លោកមេប៉ុស្តិ៍ឃុំស្រែអំបិលបានរំលោភយកដីប្រជាពលរដ្ឋទាំងកំរោល

0
74

កោះកុងៈ ប្រជាពលពោលថា ពេលលក់ដីនៅ ឃុំស្រែអំបិល សុទ្ធតែជាប់ពាក់ព័ន្ធនឹង លោកមេប៉ុស្តិ៍នគរបាល ឃុំស្រែអំបិល ស្ទើរតែទាំងអស់ តើគាត់ជាមេប៉ុស្តិ៍ ឬ មេកាង ? ពលរដ្ឋរងគ្រោះដីធ្លីលើកឡើងបែបនេះកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ថា លោក ព្រំ ឆើយ តែងតែប្រើសិទ្ធិអំណាចរំលោភលើប្រជាពលរដ្ឋ ហើយយកដីពីពួកគាត់ព្រោះតែការលក់ទិញដីនៅក្នុងឃុំដែលជាប់ពាក់ព័ន្ធនឹងគាត់ស្ទើរតែទាំងអស់។

ថ្មីៗនេះមានរឿងរ៉ាវ លោកមេប៉ុស្តិ៍ ឃុំស្រែអំបិល រំលោភយកដីប្រជាពលរដ្ឋទាំងកំរោលមួយករណី ដែលបានកើតឡើងនៅ ភូមិស្រែត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខែត្រកោះកុង មិនទាន់ដោះសាយរួចរាល់ទេរហូតមកដល់សព្វថ្ងៃ។ នេះយោងតាមសេចក្ដីរាយការណ៍ពីពលរដ្ឋរងគ្រោះដីធ្លីមួយគ្រួសារប្រាប់មក បាយ៉ង់ថាមស៍ កាលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

ដីប្រភេទស្រែអំបិលមួយកន្លែងដែលមានទំហំប្រមាណ២ហិកតាស្ថិតនៅ ភូមិត្រៀក កាលពីមុន ដែលសព្វថ្ងៃស្ថិតនៅ ភូមិស្រែត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល។ ដីនេះដើមឡើយជាចំណែក នៃការកាន់កាប់អាស្រ័យផលរបស់ លោកតាម្ចាស់ស្រុកម្នាក់។ បន្ទាប់មក លោកតាម្ចាស់ស្រុក បានធ្វើអំណោយជូន មន្ត្រីបរិស្ថានម្នាក់ឈ្មោះ សន សី។ លោកតាម្ចាស់ស្រុកដែលបានធ្វើអំណោយដីឲ្យលោក សន សី សព្វថ្ងៃ។ លោកតាម្ចាស់ស្រុកបានសាងផ្នួសជា ព្រះសង្ឃ បច្ចុប្បន្ន។

លោក សន សី មន្ត្រីបរិស្ថាន បន្ទាប់ពីទទួលបានដីទំហំ២ហិកតា ពីលោកតាម្ចាស់ស្រុក មិនទាន់បានប៉ុន្មានឆ្នាំផងលោកក៏មានតម្រូវការលុយធ្វើការិយាល័យរបស់ខ្លួន។ ដូច្នេះលោកបានលក់ដីទាំង២ហិកតានោះឲ្យទៅប្រជាពលរដ្ឋមួយគ្រួសារនៅក្នុង ឆ្នាំ២០០៨។

នៅក្នុងលិខិតលក់ទិញដីបានបញ្ជាក់ថា ទំហំដី២ហិកតា ក៏ប៉ុន្តែប្រជាពលរដ្ឋអ្នកទិញទទួលបានដីជាក់ស្ដែងឬពិតតែ១ហិកតាប៉ុណ្ណោះ។ ដោយយល់ឃើញថា ការដាំបង្គោលរបងជាព្រំវាអាចចេះដើរ គ្រួសារប្រជាពលរដ្ឋ ដែលបានទិញដីពី មន្ត្រីបរិស្ថាន នោះក៏បាននាំគ្នាកាយប្រឡាយធ្វើជាព្រំដី។

នៅ ឆ្នាំ២០២៤ ពេលគេចុះវាស់វែងដីធ្វើប្លង់ជាប្រព័ន្ធស្រាប់តែដីរបស់គ្រួសារប្រជាពលរដ្ឋដែលបានទិញពី មន្ត្រីបរិស្ថានត្រូវបាន លោកមេប៉ុស្តិ៍ ព្រំ ឆើយ បានឲ្យ មន្ត្រីសុរិយោដី ចុចវាស់យកដីប្រជាពលរដ្ឋធ្វើប្លង់រួចបាត់ទៅហើយ។ ក្រោយមកគ្រួសារប្រជាពលរដ្ឋរងគ្រោះដីធ្លីក៏បានដាក់ពាក្យប្ដឹងជំទាស់ ប៉ុន្តែមិនទាន់មានដំណោះស្រាយរហូតមកដល់សព្វថ្ងៃ។

