប៉ុន្តែ​សំណុំ​
រឿងលើក​នោះ​លោក​ព្រះរាជអាជ្ញា បានចេញ​ដី​កោះ​ចំនួន​ពីរលើក​គឺ​លោក សោ​ភ័​ណ្ឌ សិលា មិន​ចូលខ្លួន​ទៅតាម​ការ​កោះ​របស់​អយ្យ​ការ​ឡើយ​ហើយ​បាន​ជាប់​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ជា​លើក​ទី​២​នេះ​ទៀត​។ ប៉ុន្តែ​ជុំវិញ​ករណី​ខាងលើ​នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៩ គេ​នៅ​ពុំ​អាច​សុំ​ការទំនាក់ទំនង​ដើម្បី​បំភ្លឺ​
​រឿង​មូលហេតុ​ខាង​ព្រះរាជអាជ្ញា​ចេញ​ដី​កោះ​ពីរលើក​ក្នុងករណី​ទី​១​ដែល​លោក សោ​ភ័​ណ្ឌ សិលា មិន​ព្រម​ចូលខ្លួន​តាម​ដីកាកោះ​នោះឡើយ​៕ Tp