តុលាការចេញដីកាឃុំខ្លួនពេទ្យធ្មេញដាក់ពន្ធនាគារខណៈបើករថយន្តដេញបុកសម្លាប់មនុស្សពីរនាក់

0
150

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ថ្លែងប្រាប់ថា គ្រូពេទ្យធ្មេញ ដែលបើករថយន្តដេញបុកយុវជនម្នាក់រួចថយក្រោយកិនបន្ថែមរហូតដល់ស្លាប់ត្រូវលោក សំ ប៊ុនពៅ ចៅក្រម ស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ននៅថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២០។

គ្រូពេទ្យធ្មេញវ័យក្មេងមានឈ្មោះ យ៉ាន់ ណាលីណា ត្រូវបានលោក សឿ ឡុងឌី ព្រះរាជអាជ្ញារងអមសាលាដំ បូង រាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «ឃាតកម្ម» តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ។

បទ «ឃាតកម្ម» នេះចែងថា «អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មាន ស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុង មាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់ មាត្រា២០៥ (បទឃាត កម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះគឺជាឃាតកម្ម។ ឃាតកម្មត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ» ។

លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាល រាជធានីភ្នំពេញ ទទួលបន្ទុកចរាចរថ្លែងថា ជនបង្ក ឈ្មោះ យ៉ាន់ ណាលីណា ភេទប្រុសអាយុ៣០ឆ្នាំមុខរបរពេទ្យធ្មេញស្នាក់នៅផ្ទះលេខ៥អឹម ភូមិព្រៃព្រីងខាង ត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បើករថយន្ដម៉ាក Lexus NX200T ស្លាកលេខភ្នំពេញ ២BH.៨៤៩៤ ភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ខុន តុង ភេទប្រុសអាយុ១៩ឆ្នាំមុខរបរកម្មករ សំណង់ស្នាក់ នៅ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងអ្នករួមដំណើរឈ្មោះ ពៅ ម៉ត់ ភេទប្រុសអាយុ១៧ឆ្នាំមុខរបររត់ កង់បីស្នាក់នៅ ភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង រងរបួសធ្ងន់។

តាមរយៈវីដេអូដែលបានចែកចាយលើ បណ្ដាញសង្គមហ្វេសប៊ុក បង្ហាញថា ជនបង្កពិតជាមានចរិកសាហាវ ឃោរឃៅព្រៃផ្សៃណាស់បន្ទាប់ពីបុកជនរងគ្រោះពីក្រោយពេញទំហឹងហើយក៍បានបើករថយន្តថយក្រោយកិន ជនរងគ្រោះបន្ថែមទៀតរហូតដល់ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

គួររំលឹកថា គ្រោះថ្នាក់ចរាចរនេះ ឈានទៅដល់អំពើឃាតកម្មកើតឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅ ត្រង់ចំណុចផ្លូវលេខ១៧៣ កែងផ្លូវលេខ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