លោក រស់ សុហេង មេគយព្រំដែនព្រៃវល្លិបើកដៃឱ្យវៀតណាមនាំទុរេនខុសច្បាប់ចូលមកកម្ពុជា

0
62

ស្វាយរៀងៈ លោក រស់ សុហេង ប្រធានការិយាល័យគយ និងរដ្ឋាករកម្ពុជា ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ បានបើកដៃឱ្យឈ្មួញ​វៀតណាម នាំចូល​ទុរេន​ខុសច្បាប់មកកម្ពុជានៅត្រង់ចំណុចសូន្យយ៉ាង​គគ្រឹកគគ្រេងលក់​ឲ្យ​អ្នករកស៊ី​ខ្មែរក្នុង​១​ថ្ងៃ​ៗជា​ច្រើន​រថយន្តដូច​ហែកឋិនដែលមានតម្លៃ​ចុះថោក​ខ្លាំងគឺ១គីឡូក្រាមស្មើ៥,០០០​រៀល​។ ករណីមន្ត្រីគយធ្វើបែបនេះបានដើរផ្ទុយនឹងលិខិត សជណ ទីស្ដីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល បានហាមឃាត់មិនឱ្យ វៀតណាម និងថៃនាំទុរេនមានផ្ទុកសារធាតុគីមីចូលមកកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

រឿងទុរេន​​វៀតណាមនេះធ្វើឱ្យ មន្ត្រីគយ និងប៉ូលិស​អន្តោប្រវេសន៍ នៅ​ព្រំដែន​​ព្រៃ​វ​ល្លិ មានអរិភាពនឹងគ្នា។ ពី ព្រោះប៉ូលិសស្នើសុំ​ឲ្យ មន្ត្រីគយ ផ្អាក​ការ​នាំ​ទុរេន​ពី ​វៀតណាម ចូលមក​​ កម្ពុជា រយៈពេល១០​ថ្ងៃ​​ដើម្បីសុំ​គោលការ​ណ៍ពី ក្រសួងកសិកម្ម ឬ ក​.​ប​.​ប​.​ខែត្រស្វាយរៀង ចុះ​ពិនិត្យ​គុណភាព និង​ភូតគាម​អនាម័យ​ កាលព្រឹកថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅ​ ច្រក​ទ្វារ​ព្រំដែនអន្តរជាតិ​ព្រៃ​វ​ល្លិ ភូមិ​ព្រៃ​វ​ល្លិ ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទ៌ ខែត្រស្វាយរៀង។

ការ​បើក​ផ្លូវឲ្យ​វៀតណាមនាំទុរេន​ចូលមកខ្មែរ គឺ​ចាប់ពី​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​២​រសៀល។ ដោយសារកក្ដាចំណីអាហារមានផ្ទុកសារធាតុគីមី នាពេលថ្មីៗកន្លងទៅ ក្រសួងសុខាភិបាល បានប្រកាសថា « រាល់៤៥នាទីម្ដងមានប្រជាជនខ្មែរម្នាក់ស្លាប់ដោយសារជំងឺមហារីក »។ ជំងឺនេះវាបង្កឡើងពីសារធាតុគីមីនៅក្នុងចំណីអាហារដែលមនុស្សបរិភោគរាល់ថ្ងៃ។

ទីស្ដីការគណៈរដ្ឋមន្ត្រី ចេញលិខិតលេខ២៦១ សជណ.ពទ ជម្រាបទៅ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម អំពីករណីរបាយការណ៍ស្ដីពីការហាមឃាត់ ការនាំចូលផ្លែទុរេនស្រស់ពី វៀតណាម និងថៃ របស់អាជ្ញាធរគយ នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោយរកពីឃើញមានផ្ទុកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium។

លិខិត សជណ បានសង្កត់ធ្ងន់ថា « រាជរដ្ឋាភិបាល បានឃើញ និងសម្រេចឱ្យ ក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ទាំងការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាព មន្ទីរពិសោធន៍ លើការវិភាគរកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium ដោយចាត់ទុកជាការប្រញាប់ក្នុងរយៈពេលដ៏ខ្លីខាងមុខដើម្បីជួយគាំទ្រដល់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការវិភាគនៅតាមមាត់ច្រក នៅពេលដែលមានការនាំចូលផ្លែទុរេនស្រស់ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ និងធានាមិនឱ្យមានការប្រើប្រាស់សារធាតុទាំងពីរនេះលើផលិតផលក្នុងស្រុកដើម្បីការពារអ្នកប្រើប្រាស់ »។

ទាក់ទិនរឿងគ្រោះដល់សុខភាពមនុស្សនេះ​ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា បាន​ចេញលិខិតមួយ លេខ ២១០៧/ ២៥ អ.គ.រ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដោយបានណែនាំមន្ត្រីគយទាំងអស់ធ្វើការពង្រឹងប្រសិទ្ធ ភាពគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ ចូលមកកម្ពុជា។

