ពួកបច្ចាមិត្តសៀមបាញ់បានប្រហារបណ្ដាលឱ្យស្លាប់កងទ័ពខ្មែរម្នាក់នៅមុំបីស្រុកជាំក្សាន្ត

0
48

ព្រះវិហារៈ ពួកខ្មាំងប្រវត្តិសាស្ត្រ នៃបច្ចាមិត្ត ដែលបានចិញ្ចឹមចិត្តលេបទឹកដីកម្ពុជាមិនចេះឆ្អែតឆ្អន់ ទាហានជាតិនិយមជ្រុលថៃ បានបើកការបាញ់ប្រហារមុនមកលើ លេណដ្ឋានកងទ័ពកម្ពុជា ដែលឈរជើងរបស់ខ្លួនជាយូរលង់ណាស់មកហើយបណ្ដាលឱ្យបាត់បង់អាយុជីវិតកងទ័ពខ្មែរយើងម្នាក់ នៅវេលាម៉ោងជាង៥ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅ ភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខែត្រព្រះវិហារ។

ការប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា និងកងទ័ពថៃ នេះគឺយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលមានវាយត្រាក្រហមនៅផ្នែកខាងក្រោម ហើយត្រូវបានគេយកមកផ្សព្វផ្សាយជាសាធារណៈ។ យុទ្ធជនខ្មែរដ៏អង់អាចក្លាហានដែលបានពលីជីវិតនោះមានឈ្មោះ រោន បម្រើកងទ័ពនៅ វរលេខ៣៩៥នៃកងពលលេខ០៩មុំបី ស្រុកជាំក្សាន្ត ខែត្រព្រះវិហារ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ និងជា អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា « ថៃបញ្ហាខាងក្នុងខ្លួនឯង តែងរុញបញ្ហាមក ព្រំដែន បញ្ហាកើតមិនជាខុសគ្នាទេ។ កម្ពុជា ត្រូវការសន្ដិភាព និងមានភាពចាំបាច់ការពារឱ្យខាងតែបាន អធិបតេយ្យភាពផែនដី »។

ចំណែកលោក មៀច សុវណ្ណារ៉ា បានសរសេរសាររំលែកទុក្ខនៅលើ ទំព័រហ្វេសប៊ុក របស់ខ្លួននារសៀលថ្ងៃទី២៨ ខែឧសភា នេះថា « ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ វីរបុរសកងទ័ព បូជាជីវិតដើម្បីការពារបូរណភាពទឹកដី ខ្ញុំមិនគាំទ្រំឱ្យមានសង្គ្រាមបំផ្លាញជីវិតមនុស្សជាតិទេ ប៉ុន្តែខ្ញុំផ្ដល់គុណតម្លៃឥតគណនាដល់ ការលះបង់ជីវិតរបស់កងទ័ពកម្ពុជា »។

គួរបញ្ជាក់ថា មួយរយៈកន្លងមកនេះ ថៃកម្រើកចិត្តយ៉ាងខ្លាំងពី រឿងបញ្ហាព្រំដែន ជាមួយនឹង ប្រទេសកម្ពុជា ពិសេសនៅតំបន់ ប្រាសាទតាមាន់ ខែត្រឧត្តរមានជ័យ និងតំបន់ជាំក្សាន្ត ខែត្រព្រះវិហារ។ កាលពីខែមុនថៃបាន បិទច្រកអានសេះ ស្រុកជាំក្សាន្ត ជាឯកតោភាគីម្ដងរួចមកហើយ។ ប៉ុន្តែករណីនេះក៏មានការចរចាគ្នារវាងភាគីខ្មែរនិងថៃក៏ធ្វើឱ្យស្ថានការណ៍បានធូរស្រាលតែមួយរយៈពេលខ្លីប៉ុណ្ណោះកើតមានអរិភាពនឹងគ្នាទៀត៕