បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាកកំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្នស្ថិតនៅ ភូមិថ្មី (គិរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខែត្រកំពង់ស្ពឺ ក្នុងនោះដែរគឺកំពុងបង់រំលោះម៉ូតូ១គ្រឿងដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ។ ចំពោះប្រាក់ចំណូល និងសន្សំទាំងប្ដី និងប្រពន្ធ គឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះ។
គ្រួសារ ចៅស្រីតី មានសមាជិក៥នាក់រួមមានៈ ឪពុកឈ្មោះ សេង រិទ្ធ អាយុ៤០ឆ្នាំមុខរបរអ្នកបោចវល្លិ ដកផ្សិត និងស៊ីឈ្នួលប្រក់ដំបូលផ្ទះ។ ម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ៤៤ឆ្នាំមុខរបរលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើ ភ្នំគិរីរម្យ មានកូន៣នាក់ក្នុងបន្ទុកៈ ១)ឈ្មោះ ស៊ុន ស្រីល័ក្ខ ភេទស្រីអាយុ១៦ឆ្នាំឈប់រៀនថ្នាក់ទី៧។ ២)ឈ្មោះ ស៊ុន ដេវីត ភេទប្រុសអាយុ១០ឆ្នាំរៀនថ្នាក់ទី៣នៅសាលាដូងលើ ភ្នំគិរីរម្យ និង ៣)ឈ្មោះ ស៊ុន ស្រីតី ភេទស្រីអាយុ៤ឆ្នាំ (ចៅស្រីលក់ផ្កា) មិនទាន់ចូលរៀន។
ឪពុកម្ដាយ ចៅស្រីតី បានគោរពជម្រាបជូន សម្ដេចតេជោ ថា ចៅស្រី ស៊ុន ស្រីតី ជាកូនស្រីឆ្លាតចាប់តាំងពីពេលចេះនិយាយមកគឺនិយាយច្រើន ហើយតែងតែទារយកផ្កាដែលម្ដាយក្រងរួចទៅលក់នៅមាត់ផ្លូវជាមួយម្ដាយ។ ក្នុងខណៈនៃការគោរពជម្រាប សម្ដេចតេជោ ចៅស្រីតី បានជជែកលេងជាមួយ សម្ដេចតេជោ ជាច្រើន (វីដេអូនឹងផ្សាយជូននៅលើ TikTok)។
ដើម្បីសម្រួលដល់ការរស់នៅរបស់គ្រួសារ ចៅស្រីតី សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន១០,០០០ដុល្លារ និងប្រាក់រៀលចំនួន៣០លានរៀលដោយដាក់ចូលគណនីធនាគារឱ្យ។ សម្ដេចតេជោ ក៏នឹងផ្ដល់១លានរៀលក្នុង១ខែ (រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចម្ការដែលនៅខាងក្រោម ភ្នំគិរីរម្យ ជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និងអាចធ្វើចម្ការចញ្ចឹមសត្វបានពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀន។ ដោយ ឯកឧត្ដម សេង ទៀង នឹងទទួលរៀបចំកិច្ចការនេះ។
ចៅតី បានយកផ្កា៥កម្រងមកលក់ឲ្យខ្ញុំ ដែល១កម្រង៥ពាន់រៀល សុំចុះ៤ពាន់រៀលមិនព្រម ជូន៦ពាន់រៀលក៏មិនព្រម គឺដឹងតែ៥ពាន់រៀល សុំទិញជំពាក់លុយសិនក៏មិនព្រម។ នៅពេលឲ្យលុយ៥ម៉ឺនរៀលចៅថា រួចគ្នា។ ប្រាប់ថា ជំពាក់តា៥កម្រងត្រូវយកមកឲ្យតាទៀតចៅឆ្លើយថ្ងៃក្រោយយកមកលក់លើកក្រោយគិតលុយទៀត។ សម្ដីចាក់ទឹកមិនលិចគួរឲ្យស្រឡាញ់។ ឪពុកម្តាយប្រាប់ថា មិនបានបង្ខំចៅឲ្យទៅលក់ផ្កាទេតែ ចៅតី ទាមទារឲ្យឪពុកម្តាយធ្វើផ្កាដើម្បីយកទៅលក់ ដែលត្រូវកាត់យកពីម្តាយ៥០០រៀលក្នុង១កម្រង។
ខ្ញុំសួរ ចៅតី ថា ចង់ធ្វើអ្វីនៅពេលខាងមុខ ? ចៅតី ឆ្លើយថា (ចង់រៀន) ជាចម្លើយដែលធ្វើឲ្យខ្ញុំពេញចិត្តបំផុត។ ខ្ញុំបានរៀបចំដើម្បីបង្កើតមុខរបរសម្រាប់ក្រុមគ្រួសារ គឺការលក់ដូរ និងកសិកម្មដែល នឹងចាត់ចែងនាពេលខាងមុខ។ សូមជូនពរ ក្រុមគ្រួសារចៅស្រី ស៊ុន ស្រីតី ជោគជ័យសំណាងល្អ៕