លិខិតទប់ស្កាត់ការនាំចូលផ្លែទុរេនស្រស់ប្រើប្រាស់សារធាតុគីមី ដែលចុះហត្ថលេខាដោយលោក ផា អេងវ៉េង អគ្គនាយករងគយ និងរដ្ឋាករកម្ពុជា មាន៤ចំណុចសំខាន់ដូចជា ទី១.ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបញ្ញត្តិអនុ ក្រឹត្យ លេខ៣៧០ អនក្រ.បកជាធរមានដូចយោងខាងលើ ដោយការនាំចូលផ្លែទុរេនត្រូវភ្ជាប់ជាមួយប្រតិវេទន៍គយ នូវវិញ្ញាបនបត្រភូតគាមអនាម័យ។ ទី២.ត្រូវចាត់ចែងការដកសំណាកគំរូតាមគោលការណ៍ហានិភ័យ ឬតាមរូបភាពចោះៗដើម្បីស្នើសុំកិច្ចសហការពីមន្ត្រីនៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប ) ធ្វើការវិភាគ។ ក្នុងករណីនេះទំនិញនាំចូលអាចត្រូវបានអនុញ្ញាតដឹកជញ្ជូនទៅរម្យដ្ឋានក្នុងប្រទេស បន្ទាប់ពីបានបំពេញបែបបទបញ្ចេញទំនិញពីគយរួច ដោយអ្នកនាំចូលត្រូវបញ្ជាក់ជូន មន្ត្រីគយ មានសមត្ថកិច្ច ឱ្យបានច្បាស់លាស់នូវទីតាំងរម្យដ្ឋាន នៃការដឹកជញ្ជូន ចែកចាយក្នុងប្រទេស។ ទី៣. ក្នុងករណីលទ្ធផលនៃការវិភាគបង្ហាញថា « ផលិតផលមានសារធាតុប៉ះពាល់ដល់សុខភាព » ឬ « ខូចគុណភាព » ត្រូវចាត់ចែងប្រមូល ឬឃាត់ទុកទំនិញទាំងនោះ និងធ្វើរបាយការណ៍ស្នើសុំការចាត់វិធានការបន្តពី អ.គ.រ និង ទី៤.ត្រូវចាត់វិធានការតាមដានទប់ស្កាត់ ការលួចប៉ុនប៉ងនាំចូលដោយខុសច្បាប់ផ្លែទុរេនស្រស់ តាមច្រករបៀងក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់។

​ការ​ទើបក្រោកពីដេករបស់ មេគយរង រឿងនាំ​ផ្លែទុរេន​ពី​​វៀតណាមចូលមកកម្ពុជា ធ្វើឱ្យមហាជន​លើក​ឡើង​ថា ទម្រាំ​តែ​បិទ​​មិនឱ្យ​ឈ្មួញនាំចូល​ទុរេន​​​ពី​​វៀតណាមនោះ គឺពួកគេបានចែកចាយតាមរយៈ ឡាន​​ភីក​អាប់ និងឡាន​តូរី​ស ដឹកទៅ​ដាក់​លក់​​ក្នុង ​ខែត្រស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និង​​ភ្នំពេញ រួចទៅហើយ…។

លោក​ ប៉ា​ង ឡេ​ង នាយ​ប៉ុស្តិ៍​នគ​របាល​អន្តោប្រវេសន៍ ព្រំដែន​​ព្រៃ​វ​ល្លិ បាន​និយាយ​ថា លោក​បាន​ស្នើ​សុំ​ទៅ​ខាង ​មន្ត្រី​គយនិង​រដ្ឋាករ ប្រចាំ​នៅ ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ សុំ​ឲ្យ​ផ្អាក​ការ​អនុញ្ញាត​មិនឲ្យ​ឈ្មួញ​នាំ​ផលិតផល​ទុរេន​ពី​ប្រទេស​ជិតខាងឆ្លង​ដែន​ចូល​កម្ពុជា តាម​ច្រក​នេះបន្ត​ទៀត។ លោក​បាន​សុំ​ឲ្យ​ផ្អាក​នេះមានរយៈពេល​១០​ថ្ងៃ​មក​ហើយដោយ​ ក្រសួងកសិកម្ម ចេញ​សេចក្តី​ប្រកាស​ មិន​អនុញ្ញាត​ឲ្យ​នាំ​ទុរេន​ពី​ប្រទេស​ជិតខាងចូល​មក​ កម្ពុជា និង​ដើម្បី​ទុក​ពេល​ឲ្យ​មន្ត្រី​ជំនាញ​​ក្រសួងកសិកម្ម និង​ក​.​ប​.​ប​ នៃ​ក្រសួងពាណិជ្ជកម្ម ចុះ​ពិនិត្យ​គុណភាព និង​ភូតគាម​អនាម័យ និង​សារធាតុ​គីមី ដែល​នាំ​ឲ្យ​ប៉ះពាល់សុខភាព​អ្នក​បរិភោគ​។

