ឥណ្ឌា​ព្រមាន​អ្នកទេសចរ​ឱ្យ​ចាក​ចេញពី​តំបន់​កា​ស្មៀរ ដោយសារ​ការគំរាមកំហែង​ភេរវកម្ម​

0
137

ក្រុម​អាជ្ញាធរ​ឥណ្ឌា​កាលពី​ថ្ងៃ​សុក្រ​ទី​២​សីហា​បាន​ប្រាប់​ក្រុម​អ្នកទេសចរ​ឱ្យ​ចាក​ចេញពី​តំបន់​កា​ស្មៀរ​ដោយសារ​មាន​” ការគំរាមកំហែង​ភេរវកម្ម ” ខណៈ​ដែល​សេចក្តីរាយការណ៍​​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​និយាយ​ថា​កម្លាំងយោធា ២៥.០០០ នាក់​ត្រូវបាន​បញ្ជូន​ទៅ​តំបន់ភ្នំ​ហេមពាន្ត​ដែល​កំពុង​មាន​បញ្ហា​នេះ​។​

​ការ​ដាក់​កងទ័ព​បន្ថែម​និង​វិធានការ​សន្តិសុខ​ផ្សេង​ទៀត​ដោយ​រួម​ទាំង​ការអំពាវនាវ​ឱ្យ​ត្រៀម​បម្រុង​ទុក​ស្បៀង​និង​ឥន្ធនៈ​នោះ បាន​ធ្វើឱ្យ​មាន​ភាព​ជ្រួលច្របល់​និង​ភ័យខ្លាច​​នៅ​តំបន់​ដែល​មាន​ជន​អ៊ីស្លាម​រស់នៅ​ដ៏​ច្រើន​នេះ ដែល​ត្រូវបាន​អះអាង​សិទ្ធិ​កាន់កាប់​ដោយ​ប៉ា​គី​ស្ថាន​ផងដែរ​។​

​រថយន្ត​ជាច្រើន​ជា​ជួរៗ បាន​រង់ចាំ​ចាក់​ប្រេង​តាម​ស្ថានីយប្រេងឥន្ធនៈ ខណៈពេល​ដែល​ពួក​អ្នកស្រុក​តម្រង់​ជួរ​នៅ​តាម​ហាង​លក់​អាហារ​និង​នៅ​តាម​កន្លែង​ម៉ាស៊ីន​ដក​ប្រាក់​​ធនាគារ​។​

​រដ្ឋាភិបាល​ក្រុង​ចា​មុយ​-​កា​ស្មៀរ​របស់​ឥណ្ឌា​( Jammu-Kashmir)​បាន​និយាយថា​ដោយសារ​មាន​ព័ត៌មាន​សម្ងាត់​នៃ​ការគំរាមកំហែង​ភេរវកម្ម​ប្រឆាំង​ការធ្វើ​ធម្ម​យាត្រា​ហិណ្ឌូ​​ដ៏​ធំ​និង ដោយសារ​ស្ថានភាព​សន្តិសុខ​នៅ​ពេល​នេះ ពួក​អ្នក​ធម្ម​យាត្រា​និង​អ្នកទេសចរ​គួរតែ​ចាក​ចេញ​ជា​បន្ទាន់​។​

​លោក Kanwal Jeet Singh Dhillon មេ​បញ្ជាក​កងទ័ព​ឥណ្ឌា​នៅ​តំបន់​កា​ស្មៀរ បាន​និយាយថា​កាំភ្លើង​បាញ់​ស៊ី​ប​មួ​យ​ដើម​និង​គ្រាប់​មីន មួយ​គ្រាប់ ដែល​មាន​សញ្ញា​សម្គាល់​​ប៉ា​គី​ស្ថាន​ត្រូវបាន​រកឃើញ​នៅលើ​ផ្លូវ​នៃ​ការធ្វើ​ធម្មយា​ត្រា​”Amarnath Yatra” ដែល​ទាក់ទាញ​ក្រុម​អ្នក​កាន់​សាសនា​ហិណ្ឌូ​រាប់រយ​ពាន់​នាក់​ក្នុង​មួយឆ្នាំៗ ៕