ពាក់ព័ន្ធនឹងករណីខាងលើ លោក កែវ សុខ មេឃុំស្រែអំបិល ដែលបានចូលកាន់តំណែងចុងក្រោយគេចាប់ពី ឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្នបានឲ្យ បាយ៉ង់ថាមស៍ ដឹងតាមប្រព័ន្ធតេឡេក្រាម កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ថា ទំនាស់ដីធ្លីខាងលើបានកើតមានឡើងមុនលោកមកធ្វើជា មេឃុំ ស្រុកស្រែអំបិល នេះ។

លោកមេឃុំ កែវ សុខ មានប្រសាសន៍ដោយផ្អែកលើទិដ្ឋភាពពិត និងឯកសារគតិយុត្តថា ទីតាំងដីដែលមានវិវាទខាងលើជា ប្រភេទដីកសិកម្ម ដើមឡើយគ្រប់គ្រងដោយ បរិស្ថាន គឺតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង។

ដីនៅទីនោះគឺឃើញមានបងប្អូនប្រជាពលរដ្ឋយើងខ្លះកាន់កាប់អាស្រ័យផលដោយមិនទាន់ស្របច្បាប់ទេមួយចំនួនទៀតបានទិញតៗពីគ្នា។ លោកមេឃុំសង្កត់ធ្ងន់ថា បន្ទាប់ពីបានគោលការណ៍កាត់ឆ្វៀលដីតាមអនុក្រឹត្យ លេខ៣០មកក៏ផ្ទុះរឿងស្ទើរគ្រប់កន្លែងនៅតំបន់នោះ។ និយាយដោយឡែកគ្រួសារពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយលោក ព្រំ ឆើយ នាយនគរបាលរដ្ឋបាល ឃុំស្រែអំបិល ពួកគាត់មកដាក់ពាក្យប្ដឹងទាស់នូវការចេញប្លង់ជាប្រព័ន្ធពាក់ព័ន្ធ នឹងដីរបស់ខ្លួនដោយមានឯកសារលក់ទិញត្រឹមត្រូវ។ ចំណែកភាគីលោក ព្រំ ឆើយ ពុំឃើញមានដាក់ឯកសារគតិយុត្តទាក់ទងជាមួយដីទំនាស់ខាងលើឡើយ និងមិនបានចូលខ្លួនមកដោះស្រាយនោះទេ។

លោក ព្រំ ឆើយ នាយប៉ុស្តិ៍ ឃុំស្រែអំបិល បានឲ្យអ្នកសារព័ត៌មានដឹងតាមប្រព័ន្ធទូរស័ព្ទ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ថា « ខ្ញុំកំពុងជាប់ប្រជុំបង ! សូមបងអញ្ជើញមកប៉ុស្តិ៍ខ្ញុំបន្តិចមក…ដើម្បីផ្ទៀងផ្ទាត់ឯកសារ…»។

បន្ទាប់មកលោកពុំបានឆ្លើយសំណួរសុំការបញ្ជាក់របស់ អ្នកសារព័ត៌មាន តាមប្រព័ន្ធតេឡេក្រាម ឡើយនៅថ្ងៃខែឆ្នាំដដែលនោះ។ ផ្ទុយទៅវិញ លោកមេប៉ុស្តិ៍ បានបិទប្រព័ន្ធទំនាក់ទំនងតាមតេឡេក្រាម និងគ្មានការឆ្លើយតបអ្វីទាំងអស់…។

រីឯលោក សន សី មន្ត្រីបរិស្ថាន ដែលជាអ្នកលក់ដីទៅឲ្យក្រុមគ្រួសារប្រជាពលរដ្ឋក៏ពុំបានអធិប្បាយរៀបរាប់ពីដំណើររឿងទំនាស់ដីខាងលើដែរ។ លោកមានប្រសាសន៍ខ្លីថា « ខ្ញុំជាប់ប្រជុំ…»។

ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លីជាមួយនឹងលោក មេប៉ុស្តិ៍ ព្រំ ឆើយ បានធ្វើការសំណូមពរដល់ អាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាជួយធ្វើអន្តរាគមន៍ និងដោះស្រាយរឿងវិវាទដីរបស់ពួកគាត់ផង។ ដោយឡែក លោកតាម្ចាស់ស្រុកដែលបានផ្ដល់ដីឲ្យទៅ មន្ត្រីបរិស្ថាន លោកតាបានសាងផ្នួសជា ព្រះសង្ឃ យូរឆ្នាំណាស់មកហើយ៕