ប្រភពបន្តទៀតថា ក៏​ប៉ុន្តែខាង​ មន្ត្រី​គយ ​នៅ​ច្រក​ទ្វារ​ព្រំដែន​​ព្រៃ​វ​ល្លិ ជា​អ្នក​អនុញ្ញាត​ឲ្យ​វៀតណាម​នាំ​ទុរេន​ចូល ដោយ​មន្ត្រី​គយនិយាយ​ថា ការ​បិទ​មិន​ឲ្យ​វៀតណាម​នាំ​ទុរេន​ចូលធ្វើ​ឲ្យ​បាត់​ចំណូល​ពន្ធ។ ម្យ៉ាងទៀតខ្លាច​​វៀតណាម បិទ​មិន​ឲ្យ​ខ្មែរ​នាំ​ផ្លែស្វាយ ​ស្រូវ ដំឡូង ទៅ​​លក់ឱ្យ វៀតណាម ​វិញ។

ចំណែកមន្ត្រី នៃ​មន្ទីរ​កសិកម្ម ខែត្រស្វាយរៀង បាន​ឱ្យដឹង​ថា មន្ទីរ​កសិកម្ម គ្មាន​សិទ្ធិ​ក្នុង​ការ​ដាក់​មន្ត្រីចុះ​ទៅ​ធ្វើការ​នៅ​តាម​ ច្រក​ទ្វារ​ព្រំដែនដើម្បី ពិនិត្យ​គុណភាព ឬ​ភូតគាម​អនាម័យ នៅ​តាម​ព្រំដែន​ទេគឺ​មាន​តែ ​ផ្នែក​ច​ត្តា​ឡី​ស័ក បាញ់ថ្នាំ​អនាម័យ​កង់​រថយន្ត។

មន្ត្រី ក​.​ប​.​ប​ ខែត្រស្វាយរៀង លើកឡើងថា ក​.​ប​.​ប​ ពុំ​មាន​ភារកិច្ច​ការចុះ​ទៅ​ពិនិត្យ​គុណភាព​ទំនិញ​តាម​ច្រក​ទ្វារ​ព្រំដែន​ទេដោយ​ សម្តេច​តេ​ជោ អតីត​នាយក​រដ្ឋមន្ត្រីនៃ​កម្ពុជា បាន​បញ្ចប់​ភារកិច្ច ក​.​ប​.​ប​ ដោយមាន​ភារកិច្ច​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​តែប៉ុណ្ណោះ។

មន្ត្រីគយតំបន់២ ម្នាក់បានលើកឡើងថា ពួកគាត់មានការរវល់ ឬមមាញឹកខ្លាំងណាស់ រឿងទប់ស្កាត់ការនាំផ្លែទុរេនខុសច្បាប់ពី វៀតណាម ចូលមកកម្ពុជា។ ដូច្នេះបើសិនជាកន្លែងណាបើកឱ្យមានការនាំចូលទុរេនត្រូវទទួលខុសត្រូវខ្លួនឯង។

ម្ចាស់ករណីលោក រស់ សុហេង ​ប្រធាន​ការិយាល័យគយ និង​រដ្ឋាករ​កម្ពុជា ច្រកទ្វារព្រំដែនព្រៃវល្លិ នៅរសៀលថ្ងៃ​ទី១៥ ខែឧសភា ឆ្នាំ២០២៥​ អង្គភាពយើងមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ លោក សុហេង ជាមន្ត្រីគយ វ័យក្មេងទើបផ្ទេរភារកិច្ចពី ច្រកចាំយាម ខែត្រកោះកុង មកកាន់មេគយ ច្រកព្រំដែនព្រៃវល្លិ ខែត្រស្វាយរៀង។

គួរបញ្ជាក់ថា ក្រសួងកសិកម្ម ក៏ធ្លាប់បាន​ចេញ​ សេចក្តី​ប្រកាស​ មិន​ឲ្យ​នាំទុរេនបរទេស​​​ មកកម្ពុជា ជា​ពិសេសច្រកព្រំដែន​នៅកម្ពុជា។ ក៏​ប៉ុន្តែ​មន្ត្រី​គយព្រៃ​វ​ល្លិ បាន​ផ្គើននឹង សជណ នៃរាជរដ្ឋាភិបាល ដោយបើកដៃ​ឲ្យ​ វៀត ណាម នាំ​ទុរេន​ខុសច្បាប់ចូលមកខ្មែរជ្រកក្រោមស្លាកលេសថា « ​ខ្លាច​បាត់ចំណូល​ពន្ធ »។ ដូច្នេះសូមលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមមេត្តាពិនិត្យសកម្មភាពរបស់លោក រស់ សុហេង ផងទាន៕